ប៉ុន្តែការអនុម័តនេះ សមាជិកសភាគណបក្សប្រឆាំងចំនួនពីរ មានគណបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស បានធ្វើពហិការមិនចូលរួមប្រជុំ អនុម័តលើកញ្ចប់ថវិកាឆ្នាំ ២០១២ នោះទេ ដោយគណបក្សទាំងពីរចាត់ទុកថា បញ្ហានេះធ្វើឡើងខុសច្បាប់ និងខ្វះធម្មនុញ្ញភាព (មិនស្របនឹងរដ្ឋធម្មនុញ្ញ)។
សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១២ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ក្នុងសំឡេងគាំទ្រ ៨៦ លើ ៨៦ សំឡេង។ ការអនុម័តនេះ មានតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គណបក្ស ហ៊្វុនស៊ិនប៉ិច និងបក្ស នរោត្តម រណប្ញទ្ធិ ទេ ដែលបានចូលរួមអនុម័តលើសេចក្ដីព្រាងច្បាប់នេះ។
កញ្ចប់ថវិកាឆ្នាំ ២០១២ ដែលរដ្ឋសភាបានអនុម័តសរុបមានចំនួនជាង ២ ពាន់ ៦ រយលានដុល្លារអាមេរិក។ ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១២ បានអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីថវិកាពីបរទេសប្រមាណ ១ ពាន់លានដុល្លារ សំរាប់បំពេញការចំណាយបន្ថែមទៀត។
ទោះជាបែបនេះក្តី សមាជិកសភាមកពីគណបក្ស សម រង្ស៊ី ចំនួន ២២ រូប និងបក្ស សិទ្ធិមនុស្ស ចំនួន ៣ រូប បានធ្វើហិកាមិនចូលប្រជុំសភា ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១២ នេះទេ ដោយសំអាងថា កិច្ចប្រជុំនេះខុសច្បាប់។
លោក យឹម សុវណ្ណ ជាមន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី។ លោកមានប្រសាសន៍ក្នុងសន្និសីទកាសែត នៅទីស្នាក់ការថ្មី នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឲ្យដឹងពីមូលហេតុសមាជិកសភារបស់ខ្លួនថា ការធ្វើពហិការមិនចូលរួមប្រជុំសភានេះ ព្រោះគណបក្ស សម រង្ស៊ី យល់ថា កិច្ចប្រជុំសភានោះខ្វះធម្មនុញ្ញភាព និងមិនស្របច្បាប់ ព្រោះមិនមានសមាជិកសភាគ្រប់ចំនួន១២០ រូបចូលរួម។
លោក យឹម សុវណ្ណ បន្ថែម៖ «ដូច្នេះ សភាថ្ងៃនេះ ដែលនៅសល់សមាជិកចំនួន ១១៩ រូប គឺមិនអាចដំណើរការទៅបានទេ។ រាល់សេចក្ដីសម្រេចទាំងអស់ ដែលទាក់ទងទៅនឹងការប្រជុំ ចាប់តាំងពីថ្ងៃនេះតទៅ ដែលរួមមានច្បាប់ផងនោះ គឺចាត់ទុកថាខ្វះធម្មនុញ្ញភាព និងមិនស្របច្បាប់ និងអំពាវនាវទៅសហគមន៍អន្តរជាតិពិនិត្យពិចារណាទៅលើការធ្វើសហប្រតិបត្តិការទាំងនយោបាយ ទាំងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភានាពេលបច្ចុប្បន្ននេះ»។
ចំណែកលោក កឹម សុខា ជាប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម។ លោកបានថ្លែងបញ្ជាក់ដែរថា សមាជិកសភាទាំងបីរូបរបស់លោក ក៏បានធ្វើពហិការមិនចូលប្រជុំសភា ដើម្បីអនុម័តលើសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១២ នេះទេ ព្រោះគណបក្សលោកយល់ថា វាមិនចំណេញដល់ពលរដ្ឋខ្មែរឡើយ។
លោក កឹម សុខា បន្ថែម៖ «ខ្ចីបុលលុយគេជាង ១ ពាន់លានដុល្លារទៀត ជាបន្ទុកធ្ងន់ដល់ពលរដ្ឋខ្មែរយើង។ ហើយរដ្ឋាភិបាលផ្ទុយទៅវិញ មិនព្រមកាត់បន្ថយការចំណាយខ្ជះខ្ជាយទៅលើអំពើពុករលួយ មិនព្រមកាត់បន្ថយការចំណាយ ទៅលើទីប្រឹក្សារាប់ពាន់ និងសមាជិករដ្ឋាភិបាលរាប់រយនាក់មិនកាត់បន្ថយ បែរគិតតែពីខ្ចីលុយគេថែមឲ្យបន្ទុកទៅប្រជាពលរដ្ឋខ្លួនឯងទៅវិញ»។
ទោះយ៉ាងណា សេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ ២០១២ បានត្រូវរដ្ឋសភាជាតិអនុម័តជាឯកច្ឆន្ទក្នុងសំឡេង ៨៦ លើ ៨៦ សំឡេង ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានថ្លែងក្នុងវេទិកាលើកទី ១៦ រវាងរដ្ឋាភិបាល និងផ្នែកឯកជន នាវិមានសន្តិភាពដោយចាត់ទុកការលាឈប់របស់សមាជិកសភាបក្ស សម រង្ស៊ី ចំនួន ៣ រូប គឺមិនរាំងស្ទះដល់សកម្មភាពរបស់រដ្ឋសភាទេ។
លោក សុខ សំអឿន ជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា។ លោកមានប្រសាសន៍ថា ការលាឈប់របស់សមាជិកសភាគណបក្ស សម រង្ស៊ី ពី ៣ ទៅ ៤ រូប មិនអាចប៉ះពាល់ដល់ដំណើរការរដ្ឋសភាទេ។
លោក សុខ សំអឿន ឲ្យដឹងដូច្នេះ៖ «បើសិនជាបក្សគាត់ឈប់ ឬរំលាយបក្សអាចមានបញ្ហា។ ហើយដើម្បីស្ថិរភាព ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ខ្ញុំគិតថា ត្រឹមតំណាងរាស្ត្រ ៤ នាក់ មិនអាចធ្វើឲ្យបញ្ហានេះកើតឡើងទេ។ ហើយការឈប់នេះទៀតសោត ក៏មិនមែនដោយសារមានវិបត្តិអីផ្សេងៗ នោះដែរ»។
គណបក្ស សម រង្ស៊ី បានប្រកាសថា សមាជិកសភាខ្លួនចំនួន ៣ រូប ក្នុងចំណោម ២៦ រូប បានដាក់ពាក្យលាចេញពីតួនាទីរួមមាន អ្នកស្រី កែ សុវណ្ណរតន៍ អ្នកស្រី ថាក់ ឡានី និងលោក នុត រុំដួល។
ផ្តើមពីការលាឈប់នេះ លោក យឹម សុវណ្ណ បានអះអាងថា មាត្រាទី ៧៦ នៃច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា កិច្ចប្រជុំសភាអាចដំណើរការទៅបានលុះត្រាតែមានកូរ៉ុម (Quorum) យ៉ាងតិច ១២០ រូប។ ប៉ុន្តែលោកថា ក្រោយពេលសមាជិកសភារបស់ខ្លួនចំនួនបីនាក់លាលែងពីតួនាទីសភា នាំឲ្យកូរ៉ុមតិចជាង ១២០ រូប។ ដូច្នេះ រាល់ការអនុម័តអ្វីមួយរបស់រដ្ឋសភា គឺខុសច្បាប់៕
