មូលហេតុ​ចំនួន​មេ​ឃុំ​បក្ស​សម​រង្ស៊ី​កើន​ឡើង​នៅ​ខេត្ត​ព្រះវិហារ

លទ្ធផល​ការ​បោះ​ឆ្នោត​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាល​ពី​ខែ​មិថុនា កន្លង​ទៅ បាន​បង្ហាញ​ថា ចំនួន​អាសនៈ​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រះវិហារ បាន​កើន​ឡើង។
ដោយ កែវ និមល
2012-08-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាង​ពលរដ្ឋ នៅ​ស្រុក​ជាំក្សាន្ត ៣០៥
តំណាង​ពលរដ្ឋ ៣១៩​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ តវ៉ា និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២។
RFA/Morm Moniroth

មន្ត្រី​គណបក្ស សម រង្ស៊ី អះអាង​ថា មូលហេតុ​ចំនួន​មេឃុំ​បក្ស​នេះ​កើន​ឡើង គឺ​ដោយសារ​​តែ​ទំនាស់​ដី​នៅ​ក្នុង​ខេត្ត​នេះ​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​អស់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​បក្ស​ប្រជាជន ​រួច​ងាក​មក​រក​បក្ស សម រង្ស៊ី វិញ។ តែ​ទោះ​យ៉ាង​ណា​ចំនួន​កើន​ឡើង​នេះ មាន​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​​​​ជាមួយ​សមាជិក​បក្ស​ប្រជាជន។

ខេត្ត​ព្រះវិហារ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ជាប់​ព្រំដែន​ប្រទេស​ថៃ និង ឡាវ។ ប្រជាពលរដ្ឋ​ខេត្ត​ព្រះវិហារ ភាគ​ច្រើន​ជា​ជន​ជាតិ​ភាគ​តិច​ដែល​ប្រកប​របរ​ធ្វើ​ស្រែ និង​ចំការ នៅ​លើ​ដី​ដែល​មាន​សណ្ឋាន​ជា​ខ្ពង់​រាប។

នៅ​ក្នុង​ចំណោម​ឃុំ សង្កាត់ របស់​ខេត្ត​ព្រះវិហារ ចំនួន ៥១ មាន​ឃុំ​ចំនួន ៧ មាន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី។ ចំនួន​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នេះ បាន​កើន​ឡើង​ពី ២ ឃុំ ក្នុង​អាណត្តិ​ទី​២ មក​ចំនួន ៧​ឃុំ នៅ​ក្នុង​ការ​បោះ​ឆ្នោត​រើស​មេ​ឃុំ ចៅ​សង្កាត់​អាណត្តិ​ទី​៣។ ចំនួន​ឃុំ​ទាំង ៧ ក្នុង​ចំណោម ៥១​ឃុំ សង្កាត់ ទូទាំង​ខេត្ត នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ប៉ុន្តែ​បើ​និយាយ​ពី​តួលេខ​កំណើន​ពី ២ ឃុំ​ទៅ ៧​ឃុំ គឺ​ជា​តួលេខ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

លោក ស៊ាង សួនឌឿន តំណាង​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​កើន​ចំនួន​អាសនៈ និង​តំណែង​មេ​ឃុំ​របស់​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រះវិហារ នេះ បាន​មក​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ និង​ឃោសនា​របស់​សមាជិក​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​ព្រះវិហារ​ផង និង​ដោយសារ​ការ​កើន​ជំនឿ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស សម រង្ស៊ី ផង។

លោក ស៊ាង សួនឌឿន៖ «បញ្ហា​ដែល​យើង​យក​បាន ៧ ឃុំ​ទៀត​នេះ តាម​ពិត​ផ្ដើម​ចេញ​ពី​ការ​រួបរួម​កម្លាំង​គ្នា​រឹង​មាំ ហើយ​យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទៅ​រក​សំឡេង​ឆ្នោត​ទាល់​តែ​យើង​មាន​ការ​រឹង​មាំ អត់​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង។ យើង​បាន​អំពាវនាវ​ឲ្យ​បង​ប្អូន​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី ដើម្បី​រំដោះ​បង​ប្អូន​ឲ្យ​ផុត​ការ​អត់​ឃ្លាន ភិតភ័យ បាត់បង់​ដីធ្លី។ នេះ​ជា​គោលការណ៍​យើង​បាន​លើក»

លោក ស៊ាង សួនឌឿន បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​កើន​ឡើង ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស សម រង្ស៊ី ថា គណបក្ស សម រង្ស៊ី មាន​ការ​សន្យា និង​បាន​លើក​យក​បញ្ហា​កើត​ឡើង​ប្រចាំ​ថ្ងៃ ប៉ះពាល់​ប្រយោជន៍​ប្រជាពលរដ្ឋ​មក​ពន្យល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​បោះ​ឆ្នោត​ឲ្យ។

