បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​គម្រោង​វិនិយោគ​ជាមួយ​លោក ថាក់ស៊ីន

គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា បាន​គំរាម​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឲ្យ​ប្រកាស​ជា​សាធារណៈ​នូវ​គម្រោង​វិនិយោគទុន​ប្រេងកាត និង​ឧស្ម័ន រវាង​កម្ពុជា និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) នៅ​ចុង​សប្ដាហ៍​នេះ។

0:00 / 0:00

មន្ត្រី​គណបក្ស សម រង្ស៊ី ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាព​ពី​កិច្ច​ព្រមព្រៀង និង​ការ​ការពារ​បូរណភាព​សមុទ្រ​កម្ពុជា។

ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​របស់​កាសែត​ថៃ កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា ថា លោក ថាក់ស៊ីន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​វិនិយោគទុន​​មួយ​ចំនួន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ និង ២០ ខែ​សីហា នេះ ដើម្បី​ចរចា​រឿង​បែងចែក​ផល​ប្រេង​កាត និង​ឧស្ម័ន ក្នុង​ឈូង​សមុទ្រ​ថៃ នៅ​ពេល​ដែល​ព្រំដែន​សមុទ្រ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា បាន​សម្ដែង​ការ​ស្វាគមន៍​គម្រោង​ធ្វើ​វិនិយោគ​ទុន​នៅ​កម្ពុជា ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា មិន​មែន​ដើម្បី​បុគ្គល ៖ «គោលការណ៍​សំខាន់​គឺ​កុំ​ឲ្យ​បាត់បង់​ដី​របស់​ខ្មែរ។ យើង​មាន​ក្របខ័ណ្ឌ​ច្បាប់​នៅ​អន្តរជាតិ យើង​ត្រូវ​ឲ្យ​អ្នក​ភូមិ​ផង​របង​យើង​គោរព​បូរណភាព​ទឹក​ដី​របស់​យើង។ សេចក្ដី​សម្រេច​ណា​ក៏ដោយ គឺ​មិន​ប៉ះពាល់​ដល់​ដី​យើង»

កាល​ពី​ដើម​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ក្រុមហ៊ុន​ឈ្មោះ ឆេវរ៉ុន (Chevron) សហរដ្ឋ​អាមេរិក ដែល​បាន​រក​ឃើញ​អណ្ដូង​ប្រេង​ចំនួន ៤​កន្លែង​ នៅ​បាត​សមុទ្ទ​កម្ពុជា ក្នុងខេត្ត​ព្រះសីហនុ។ ក្រុមហ៊ុន​នេះ​នឹង​បូម​យក​ដំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង ១២​យប់។

កាសែត​ថៃ​ផ្សាយ​បន្ត​ថា លោក ថាក់ស៊ីន អតីត​ទីប្រឹក្សា​​សេដ្ឋកិច្ច​កម្ពុជា និង​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ រៀបចំ​ផែនការ​សហការ​នឹង​កម្ពុជា ដើម្បី​បង្កើត​កិច្ច​ព្រមព្រៀង​ក្នុង​វិស័យ​ប្រេងកាត។ លោក​ចង់​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ថៃ ឈ្មោះ​ថា ភីធីធី (PTT) មាន​ភាគហ៊ុន​ក្នុង​វិនិយោគទុន​នេះ​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា ក្នុង​សប្ដាហ៍​នេះ លោក ថាក់ស៊ីន ក៏​គ្រោង​នឹង​​លេង​កីឡា​វាយកូនគោល​ជាមួយ​នឹង​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់។

រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បញ្ជាក់​ពី​វត្តមាន​លោក ថាក់ស៊ីន នៅ​កម្ពុជា នៅ​ឡើយ​ទេ។

លោក ទៀ បាញ់ កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​មាន​ព័ត៌មាន​ពី​ដំណើរ​ទស្សនកិច្ច​លោក ថាក់ស៊ីន នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ស្ដីពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ដែរ ប៉ុន្តែ​លោក ថាក់ស៊ីន នឹង​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​លោក​នៅ​អាស៊ី ដូច្នោះ​លោក​ប្រហែល​អាច​នឹង​មាន​វត្តមាន​នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន បន្ត​ទៀត​ថា រដ្ឋាភិបាល​នឹង​ប្ដេជ្ញា​ការពារ​ផលប្រយោជន៍ និង​បូរណភាព​កម្ពុជា ប្រសិន​បើ​មាន​កិច្ច​ព្រមព្រៀង​វិនិយោគ​ណា​មួយ​ជាមួយ​នឹង​ប្រទេស​ថៃ នៅ​ឈូង​សមុទ្រ​ថៃ ៖ «រាជរដ្ឋាភិបាល​ទទួល​បាន​ការ​សរសើរ និង​លើក​ទឹក​ចិត្ត​អំពី​ប្រុងប្រយ័ត្ន​ការ​ចរចា ដូចជា​លទ្ធផល​ឃើញ​ស្រាប់​ហើយ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​នៅ​ក្នុង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក វិស័យ​ព្រះវិហារ និង​វិស័យ​ដទៃ​ទៀត រដ្ឋាភិបាល​មាន​ពិសោធន៍​គ្រប់គ្រាន់»

រដ្ឋាភិបាល​ថៃ កាល​ពី​ខែ​សីហា បាន​ប្រកាស​ពី​គោលបំណង​ក្នុង​ការ​ចរចា​ឡើង​វិញ​ជុំវិញ​បញ្ហា​តំបន់​ត្រួត​ស៊ី​គ្នា​នៅ​ឈូង​សមុទ្រ​ថៃ ក្រោយ​ពេល​ដែល​បញ្ហា​នេះ​បាន​ពន្យារ​ពេល​អស់​រយៈពេល ៥​ឆ្នាំ​រួច​មក​ហើយ។

កម្ពុជា និង​ថៃ បាន​បង្កើត​អនុស្សរណៈ​យោគយល់​គ្នា កាល​ពី​ឆ្នាំ​២០០១ អំពី​គម្រោង​រៀបចំ​រួម​គ្នា​នៅ​លើ​តំបន់​ឈូង​សមុទ្រ​ត្រួត​ស៊ី​គ្នា។ កិច្ច​ព្រមព្រៀង​នេះ​បាន​ខកខាន​មិន​បាន​សម្រេច ដោយសារ​តែ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល លោក ថាក់ស៊ីន កាល​ពី​ឆ្នាំ​២០០៦។ អនុស្សរណៈ​យោគយល់​គ្នា​ត្រូវ​បាន​អតីត​រដ្ឋាភិបាល​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​លុប​ចោល​កាល​ពី​ឆ្នាំ​២០០៩ នៅ​ពេល​ដែល​លោក ថាក់ស៊ីន ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា តែងតាំង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​ខ្លួន៕