បក្ស​ប្រឆាំង​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កែប្រែ​សមាសភាព គ.ជ.ប

គណបក្ស​ប្រឆាំង​២​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គឺ​ជា​ប្រការ​ចាំ​បាច់ និង​បន្ទាន់ ដែល​ត្រូវ​ធ្វើ​នៅ​មុន​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នេះ។

0:00 / 0:00

គណបក្ស​ប្រឆាំង​ចំនួន​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កែប្រែ​សមាសភាព គ.ជ.ប និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​អោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដែល​អាច​អោយ​គណបក្ស​នយោបាយ មតិ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត។

លិខិត​រួម​គ្នា​របស់​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ផ្ញើ​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​លើក​ឡើង​ថា សមាសភាព​របស់ គ.ជ.ប ដែល​បាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក ពុំ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គណបក្ស​នយោបាយ សាធារណជន​ជាតិ និង​អន្តរជាតិ ថា​បាន​បំពេញ​តួនាទី​ដោយ​ឯករាជ្យ អព្យាក្រឹត្យ និង​យុត្តិធម៌​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​អោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ចាំ​បាច់​ត្រូវ​អោយ​មាន​ការ​កែ​សម្រួល គ.ជ.ប ទៅ​តាម​រូបមន្ត​ដែល​គណបក្ស​ប្រឆាំង​ទាំង២​បាន​ស្នើ​ឡើង៖ «ដើម្បី​ធានា​ថា សមាសភាព​នោះ​នឹង​ត្រូវ​បាន​ជ្រើស​រើស​ឡើង បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព ឯករាជ្យ អព្យាក្រឹត​មិន​លំអៀង​ទៅ​រក​គណបក្ស​ណា។ រួច​ហើយ​បាន​បញ្ជូន​សមាសភាព​ហ្នឹង​ទៅ​ប្រថាប់​ត្រា​នៅ​សភា»

រូបមន្ត​ដែល​បាន​ស្នើ​ឡើង​នោះ រួម​មាន​សមាសភាព គ.ជ.ប មាន​៩រូប ត្រូវ​ជ្រើស​រើស​ដោយ​គណៈកម្មការ​មួយ ដែល​មក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​សភា ចំណែក​សមាសភាព​របស់​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​មាន​ចំនួន​៧​រូប មក​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ឡើង​នូវ​គំនិត​របស់​ពួក​គេ ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់​ជា​ធរមាន៖ «ជា​សិទ្ធិ​របស់​គាត់​ដែល​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​សេរី លោក​អាច​បញ្ចេញ​មតិ​បាន​ទាំង​អស់»

ក្នុង​មាត្រា​១៣ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ បាន​ចែង​ថា ក្រសួង​មហា​ផ្ទៃ​មាន​កាតព្វកិច្ច​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​នូវ​សេចក្ដីព្រាង​សមាសភាព គ.ជ.ប យ៉ាង​តិច​១១​ខែ មុន​ថ្ងៃ​បោះ​ឆ្នោត។

បើ​ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ក៏​មាន​ការ​អះអាង​ថា គេ​តែង​អោយ​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ពី​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដែរ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ស្នើ​ឡើង​នូវ​វិធីសាស្ត្រ​នៃ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប គឺ​ជា​ការ​រួម​ចំណែក​របស់​គ្រប់​ភាគី​ទាំង​អស់។ លោក គល់ បញ្ញា បន្ត​ថា ការ​ពិភាក្សា​ក្នុង​ចំណោម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា គួរ​តែ​បន្ត​ធ្វើ​សម្រាប់​ការ​ជ្រើស​រើស​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់។

លោក គល់ បញ្ញា៖ «ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ឆ្នាំ​២០០៦ កន្លង​មក មាន​របៀប​ជជែក​គ្នា​ក្នុង​ចំណោម​គណបក្ស។ ប៉ុន្តែ​បញ្ហា​គឺ​ការ​ជជែក​គ្នា​លើក​មុន​ហ្នឹង ភាគ​ច្រើន​គេ​ឃើញ​ថ្នាក់​ជាតិ។ តែ​ឥឡូវ​ហ្នឹង គេ​ត្រូវ​ជជែក​ទៅ​ដល់​ថ្នាក់​PEC (គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត) ថ្នាក់​CEC (គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត) អ៊ីចឹង​ទៅ ថា​តើ​ធ្វើ​ម៉េច​ធានា​អោយ​សមាសភាព​ហ្នឹង​គេ​អាច​ទុក​ចិត្ត​បាន»

លោក សុរិយា ស៊ូប៊ែឌី (Surya P. Sobedy) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​បាន​ចាត់​ទុក​ការ​កែទម្រង់ គ.ជ.ប គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​របាយការណ៍​របស់​លោក ដែល​គ្រោង​នឹង​ដាក់​ជូន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

បច្ចុប្បន្ន គ.ជ.ប មាន​សមាសភាព​៩រូប គឺ​ប្រធាន​១​រូប អនុប្រធាន​១រូប និង​សមាជិក​ចំនួន​៧​រូប ហើយ​គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​តែងតាំង​ជា​ថ្មី ដោយ​ព្រះរាជក្រឹត្យ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៩ខែ មុន​ថ្ងៃ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។