លោក ស៊ាង សួនឌឿន៖ «គឺ​រាល់​ពេល​បោះ​ឆ្នោត​រក​សំឡេង យើង​លើក​យក​បញ្ហា​ជាក់ស្ដែង​របស់​មូលដ្ឋាន​ដែល​គាត់​មាន​ទុក្ខ​លំបាក​មក​លើក។ ដូច​ជា​បញ្ហា​បាត់បង់​ព្រៃ​ឈើ​នៅ​ក្នុង​ឃុំ ស្រុក របស់​គាត់ យើង​លើក​បញ្ជាក់​ជូន។ តែ​កាលណា​បាត់បង់​ព្រៃ​ឈើ គឺ​ព្រៃ​ឈើ​នោះ​វា​ដុះ​លើ​ដី​របស់​គាត់។ អ៊ីចឹង​វា​បាត់​ពីរ គឺ​កាល​ណា​បាត់​បង់​ព្រៃ​ឈើ វា​បាត់​ដី​នោះ​ទៀត។ យើង​បញ្ជាក់​ឲ្យ​គាត់​ដឹង​ថា ឈើ​នោះ​វា​មាន​ទាក់ទង​ប្រយោជន៍​បង​ប្អូន​ផ្ទាល់​នោះ គឺ​បញ្ហា​ច្បោះ ជ័រ​ទឹក។ កាល​ណា​គេ​កាត់​ច្បោះ​ជ័រ​ទឹក​យក អា​ហ្នឹង​ដែល​យើង​បញ្ជាក់​ជូន​បង​ប្អូន ធ្វើ​ឲ្យ​គាត់​មួម៉ៅ ក្ដៅ​ក្រហាយ។ អ៊ីចឹង​មាន​តែ​បង​ប្អូន​បោះ​ឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី មក ដើម្បី​ឲ្យ​បង​ប្អូន​ផុត​ពី​ការ​លំបាក»

មេ​ឃុំ​មួយ​រូប​មក​ពី​គណបក្ស សម រង្ស៊ី ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​នៅ​ក្នុង​អាណត្តិ​ទី​៣ នេះ នៅ​ឃុំ​ស្រយ៉ង់ ឈ្មោះ ប៉ែន ឡាម។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ឡើង​ធ្វើ​ជា​មេ​ឃុំ​នេះ ដោយសារ​លោក​បាន​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មុន​ពេល​បោះ​ឆ្នោត​ថា គណបក្ស សម រង្ស៊ី នឹង​ប្រឹងប្រែង​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ។

ឈ្មោះ ប៉ែន ឡាម៖ «បាទ! ម៉្យាង​មក​ពី​ក្រុមហ៊ុន​យក​ដី​បង​ប្អូន​ច្រើន​ពេក។ ម៉្យាង​ទៀត បង​ប្អូន​ធ្វើ​ការ​នៅ​ក្នុង​គណបក្ស សម រង្ស៊ី នេះ ចុះ​ហត្ថលេខា​អ្វីៗ​លើ​ដី​អី គឺ​អត់​យក​លុយ​ពី​បង​ប្អូន​ប្រជាជន​ទេ គឺ​មិន​ទាមទារ​កម្រៃ​ដ៏​លើស​លប់​ពី​បង្អូន​ទេ។ នេះ​ជា​ឥទ្ធិពល​មួយ​ដ៏​ល្អ​របស់​គណបក្ស សម រង្ស៊ី។ មាន​ម៉្យាង​ទៀត​នោះ គឺ​សមាជិក​គណបក្ស​ប្រជាជន​មាន​កន្លែង​ខ្លះ​និយាយ​ស្តី​មិន​សមរម្យ​ទៅ​ដល់​បង​ប្អូន​មើល​ងាយ​ធ្វើ​ឲ្យ​គេ​ខឹង»

