បក្ស​សមរង្ស៊ី​លុប​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ខ្លួន​ខ្លះ​ចេញ​ពី​បញ្ជី​បក្ស

គណបក្ស សម រង្ស៊ី បាន​ប្រកាស​លុប​ឈ្មោះ​មន្ត្រី​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​ចេញ​ពី​បញ្ជី​បក្ស​ដោយ​ចោទ​ថា មន្ត្រី​បក្ស​ទាំង​នោះ​អសកម្ម ​មិន​បាន​ធ្វើ​ការងារ​បម្រើ​បក្ស។

សេចក្ដី​ជូន​ដំណឹង​របស់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​៧ តុលា បាន​បង្ហាញ​ឈ្មោះ​មន្ត្រី​បក្ស​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​នោះ មាន​លោក វ៉ាន់ ស៊ីវឿន ជា​សមាជិក​ព្រឹទ្ធ​សភា និង​លោក តុ វ៉ាន់ចាន់ ជា​សមាជិក​សភា និង​លុប​ឈ្មោះ​លោក ហុក លីហាក់ អតីត​មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​មួយ​ក្នុង​ខេត្ត​កំពង់ចាម។

សាមី​ខ្លួន​ដែល​បក្ស សម រង្ស៊ី បាន​លុប​ឈ្មោះ​ បាន​បដិសេធ​រៀងៗ​ខ្លួន​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​បក្ស​បាន​ចោទ​ប្រកាន់​នោះ​ទេ។
លោក វ៉ាន់ ស៊ីវឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ តុលា ថា លោក​ត្រូវ​បាន​បក្ស សម រង្ស៊ី ថា​ជា​ខ្សែ​រយៈ​លោក ម៉ៅ មុន្នីវណ្ណ ដែល​បាន​ចាក​ចេញ​បី​បក្ស សម រង្ស៊ី ទៅ​ចូល​បក្ស​សិទ្ធិ​មនុស្ស​កន្លង​ទៅ។

លោក​បញ្ជាក់​ថា ទោះ​យ៉ាង​នេះ​ក្ដី លោក​មិន​សុខ​ចិត្ត​​បោះបង់​អាជីព​នយោបាយ​នៅ​ពេល​នេះ​ទេ ហើយ​លោក​កំពុង​សម្លឹង​មើល​បក្ស​នយោបាយ​ផ្សេង​ទៀត​ដើម្បី​បន្ត ៖ «ខ្ញុំ​ប្រហែល​ទៅ​ចូល​គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​សិទ្ធិ​មនុស្ស​ហើយ។ ត្រូវ​តែ​ពិចារណា​ខ្លួន​ឯង។ ខ្ញុំ​សិក្សា​មើល​ទៅ​ថា​តើ​គណបក្ស​ណា​ដែល​បម្រើ​ជាតិ និង​ប្រជាជន»

ចំណែក​លោក ហុក លីហាក់ ក៏​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ ៖ «បាទ! ខ្ញុំ​អត់​តវ៉ា​ទេ​បាទ! ខ្ញុំ​ចូល​គណបក្ស​ផ្សេង។ ខ្ញុំ​ចូល​គណបក្ស​សិទ្ធិ​មនុស្ស»

ប្លែក​ពី​ជំហរ​របស់​មន្ត្រី​ទាំង​ពីរ​នេះ លោក តុ វ៉ាន់ចាន់ អតីត​តំណាងរាស្ត្រ មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​បក្ស បើ​ទោះ​ដី​ជា​បក្ស សម រង្ស៊ី ដេញ​លោក​ចេញ​ពី​បក្ស​យ៉ាង​ណា​ក្ដី។

លោក​អះអាង​ថា លោក​នឹង​ប្ដឹង​រឿង​នេះ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​ពិនិត្យ​មើល​លក្ខន្តិកៈ​របស់​គណបក្ស និង​ប្ដឹង​ទៅ​តុលាការ​ឲ្យ​ជួយ​ដោះស្រាយ ៖ «សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ អារម្មណ៍​ខ្ញុំ ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទាំង​អស់ ដែល​គេ​ចោទ​មក​លើ​ខ្ញុំ។ មក​ដល់​ពេល​នេះ អារម្មណ៍​ខ្ញុំ ខ្ញុំ​នៅ​តែ​ជា​សមាជិក​គណបក្ស សម រង្ស៊ី ព្រោះ​ថា ខ្ញុំ​នឹង​សុំ​ស្ថាប័ន​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ»

ទាក់ទង​មន្ត្រី​បក្ស សម រង្ស៊ី ខេត្ត​កំពង់ចាម ដែល​ត្រូវ​បក្ស​លុប​ឈ្មោះ​ចោល​ហើយ​ទៅ​ចូល​រួម​បក្ស​សិទ្ធិ​មនុស្ស​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។

ការ​សម្រេច​លុប​ឈ្មោះ​មន្ត្រី​ប៉ុន្មាន​នាក់​នេះ បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ដែល​មាន​លោក សម រង្ស៊ី ចូល​រួម​តាម​រយៈ​វីដេអូ​ខនហ្វេរឹន (Video Conference) ពី​ប្រទេស​បារាំង។

