ប្រធានក្រុមពិភាក្សាការងារនៃសម្ព័ន្ធភាពគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានប្ដេជ្ញាថា នឹងជំរុញឲ្យការពិភាក្សាគ្នារវាងសម្ព័ន្ធភាពបក្សទាំងពីរបង្កើតទៅជាបក្សប្រជាធិបតេយ្យថ្មីរឹងមាំមួយ ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងសកល នៅឆ្នាំ២០១២-២០១៣ ខាងមុខ។
លោក គាត សុគន្ធ អនុប្រធានគណបក្សសិទ្ធិមនុស្ស មានប្រសាសន៍នៅថ្ងៃទី១២ ខែកុម្ភៈថា មន្ត្រីគណបក្សទាំងពីរបានជួបចរចាជាបន្ទាន់មួយ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈនេះ។
កិច្ចប្រជុំបន្ទាន់ត្រូវបានលោក គាត សុគន្ធ អះអាងថា ទទួលបានផលវិជ្ជមានជាពន្លឺឈានដល់បង្កើតគណបក្សរឹងមាំថ្មីមួយនៅមុនខែមេសា ឆ្នាំ២០១១ ដោយកិច្ចប្រជុំនោះបានពិភាក្សាអំពីការបែងចែកតំណែងសមាជិកបក្ស តែលោកមិនផ្ដល់ព័ត៌មានលម្អិតជុំវិញការបែងចែកតួនាទី ឬឈ្មោះបក្សដែលគ្រោងនឹងបង្កើតថ្មីនោះដាក់ឈ្មោះអ្វីនោះទេ។
លោក គាត សុគន្ធ ថ្លែងបន្តថា ៖ «ឥឡូវយើងចាប់ប្រជុំត្រឹមត្រូវ មានពេលកំណត់ត្រឹមត្រូវ ហើយមាននីតិវិធីអីត្រឹមត្រូវ ដូច្នេះខ្ញុំគិតថា យើងកំពុងតែដឹកដៃគ្នាដើរលើផ្លូវត្រូវហើយ។ យ៉ាងម៉េចក៏ដោយយើងបានដាក់ផែនការរបស់យើងធ្វើម៉េចឲ្យសម្រេចឲ្យបាននៅមុនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១១»។
គណបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី បានចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ ដើម្បីរកច្រកទៅបង្កើតគណបក្សថ្មីមួយ ប៉ុន្តែការចរចារវាងសម្ព័ន្ធភាពបក្សទាំងពីរមិនទទួលបានលទ្ធផលគាប់ប្រសើរនោះទេកន្លងមក។
គួររំឭកថា ភាពមិនចុះសម្រុងគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកន្លងមក ត្រូវបានអ្នកវិភាគលើកឡើងថា អាចបណ្ដាលមកពីមន្ត្រីគណបក្ស សម រង្ស៊ី មិនចង់ប្តូរឈ្មោះបក្សទៅឈ្មោះផ្សេង និងអាចបណ្តាលមកពីការបែងចែកតួនាទីក្នុងបក្សនីមួយៗមិនស្មើភាពគ្នា ព្រមទាំងមន្ត្រីបក្សទាំងពីរមានអំនួត និងមិនមានឆន្ទៈពិតប្រាកដក្នុងការរួបរួម។
ទាក់ទងទៅនឹងកិច្ចប្រជុំនេះដែរ លោក សុន ឆ័យ ប្រធានដឹកនាំការចរចាគណបក្ស សម រង្ស៊ី បានថ្លែងថា ការបែងចែកតួនាទីក្នុងបក្ស ឬក៏ការប្រើឈ្មោះគណបក្សសម្រាប់ការច្របាច់បញ្ជូលគ្នារវាងសម្ព័ន្ធភាពគណបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី លែងជារនាំងទៀតហើយ។ តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានពិស្ដារជុំវិញផែនការច្របាច់បញ្ជូលគ្នាទៅជាបក្សតែមួយនៅថ្ងៃណាឲ្យពិតប្រាដកនោះទេ។
លោក សុន ឆ័យ មានប្រសាសន៍ដូច្នេះ ៖ «មានលក្ខណៈវិជ្ជមានជាច្រើន។ ខ្ញុំមានសេចក្ដីរីករាយជាខ្លាំងក្នុងនាមជាប្រធានក្រុមចរចារបស់គណបក្ស សម រង្ស៊ី ហើយយើងមានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយនេះបរិយាកាសល្អបានព្រមព្រៀងគ្នាទៅលើនីតិវិធីការងារហ្នឹង គឺមិនមានការជជែកគ្នាជ្រៅ ឬក៏លំបាកនោះទេ ហើយនេះក៏អាចជាសញ្ញាមួយនៃលក្ខណៈជាវិជ្ជមានដែរ»។
ចលនារួបរួមរវាងសម្ព័ន្ធភាពបក្សសិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី ត្រូវបានអ្នកវិភាគនយោបាយឯករាជ្យមួយចំនួននៅកម្ពុជា អះអាងថា ចលនានេះអាចចេញជារូបរាងទៅបានដរាបណាឥស្សរជនប្រឆាំងទាំងពីរមានឆន្ទៈពិតប្រាដកក្នុងការស្រោចស្រង់ជាតិ។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រជយោបាយនៃរាជបណ្ឌិតសភាកម្ពុជា ក៏មានទំនុកចិត្តថា ចលនារួបរួមរវាងបក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស នឹងអាចចេញជារូបរាងទៅបាន ដរាបណាថ្នាក់ដឹកនាំសម្ព័ន្ធភាពនេះអាចលះបង់អំនួតអួតអាងតែរៀងៗខ្លួនចោលឲ្យអស់៕