សេចក្តីថ្លែងការណ៍នោះបានហៅការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ថាជាការគំរាមមួយទៅដល់អ្នកបោះឆ្នោត គាបសង្កត់ឲ្យមានការបោះឆ្នោតឲ្យគណបក្សប្រជាជន ដែលជាទង្វើមិនស្របច្បាប់ នាំឲ្យមានការអាប់អួរដល់បរិយាកាសសង្គម ។
លោក អេង ឆៃអ៊ាង អគ្គលេខាធិការគណបក្ស សមរង្ស៊ី មានប្រសាសន៍យ៉ាងដូច្នេះ ៖ «កាលណានាយករដ្ឋមន្ត្រីមានប្រសាសន៍បែបហ្នឹង វាធ្វើឲ្យប្រជារាស្ត្រមានការភិតភ័យ ដល់ភិតភ័យ ដូច្នេះ ប្រជារាស្ត្រមិនអាចធ្វើការសម្រេចទៅតាមឆន្ទៈរបស់ខ្លួនទេ គេធ្វើសេចក្ដីសម្រេចទៅតាមអ្វីនៃសេចក្ដីគំរាមកំហែងហ្នឹង» ។
កាលពីថ្ងៃអង្គារកន្លងទៅ នៅក្នុងការសម្ពោធបណ្ណាល័យនៅខេត្តក្រចេះ លោក ហ៊ុន សែន បាននិយាយទៅកាន់ពលរដ្ឋដោយចំហ ទាក់ទងនឹងការអភិវឌ្ឍនិងសមទ្ធិផលដែលលោកធ្វើបាន ថា បើគណបក្សប្រជាជនបាត់បង់អំណាចនៅពេលខាងមុខ អស្ថិរភាពអាចនឹងកើតមាន ហើយបើសិនជាប្រជាពលរដ្ឋនៅតែគាំទ្រលោក និងបោះឆ្នោតឲ្យគណបក្សប្រជាជន នោះសភាពការណ៍នឹងនៅដដែល មិនចាំបាច់រត់ចូលត្រង់សេរ ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បដិសេធថា នោះមិនមែនជាការគំរាមទេ ប៉ុន្តែ ការថ្លែងបែបនេះ ធ្វើឡើងដោយបន្តភ្ជាប់ទៅនឹងប្រសាសន៍របស់លោក សម រង្ស៊ី កន្លងមក ដែលតែងលើកថា នៅពេលលោកឈ្នះឆ្នោត លោកនឹងសើរើដីធ្លី និងការវិនិយោគទាំងឡាយ ហើយទាំងអស់នេះត្រូវគេគិតថា នាំឲ្យមានបញ្ហាជាថ្មីក្នុងសង្គមខ្មែរ ៖ «យុវជនដែលគាំទ្រគណបក្សសមរង្ស៊ីបានជាយុវជនស្នេហាជាតិ យុវជនណាដែលគាំទ្រគណបក្សប្រជាជនសុទ្ធតែយុវជនយួន ។ អ៊ីចឹង សម្ដេច ហ៊ុន សែន គ្រាន់តែបង្ហើយអ្វីដែលជាផលវិបាក បើសិនជាលោក សម រង្ស៊ី ឈ្នះវិញទេតើ! គាត់ [សម រង្ស៊ី] ទេ ដែលគំរាមកំហែងគេ បានន័យថា បើអ្ហែងមិនចូលអញទេ បានន័យថា អ្ហែងជាពួកយួន ។ អ៊ីចឹង កាលណាអញឈ្នះ អ្ហែងអត់មានកន្លែងនៅតែម្ដង» ។
លោក ហង្ស ពុទ្ធា អ្នកឃ្លាំមើលការបោះឆ្នោតនៃអង្គការ និកហ្វិច អត្ថាធិប្បាយថា ពេលវេលានៃការឃោសនារកសំឡេងឆ្នោតមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែ គេសង្កេតឃើញក្រុមអ្នកនយោបាយបានចាប់ផ្តើមវាយប្រហារគ្នាជាបណ្តើរៗហើយក្នុងខែនេះ ។
លោកនាយករដ្ឋមន្ត្រី ត្រូវបានគេសំគាល់ឃើញថា បានប្រើវេទិកាក្នុងការរិះគន់គណបក្សដទៃ និងមេបក្សដទៃជាញឹកញាប់ នាប៉ុន្មានថ្ងៃនេះ ។
លោក ហង្ស ពុទ្ធា បានបន្តថា អ្នកនយោបាយដែលកំពុងធ្វើបែបនេះ គឺជាទង្វើ ខុសច្បាប់ដែលនាំឲ្យប្រជាពលរដ្ឋនឿយណាយនឹងការបោះឆ្នោត ៕