លោក​មេ​ឃុំ​ស្រយ៉ង់ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​លោក​កាន់​តំណែង​លោក​នឹង​ប្រកាន់​គោលការណ៍​យុត្តិធម៌ មិន​ពុករលួយ និង​មិន​ចុះ​ហត្ថលេខា​លក់​ដី​ក្នុង​ឃុំ​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា ដែល​ចង់​មក​រឹប​អូស​យក​ដី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ចេក វី រស់​នៅ​ឃុំ​ស្រយ៉ង់ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​សមាជិក​គណបក្ស សម រង្ស៊ី ឈ្នះ​ឆ្នោត បាន​ធ្វើ​មេ​ឃុំ​នៅ​ក្នុង​ឃុំ​ស្រយ៉ង់ ដោយសារ​បេក្ខជន​គណបក្ស​មក​ពី បក្ស សម រង្ស៊ី កន្លង​មក បាន​ធ្វើ​អំពើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ទើប​ប្រជាពលរដ្ឋ​គាំទ្រ​គាត់៖ «គណបក្ស សម រង្ស៊ី ជាប់​ឆ្នោត​នេះ ដោយសារ​ប្រជាជន​គេ​ស្រឡាញ់​គណបក្ស សម រង្ស៊ី ណាស់។ ពីព្រោះ​គាត់​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ណាស់។ កាល​មុន​គាត់​ធ្វើ​អនុ​ឃុំ គាត់​ធ្វើ​ល្អ​ជាមួយ​ប្រជាជន ទើប​គេ​បោះ​ឆ្នោត​ឲ្យ​ទៅ»

លោក ប៉ោយ ស៊ុម ជា​មេ​ឃុំ​ត្បែង​២ មក​ពី​គណបក្ស សម រង្ស៊ី ហើយ​បាន​កាន់​តំណែង​ជា​មេ​ឃុំ​ត្បែង​២ តាំង​ពី​អាណត្តិ​មុន ឲ្យ​ដឹង​ថា គណបក្ស សម រង្ស៊ី កើន​ចំនួន​មេ​ឃុំ​ពី ២​ឃុំ មក ៧​ឃុំ​នេះ ដោយសារ​ប្រជាពលរដ្ឋ​មើល​ឃើញ​អំពើ​ល្អ​ដែល​បេក្ខជន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី បាន​ធ្វើ​សកម្មភាព៖ «បាទ! សេវា​សាធារណៈ យើង​អត់​បាន​ជំរិត​ទារ​ប្រាក់​ទេ ហើយ​ដោះស្រាយ​រក​ភាព​យុត្តិធម៌ ហើយ​ការពារ​ដីធ្លី​ចំការ​របស់​ប្រជាពលរដ្ឋ មិន​ចុះ​ហត្ថលេខា​ឲ្យ​ដី​ទៅ​ក្រុមហ៊ុន​ទេ»

ខេត្ត​ព្រះវិហារ មាន​ស្រុក​ចំនួន ៧ និង​ក្រុង​១ មាន​ឃុំ និង​សង្កាត់​ចំនួន ៥១។ ឃុំ​ទាំង ៧ ដែល​មាន​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី គ្រប់គ្រង គឺ​ឃុំ​ត្បែង​១ ឃុំ​ត្បែង​២ ឃុំ​ឆែប​២ ឃុំ​ខ្យង ឃុំ​ស្រយ៉ង់ ឃុំ​ម្លូព្រៃ២ និង​ឃុំ​ប្រមេរ៉ិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Castro De La Monreo

ពី Paris, France

I know wright! the supreme advisers to the king are pack of laws. How can they couldn't interpretation all those laws and take any action if the prime minister said something wrong? Why just Mr. Seun Song Bert alone has reaction? Come on Papa act like the men. Don't try to critic under the shield like turtle is not nice. I don't care who you are pro quo.

Aug 14, 2012 06:11 PM

អ្នក​អាន​អនាមិក

ពិតជាគួរអោយអស់សំណើចណាស់ ២៤ កើនបានតែ ១ខេត្ត។ គណបក្សសមរង្សីយើងគួរតែខំប្រឹងបន្ថែមទៀត សូមកុំទាន់មានមោទនភាពខ្លាំងពេក។

Aug 14, 2012 10:26 AM

David

ពី Lowell, MA

ធ្វើល្អទទួលផលល្អ!

Aug 13, 2012 08:28 PM

អ្នក​អាន​អនាមិក

I hope the new SRP village chieves will pay heed to the land grabbing and illegal logging in that area. I also hope that they will not sell their souls to CPP and logging companies for the sake of money and get-rich-quick. We poor villagers depend on the forest for our livelihood. This government is too corrupted to the point of no return to protect the land and the trees as long as they can get rich quick without considering of ther people's suffering and livelihood.

Aug 13, 2012 07:15 PM

ស៊ិន សេរីសុគន្ធណាបុត្ត

ពី ឡូវ៉ែល ម៉ាស្សាឈូស្សែត

ប្រជាពលរដ្តលោកគួរតែយកគំរូនិងចិត្តគំនិតរបស់ពលរដ្តនៅខេត្រព្រះវិហា ដែលលោកគិតនិងមានការយល់ដឹងច្បាស់ពីលទ្ធិ
ប្រជាធិប្បត័យនិងស្រឡាញ់ជាតិពិតប្រាកដ។

Aug 13, 2012 10:48 AM

មើល​មតិ​ទាំង​អស់.