ជំទប់​ឃុំ​បក្ស សម រង្ស៊ី បដិសេធ​មិន​ចូល​រួម​ពិធី​តែងតាំង​តំណែង

ពិធី​តែងតាំង​ក្រុម​ប្រឹក្សា​ឃុំ ចូល​កាន់​តំណែង ឬ​ហៅ​ថា​ការ​ប្រកាស​សុពលភាព​ក្រុម​ប្រឹក្សា នៅ​ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៧ ខែ​កក្កដា ត្រូវ​ជំទប់​ឃុំ មក​ពី​គណបក្ស សម រង្ស៊ី បដិសេធ​ក្នុង​ការ​ចូល​រួម។
ដោយ អ៊ុក សាវបូរី
2012-07-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ស៊ិន សារឿន ជា​ជំទប់​ទី២ ឃុំ​ធ្លក ឲ្យ​ដឹង​ថា បាន​ជា​គាត់​បដិសេធ​ក្នុង​ការ​ចូលរួម​ការ​តែងតាំង​នោះ ពីព្រោះ​មន្ត្រី​របស់​រាជរដ្ឋាភិបាល ធ្វើ​ការ​នៅ​ស្រុក​ទ្រាំង ដែល​ចុះ​មក​តែងតាំង​ពួក​គាត់ ៩​នាក់ ឲ្យ​ចូល​កាន់​តំណែង​នៅ​ឃុំ​ធ្លក នា​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កក្កដា បាន​យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ប្រារឰ​ពិធី​ប្រកាស​តែងតាំង។

លោក​ថា ទីតាំង​សាលា​ឃុំ​មាន ដូច្នេះ​ពិធី​នេះ​គួរ​តែ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​សាលា​ឃុំ មិន​គួរ​យក​ទីស្នាក់ការ​គណបក្ស​នយោបាយ​ផ្សេង​ប្រារព្ធ​ទេ៖ «ព្រោះ​ខ្ញុំ​យល់​ថា ប្រហែល​ជា​កេង​ចំណេញ​ហើយ។ ព្រោះ​នៅ​ក្នុង​សាលា​ឃុំ​យើង ខ្ញុំ​ធ្លាប់​ធ្វើ​ការ​កន្លង​មក​នៅ​អាណត្តិ​ទី​២ ខ្ញុំ​ជា​សមាជិក​ក្រុម​ប្រឹក្សា យើង​ប្រជុំ​មួយ​ភូមិ ប្រចាំ​ខែ ឲ្យ​មេភូមិ​មក បីៗ​នាក់ យើង​គុណ​ទៅ ១៨​ភូមិ ម៉េច​ក៏​យើង​អង្គុយ​មិន​ចង្អៀត​ផង ម៉េច​ក៏​ថ្ងៃ​នេះ មនុស្ស​មិន​ច្រើន​ដូច​ប្រជុំ​ផង ម៉េច​ក៏​ចាំបាច់​ទៅ​ប្រកាស​សុពលភាព នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​នោះ»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ទេព នីថា ថ្លែង​ថា ការ​ប្រកាស​តែងតាំង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ជាប់​ឆ្នោត​ថ្មី ជា​តួនាទី​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ។ ចំពោះ​ទីតាំង និង​កន្លែង​ប្រារព្ធ​ពិធី ក៏​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែរ​ជា​អ្នក​ចាត់​ចែង គឺ​ហួស​សមត្ថភាព​របស់ គ.ជ.ប ហើយ។

