សកម្មជន​បក្ស​សមរង្ស៊ី​ដែល​គេ​គំរាម​សម្លាប់​បារម្ភ​ពី​សុវត្ថិភាព

រឿង​ក្ដី​​សកម្មជន​គណបក្ស សម រង្ស៊ី ត្រូវ​គេ​គំរាម​សម្លាប់​នៅ​ខេត្ត​តាកែវ បាន​បញ្ចប់​ហើយ ក៏​ប៉ុន្តែ​ដើម​បណ្ដឹង​នៅ​​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន។

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា សមាជិក​គណបក្ស សម រង្ស៊ី ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ត្រូវ​បាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គំរាម​សម្លាប់។ មួយ​ថ្ងៃ​ក្រោយ​មក លោក ញ៉ិល ភាព បាន​ដាក់​ពាក្យ​ប្តឹង​​លោក តឹម យឿន ទៅ​អាជ្ញាធរ ដើម្បី​រក​ដំណោះ​ស្រាយ។

សំណុំ​រឿង​ប្ដឹងផ្ដល់​របស់​សមាជិក​គណបក្ស សម រង្ស៊ី ប្ដឹង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ឈាន​មក​ដល់​ទី​បញ្ចប់​តាំង​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​តម្រូវ​ឲ្យ​ចុង​ចម្លើយ​សារភាព​កំហុស និង​ធ្វើ​កិច្ច​សន្យា​ថា ឈប់​និយាយ​ពាក្យ​គំរាម​កំហែង​គេ​ទៀត។

ភាគី​ដើម​បណ្ដឹង លោក ញ៉ិល ភាព មាន​ប្រសាសន៍​ថា គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត បាន​កោះ​ហៅ​លោក និង​ចុង​ចម្លើយ​ជួប​គ្នា​ដើម្បី​ធ្វើ​ការ​សម្របសម្រួល។

លោក​បន្ត​ថា ភាគី​ម្ខាង​ទៀត​បាន​សារភាព​ទទួល​កំហុស ព្រម​ទាំង​ចុះ​កិច្ចសន្យា​ជា​លាយលក្ខណ៍​​អក្សរ​​ទៀត​ផង ប៉ុន្តែ​លោក​មិន​ទុក​ចិត្ត ១០០% នោះ​ឡើយ៖ «គាត់​បាន​ធ្វើ​កិច្ចសន្យា​ថា អត់​ធ្វើ​បែប​ហ្នឹង​ត​ទៅ​ទៀត។ ចិត្ត​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច។ ខ្ញុំ​នៅ​បន្ត​ដាក់​ពាក្យ​បណ្ដឹង​នៅ​ព្យួរ​នៅ​ប៉ុស្តិ៍​ហ្នឹង សម្រាប់​ថ្ងៃ​ក្រោយ​យើង​មាន​រឿង​អី​កើត​ឡើង​ចំពោះ​ខ្លួន​យើង យើង​អាច​យក​លិខិត​ទាំង​អស់​ហ្នឹង​មក​ធ្វើ​ជា​ភស្តុតាង»

លោក ញ៉ិល ភាព បាន​បន្ត​ថា ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រង់​ថា មន្ត្រី​គណបក្ស​ប្រជាជន​ឃុំ​នោះ​បាន​ហៅ​សាក្សី​នៅ​កន្លែង​កើត​ទំនាស់​ទៅ​សួរ​នាំ ​និង​បាន​បដិសេធ​ថា លោក ទឹម យឿន មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​ទៀត​ទេ។

ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត លោក សួន សុគន្ធ មាន​ប្រសាសន៍​ថា រឿង​នេះ​មិន​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ចុង​ចម្លើយ​ទេ ដោយ​ភាគី​គណបក្ស​ប្រជាជន​និយាយ​ដដែលៗ​ថា អ្នក​ណា​ធ្វើ​អ្នក​ហ្នឹង​ទទួល​ខុស​ត្រូវ។

លោក​បន្ត​ថា ការ​ព្រួយ​បារម្ភ​របស់​លោក ញ៉ិល ភាព ជា​រឿង​ត្រឹមត្រូវ៖ «ដាក់​តម្កល់​បណ្ដឹង​ដើម្បី​រក្សា​សុវត្ថិភាព​ទៅ​ថ្ងៃ​មុខ និង​ព្រមាន​ចុង​ចម្លើយ​កុំ​ឲ្យ​ធ្វើ​បែប​នេះ​ទៀត​ផង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ភាគី​ចុង​ចម្លើយ លោក ទឹម យឿន បាន​ទេ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​បាន​លើក​ឡើង​ថា លោក ទឹម យឿន ពិត​ជា​បាន​សារភាព​កំហុស​លើ​បញ្ហា​នេះ​ប្រាកដ​មែន។ រឿង​ក្ដីក្ដាំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ធានា​ថា ក្រុម​ខ្លួន​ហ្នឹង​ប្រើ​តួនាទី​ដោះ​ស្រាយ​ដោយ​សុក្រឹត​មិន​លំអៀង​ឡើយ។

លោក កឹម ណឹល ជា​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​រឿង​បុគ្គល។ យ៉ាង​ណា​ក៏ដោយ លោក​នឹង​ប្រើ​តួនាទី​ជា​មេ​ឃុំ​កោះ​ហៅ​ភាគី​ទាំង​ពី​មក​និយាយ​បន្ថែម​ទៀត​ដើម្បី​បំបាត់​ភាព​សៅហ្មង៖ «យើង​ខ្ញុំ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ទេ ព្រោះ​មាន​តួនាទី​ការពារ​ទាំង​អស់​តែម្តង យើង​នឹង​ហៅ​មក​ណែនាំ​បន្ថែម​ទៀត បើ​ចេះ​តែ​លើក​ឡើង​វា​មាន​បញ្ហា»

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​រវៀង លោក ស តារា មាន​ប្រសាសន៍​ថា លោក​បាន​តាមដាន និង​ស៊ើប​អង្កេត​រួច​រាល់​ហើយ វា​គ្រាន់​តែ​ជា​រឿង​យល់​ច្រឡំ។ លោក​បន្ត​ថា បើ​មាន​ករណី​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ក្រោយ​ទៀត លែង​ជា​រឿង​យល់​ច្រឡំ​ហើយ សមត្ថកិច្ច​នឹង​ធ្វើ​ការងារ​តាម​ច្បាប់ ហើយ​លោក​សូម​ឲ្យ​​ដើម​បណ្ដឹង​កុំ​មាន​ការ​បារម្ភ។

លោក ស តារា៖ «គេ​តម្កល់​នេះ គឺ​ការពារ​ករណី​កើត​មាន​អំពើ​ហិង្សា​ថ្ងៃ​ក្រោយ បើ​សិន​មាន​លើក​ក្រោយ​ នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

ទាក់​ទង​នឹង​ទំនាស់​នេះ ច្បាប់​បោះ​ឆ្នោត​មាត្រា​ទី​១៧៨​ថ្មី បាន​ចែង​ថា ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សាមី​ខ្លួន ឬ​លុប​ឈ្មោះ​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន ទៅ ២៥​លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជន​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ ដូចជា ញុះញង់​ឲ្យ​អ្នក​គាំទ្រ ឬ​អ្នក​បោះ​ឆ្នោត​​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន អំពើ​គំរាម​កំហែង​ទៅ​លើ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ដទៃ។ ធ្វើ​ការ​គាប​សង្កត់ ឬ​គំរាម​កំហែង ឬ​បង្ខំ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន ឬ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ចូល​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។