បក្ស​ប្រឆាំង​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ទប់​ស្កាត់​ការ​តែង​តាំង​មេភូមិ​និង​អនុ​ភូមិ​ខុស​នីតិវិធី

គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាត់​វិធានការ​ទប់​ស្កាត់​សកម្មភាព មេឃុំ ចៅសង្កាត់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ជ្រើស​រើស​តែង​តាំង​មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ​ដោយ​ខុស​នីតិវិធី និង​គោលការណ៍​ច្បាប់។

0:00 / 0:00

លិខិត​រួម​មួយ​របស់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចុះ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​លើក​ឡើង​ថា មាន​មេឃុំ សង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មួយ​ចំនួន បាន​រៀបចំ​ជ្រើស​រើស​មេភូមិ។ ការ​ជ្រើស​រើស​នោះ ត្រូវ​រក​ឃើញ​ថា កើត​ឡើង​នៅ​ក្រោយ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣។

អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា គណបក្ស​ទាំង​ពីរ​ចង់​អោយ​ក្រសួង​ទប់​ស្កាត់ ផ្អាក​ការ​ជ្រើស​រើស​តែង​តាំង​នោះ​ជា​បន្ទាន់ និង​ត្រូវ​រង់ចាំ​ការ​ស្នើ​របស់​មេឃុំ ចៅសង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ទើប​ជាប់​ឆ្នោត។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ស្នើ​សុំ​ចំណាត់​ការ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​នោះ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ខៀវ សុភ័គ បញ្ជាក់​ថា មុន​ពេល​ចាត់​វិធានការ​ណា​មួយ ក្រសួង​ទាម​ទារ​ការ​ស៊ើប​អង្កេត​អោយ​បាន​ត្រឹម​ត្រូវ​ម៉ត់ចត់។

សេចក្ដី​ណែនាំ​លេខ ០០៤ របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០០៦ ស្តី​ពី​បែបបទ នីតិវិធី នៃ​ការ​ជ្រើស​រើស​មេភូមិ ការ​ចូល​កាន់​តំណែង ការ​ផ្លាស់​ប្ដូរ​មេភូមិ ការ​តែង​តាំង​ជំនួយ​ការ​មេភូមិ និង​តួនាទី​ភារកិច្ច របៀប​របប​ធ្វើ​ការ​របស់​មេភូមិ បាន​បញ្ជាក់​ថា ការ​ជ្រើស​រើស និង​ស្នើ​តែង​តាំង​មេភូមិ និង​ជំនួយ​ការ ត្រូវ​ធ្វើ​ឡើង​ដោយ មេឃុំ ចៅសង្កាត់ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​មិន​បាន​សំដៅ​ដល់​មេឃុំ​ក្នុង​អាណត្តិ ឬ​ចាំ​ផ្ទះ​ឡើយ។

លទ្ធ​ផល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បង្ហាញ​ថា គណបក្ស សម រង្ស៊ី ទទួល​បាន ២២​មេឃុំ និង​គណបក្ស សិទ្ធិ​មនុស្ស ទទួល​បាន​ចំនួន ១៨​មេឃុំ ចៅសង្កាត់។ ហើយ​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​នេះ គឺ​ជា​លិខិត​លើក​ទី១ ដែល​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​រួម​គ្នា​បន្ទាប់​ពី​បាន​ប្រកាស​ពី​និន្នាការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។