ក្នុង​ពេល​នោះ​ដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី បាន​សម្រេច​ព្យួរ​តំណែង​មន្ត្រី​បក្ស ៤​ នាក់​ផ្សេង​ទៀត​នៅ​ខេត្ត​កំពង់ចាម តែ​មិន​បាន​ប្រាប់​ឈ្មោះ​មន្ត្រី​ទាំង ៤​នាក់​នោះ​ទេ។

ចំពោះ​រឿង​បណ្ដេញ​មន្ត្រី​បក្ស​ចេញ​នេះ លោក យឹម សុវណ្ណ មន្ត្រី​បក្ស សម រង្ស៊ី បាន​បញ្ជាក់​ថា លោក​ក៏​មាន​ការ​សោកស្ដាយ​ដែរ តែ​នេះ​គឺ​ជា​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​បក្ស សម រង្ស៊ី ខ្លាំង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នៅ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​នេះ ៖ «បាត់បង់​សមាជិក​ម្នាក់ គឺ​ជា​ការ​បាត់បង់​គ្រួសារ​មួយ។ សមាជិក​នៅ​ក្នុង​គ្រួសារ​ដូច​ជា​សមាជិក​នៅ​ក្នុង​គណបក្ស​អ៊ីចឹង! ខ្ញុំ​មាន​ការ​ក្រៀមក្រំ មាន​ការ​សោក​ស្ដាយ។ ក៏ប៉ុន្តែ​ការ​សម្រេច​នយោបាយ​ចៀស​មិន​ផុត​ក្នុង​កាលៈទេសៈ​ខ្លះ ដើម្បី​ឲ្យ​បក្ស​រីក​ចម្រើន​ទៅមុខ ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព»

ការ​បណ្ដេញ​ចេញ​មន្ត្រី​បក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម ដែល​ជា​ខេត្ត​មួយ​ធំ​ជាង​គេ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បក្ស សម រង្ស៊ី បាន​បណ្ដេញ​លោក ម៉ៅ មុន្នីវណ្ណ ជា​មន្ត្រី​បក្ស​ខេត្ត​កំពង់ចាម ដូច​គ្នា​នេះ និង​មន្ត្រី​មួយ​ចំនួន​ទៀត​កាលពី​ខែ​មីនា​ឆ្នាំ​២០១១។ ក្រោយ​មក​មន្ត្រី​ទាំង​នោះ​បាន​ទៅ​ចូល​បក្ស​សិទ្ធិ​មនុស្ស។​

លើក​នេះ បើ​ទោះ​បី​ជា​សេចក្ដី​ជូន​ដំណឹង​របស់​បក្ស សម រង្ស៊ី មិន​បាន​ចោទ​ចំ​ៗ​ថា ​មន្ត្រី​ទាំង​នោះ​មាន​ការ​ពាក់ព័ន្ធ​នយោបាយ​ក្បត់​បក្ស​ជាមួយ​លោក ម៉ៅ មុន្នីវណ្ណ យ៉ាង​ណា​ក្ដី ក៏​អ្នក​វិភាគ​នយោបាយ​ខ្លះ​ជឿ​ថា បក្ស សម រង្ស៊ី កំពុង​បោសសម្អាត​ផ្ទៃ​ក្នុង​បក្ស​ដែល​​សង្ស័យ​ថា​ ពួកគេ​មិន​ស្មោះត្រង់។

លោក ម៉ៅ មុន្នីវណ្ណ ដែល​ពេល​នេះ​ក្លាយ​ជា​សមាជិក​បក្ស​សិទ្ធិ​មនុស្ស​ដូច​ដែល​បក្ស សម រង្ស៊ី បាន​ចោទ​ប្រកាន់​កន្លង​មក​នោះ​ថ្លែង​ថា បក្ស សម រង្ស៊ី កំពុង​ប្រើ​ទ្រឹស្ដី​កុម្មុយនិស្ត​ប្រទេស​ចិន បែប​លទ្ធិ​ម៉ៅ មក​បង្ក្រាប​អ្នក​នយោបាយ​ខ្មែរ​ខ្សែ ម៉ៅ មុន្នីវណ្ណ ដែល​លោក​បាន​ប្រៀប​ប្រដូច​គោល​នយោបាយ​របស់​បក្ស សម រង្ស៊ី បច្ចុប្បន្ន ដូច​ទៅ​នឹង​របប ប៉ុល ពត។

យ៉ាង​ណា​មិញ នៅ​ពេល​នេះ​គណបក្ស សម រង្ស៊ី មាន​កៅអី​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា ប្រៀបធៀប​ទៅ​នឹង​បក្ស​សិទ្ធិ​មនុស្ស ពោល​គឺ​បក្ស សម រង្ស៊ី មាន​កៅអី ២៦ ហើយ​បក្ស​សិទ្ធិ​មនុស្ស​មាន ២​កៅអី។ ក៏ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ខ្លះ​ថ្លែង​ថា គេ​មិន​អាច​ទស្សន៍ទាយ​ប្រជាប្រិយភាព​បក្ស​នយោបាយ​ពីរ​នេះ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ប្រហាក់ប្រហែល​គ្នា​នេះ​បាន​ទេ ថា តើ​បក្ស សម រង្ស៊ី ដែល​មាន​វ័យ​នយោបាយ​ចាស់​ជាង​បក្ស​សិទ្ធិ​មនុស្ស ដែល​ទើប​បង្កើត​នោះ មួយ​ណា​ខ្លាំង​ជាង​មួយ​ណា​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ?