ប្រធាន​បក្ស​ប្រឆាំង​ទាំង​ពីរ​ស្វែង​រក​ការ​គាំទ្រ​ពី​ស.រ.អា ជួយ​កែ​ទម្រង់ គ.ជ.ប

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​សីហា មាន​ប្រសាសន៍​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ លោក និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី នឹង​ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក។

0:00 / 0:00

ជំនួប​នេះ​គឺ​ដើម្បី​ពិភាក្សា​ស្វែងរក​ការ​គាំទ្រ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣។

ក្នុង​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ យល់​ព្រម​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដោយ​សេរី និង​យុត្តិធម៌ មេ​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ដឹក​ដៃ​គ្នា​មក​សហរដ្ឋអាមេរិក នៅ​ដើម​ខែ​សីហា នេះ ស្នើសុំ​ឲ្យ​សហរដ្ឋអាមេរិក​អន្តរាគមន៍​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។ ដំណើរ​នៅ​បរទេស​របស់​មេ​ដឹកនាំ​ចលនា លោក សម រង្ស៊ី និង​កឹម សុខា ជា​ការ​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា​ជា​លើក​ដំបូង ចាប់​តាំង​ពី​ឆ្នាំ​២០០៨។

អនុប្រធាន​ចលនា និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​កាណាដា ថា លោក​គ្រោង​នឹង​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក និង​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​មន្ត្រី​ទាំង​នោះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ជាពិសេស​មិន​ត្រូវ​បង្ក​ឧបសគ្គ​ដល់​ការ​បង្កើត​គណបក្ស​ថ្មី រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​សម រង្ស៊ី។

លោក កឹម សុខា៖ «សំខាន់​ធំ​ជាង​គេ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ យើង​ចង់​ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ អា​ហ្នឹង​ធំ​ជាង​គេ ហើយ​ផ្ដើម​ដំបូង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»

លោក កឹម សុខា សង្ឃឹម​ថា ជំនួប​ប្រធាន​ចលនា និង​មន្ត្រី​ជាន់​ខ្ពស់​នានា​នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

ការ​ប្រកាស​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សម្ព័ន្ធ​ភាព​ថ្មី រវាង​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស។ លោក ហ៊ុន សែន បន្ត​ថា គណបក្ស​ថ្មី​ដែល​គ្រោង​បង្កើត​នេះ មិន​អាច​ប្រកួត​ប្រជែង​អំណាច​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា ប្រសិន​បើ​លោក​ចាញ់​ឆ្នោត លោក​នឹង​ផ្ទេរ​អំណាច​ឲ្យ​គណបក្ស​ឈ្នះ​ដោយ​សន្តិវិធី។

លោក កឹម សុខា ឆ្លើយ​តប​វិញ​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ក្តី​បារម្ភ​ពី​ប្រជាប្រិយភាព និង​ការ​គាំទ្រ​របស់​គណបក្ស​ថ្មី ដែល​នឹង​បង្កើត​នៅ​ពេល​ខាង​មុខ​នេះ នោះ​រដ្ឋាភិបាល​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​សេរី និង​យុត្តិធម៌។

លោក កឹម សុខា៖ «សំខាន់​ការ​បោះ​ឆ្នោត​សេរី និង​យុត្តិធម៌ ឬ​ក៏​អត់។ ទាល់​តែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឲ្យ​បរិយាកាស​ល្អ​ឬ​អត់ ដូច​ជា​ការ​ឲ្យ​មាន​បរិយាកាស​ល្អ ដូច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ថ្មី»

លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ​ថា លោក​នឹង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដោយ​គ្មាន​កំណត់។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ដាក់​បញ្ចូល​លោក ហ៊ុន សែន ទៅ​ក្នុង​បញ្ជី "ក្លឹប​មួយ​ម៉ឺន"។

អង្គការ​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​បង្កើត​បញ្ជី​ក្លឹប​មួយ​ម៉ឺន ជា​បញ្ជី​នៃ​មេ​ដឹកនាំ​ដែល​អាច​រក្សា​អំណាច​ដោយ​សារ​ការ​ប្រើប្រាស់​កង​កម្លាំង​យោធា ហិង្សា នយោបាយ អំពើ​ពុក​រលួយ និង​ការ​ប្រើប្រាស់​ការ​គាំទ្រ​បរទេស ដើម្បី​រក្សា​អំណាច។ លោក ហ៊ុន សែន បាន​រក្សា​អំណាច​បាន​រយៈពេល​មួយ​ម៉ឺន​ថ្ងៃ ប្រមាណ ២៧ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។