តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី មូរ សុខហួរ នៅថ្ងៃទី១៦ ខែសីហានេះ បានប្រកាសឲ្យដឹងថា លោកស្រីប្រើប្រាស់ថវិកាចំនួនជាង ២លានរៀល ក្នុងចំនួនថវិកាសរុបជាង ៧លានរៀល ដើម្បីជួលមេធាវី ការពារក្តីឲ្យសកម្មជនគណបក្សនេះ គឺលោកស្រី ទ្បែន ណាត រងការចាប់ខ្លួនកាលពីថ្ងៃទី១០ ខែសីហាថ្មីៗនេះ ដោយគ្មានដីកាចោទ និងដីកាចាប់ខ្លួនឡើយ ពីតុលាការខេត្តកំពង់ធំ។
ថវិកាចំនួនជាង ៧លានរៀលនោះ គឺបានមកពីការរៃអង្គាសគ្នា សម្រាប់សងជំងឺចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកស្រីបានចាញ់ក្តីកន្លងមក។
ក្រុមគ្រួសាររបស់លោកស្រី ទ្បែន ណាត ដែលមានសមាជិកចំនួន៩នាក់ បានធ្វើសន្និសីទកាសែតរួមគ្នា នៅថ្ងៃទី១៦ ខែសីហានេះ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកស្រី ទ្បែន ណាត នោះវិញ ដោយសារឯកសារស្នាមផ្ដិតមេដៃពិតប្រាកដកំពុងតែរក្សាទុកនៅក្នុងគ្រួសាររបស់ពួកគាត់ គឺគ្មានឯកសារក្លែងបន្លំនោះទេ។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី មូរ សុខហួរ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៦ ខែសីហានេះថា ថវិកាដែលប្រមូលបានសម្រាប់សងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរតនាគារនោះ គឺបង្វែរមកជួយលោកស្រី ទ្បែន ណាត វិញ លើសេវាជួលមេធាវី ៖ «ដោយសារមានថវិកាហ្នឹង ទើបយើងបានមេធាវីទាន់ពេលវេលា»។
មេធាវីការពារក្ដីឲ្យលោកស្រី ទ្បែន ណាត គឺលោក ជូង ជូងី បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្ដឹងទាស់ កាលពីថ្ងៃទី១២ ខែសីហាថ្មីៗនេះ ទៅតុលាការសាលាឧទ្ធរណ៍ ដើម្បីឲ្យដោះលែងកូនក្ដីនោះវិញ ប៉ុន្តែលោកមិនទាន់បានទទួលចម្លើយនៅឡើយទេ ៖ «អត់មានបទល្មើសក្លែងស្នាមមេដៃដូចការចោទប្រកាន់នោះទេ។ ទី២ នៅពេលដែលសមត្ថកិច្ចទៅចាប់ខ្លួន គាត់អត់មានដីកាចាប់ខ្លួនពីតុលាការទេ ហើយទី៣ គឺការឃាត់ខ្លួនរបស់សមត្ថកិច្ចនោះ គឺអត់មានការឯកភាព ជាលាយលក្ខណ៍អក្សរពីព្រះរាជអាជ្ញាទេ»។
សកម្មជនគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី ទ្បែន ណាត អាយុ៤៧ឆ្នាំ នៅក្នុងភូមិលាបទួង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបាននគរបាលមូលដ្ឋាន ១១នាក់ ប្រដាប់ដោយអាវុធចំនួន៤ដើម បានមកព័ទ្ធចាប់ខ្លួន កាលពីថ្ងៃទី១០ ខែសីហាថ្មីៗនេះ ដោយគ្មានដីកាចាប់ខ្លួន និងដីកាចោទពីតុលាការទេ។
លោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងគុកខេត្តកំពង់ធំ ហើយដីកាចាប់ខ្លួន និងដីកាចោទប្រកាន់អំពីបទក្លែងបន្លំស្នាមផ្ដិតមេដៃនោះ ត្រូវបានតុលាការចេញជាក្រោយ។ នេះបើតាមការអះអាងរបស់មេធាវី។
កូនស្រីរបស់លោកស្រី ទ្បែន ណាត ឈ្មោះ ហៀរ ស្រីតូច អាយុ២៥ឆ្នាំ នៅក្នុងសន្និសីទកាសែតនោះ បានថ្លែងថា ៖ «សូមឲ្យតុលាការជួយដោះលែងម្ដាយខ្ញុំ»។
មន្ត្រីអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក គៀត ចន្ថារិទ្ធ បានមានប្រសាសន៍ថា ក្នុងករណីដែលសមត្ថកិច្ចមូលដ្ឋានបានចាប់ខ្លូងប្រជាពលរដ្ឋ ដោយគ្មានដីកា ឬបទចោទត្រឹមត្រូវបែបនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងពិនិត្យ បើសិនណាមានពាក្យបន្តឹង ឬរបាយការណ៍មក។
ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងសមរង្ស៊ី លោកស្រី ទ្បែន ណាត ថ្មីៗនេះ ត្រូវបានក្រុមគ្រួសារពណ៌នាថា គឺដោយសារតែលោកស្រីបានចេញមុខទាមទារដីធ្លីជាង ៣០០ហិកតារ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ តាំងពីឆ្នាំ២០០៧មក ដោយបានចោទប្រកាន់ថា មេឃុំទ្រា លោក មិន ផាត និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត បានឃុបឃិតគ្នារឹបយកដីស្រែនោះ លក់ឲ្យឈ្មួញ។ ប៉ុន្តែលោក មិន ផាន កន្លងមកបានបដិសេធការចោទប្រកាន់នេះ៕