អតីត​មេឃុំ​ធ្លក បច្ចុប្បន្ន​ជា​ក្រុម​ប្រឹក្សា​ឃុំ​ធ្លក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ហេង សុគន្ធារី ថ្លែង​ថា អគារ​ដែល​អាជ្ញាធរ​ស្រុក​ទ្រាំង មក​ប្រកាស​តែងតាំង​ពួក​គាត់​នោះ ជា​អគារ​ធម្មតា មិន​មែន​ជា​អគារ​របស់​គណបក្ស​ណា​មួយ​ទេ។ បើ​យក​ទីតាំង​សាលា​ឃុំ ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង វា​តូច​ចង្អៀត និង​ចាស់​ទ្រុឌទ្រោម៖ «ការ​ដែល​ធ្វើ​នេះ យើង​អត់​មាន​រូប​សញ្ញា​អី​សម្គាល់​ទេ គឺ​ជា​អគារ​មួយ​ដែល ស ស្អាត តែ​ប៉ុណ្ណឹង​ទេ។ គឺ​មាន​តែ​អគារ​ទេ អត់​មាន​សញ្ញា​គណបក្ស​មួយ​ទេ»

ជំទប់​ទី​១ ឃុំ​ធ្លក មក​ពី​គណបក្ស សិទ្ធ​មនុស្ស លោក មុំ ប្រុស ដែល​ទើប​ជាប់​ឆ្នោត​លើក​ដំបូង​នោះ ថ្លែង​ថា គាត់​បាន​ចូល​រួម​ទទួល​ការ​តែងតាំង​នៅ​ក្នុង​ទីតាំង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សៅរ៍។ ព្រោះ​មន្ត្រី​មក​ប្រកាស​នោះ​ប្រាប់​ថា គ្មាន​ប្រាក់​សម្រាប់​ជួល​រោង ដើម្បី​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ទេ។

លោក​បន្ត​ថា នៅ​ពេល​ដឹង​ថា​ជា​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ដំបូង​គាត់​ក៏​បដិសេធ​ដែរ ប៉ុន្តែ​គេ​ថា គ្រាន់​តែ​ខ្ចី​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ពិធី​ទេ រីឯ​ស្លាក​សញ្ញា​គណបក្ស គេ​នឹង​បិទ​ក្រណាត់​មិន​ឲ្យ​ឃើញ​ឈ្មោះ​គណបក្ស​នោះ​ឡើយ៖ «ព្រោះ​កន្លែង​នេះ ជា​ទីតាំង​របស់​គណបក្ស​នយោបាយ​របស់​គណបក្ស​កាន់​អំណាច គណបក្ស​ប្រជាជន​តែ​ម្តង។ ហើយ​ខ្ញុំ​ក៏​ពិចារណា​ទៅ​ថា ចុះ​កន្លែង​នេះ​ជា​ទីតាំង​របស់​គណបក្ស ហេតុ​អី​បាន​ជា​យក​ទៅ​ប្រកាស​សុពលភាព​នៅ​កន្លែង​ហ្នឹង? គាត់​ថា មក​ពី​ខ្វះ​ថវិកា​ជួល​រោង។ ប៉ុន្តែ​គាត់​បាន​បិទ​ស្លាក​របស់​គណបក្ស យក​ក្រណាត់​ទៅ​រុំ​បិទ មិន​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ឃើញ​ទេ។ ហើយ​ខ្ញុំ​មិន​ប្រកាន់​អី​ទេ បើ​គេ​ហៅ​ទៅ​ចូល​រួម ក៏​ទៅ​ចូល​រួម​ទទួល​នឹង​គេ​ទៅ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​អភិបាល​ស្រុក​ទ្រាំង ជំរាប​សួរ​ព័ត៌មាន​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែ​កក្កដា។

ក្រុម​ប្រឹក្សា​ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្ត​តាកែវ ដែល​រៀបចំ​ចូល​កាន់​តំណែង​អាណត្តិ​ទី​៣ មាន​ចំនួន ៩​រូប គឺ​៧​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ១​រូប មក​ពី​គណបក្ស សិទ្ធ​មនុស្ស និង​១​រូប មក​ពី​គណបក្ស សម រង្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

It doesn't matter where the inauguration ceremony is,it's matter who work or how you work there.The most important thing is everyone of you stick to your political platform and keep your promises

Jul 07, 2012 09:02 PM