មន្ត្រី​បក្ស​សិទ្ធិ​មនុស្ស-​សមរង្ស៊ី​ធ្វើ​ដំណើរ​ទៅ​ទី​ណាត់​ជួប​ចរចា

តំណាង​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ធ្វើ​ដំណើរ​ទៅ​បរទេស ដើម្បី​ជួប​ចរចា​គ្នា​អំពី​ការ​បង្រួបបង្រួម​បក្ស ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​១៧ កក្កដា នោះ​ហើយ។
ដោយ វណ្ណ វិចារ
2012-07-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កឹម សុខា ៣០៥
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​៧ មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippine) ដែល​ជា​ទីតាំង​ណាត់​ជួប​ចរចា​គ្នា។ គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស សម រង្សី គឺ​លោក សម រង្ស៉ី ហើយ​គណបក្ស​សិទ្ធិ​មនុស្ស​ដឹក​នាំ​ដោយ​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ នៅ​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ធ្វើ​ដំណើរ​ចាក​ចេញពី​កម្ពុជា ទៅ​ជួបជុំ​លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន។លោក​បន្ត​ថា របៀបវារៈ​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស មាន​តែ​មួយ​គត់ គឺ​ពិគ្រោះ​គ្នា​ដើម្បី​ឲ្យ​មាន​ការ​រួបរួម​យក​ជ័យ​ជម្នះ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣។

លោក គង់ គាំ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី រំពឹង​ថា នឹង​មាន​លទ្ធផល​ល្អ​ក្នុង​ជំនួប​នេះ៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ពិភាក្សា​គ្នា​នេះ។ គណបក្ស​សិទ្ធិ​មនុស្ស​មាន​គោលដៅ​ស្រប​គ្នា​នឹង​គណបក្ស សម រង្ស៊ី ដោយ​រួបរួម​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឲ្យ​ប្ដូរ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៣ ដែល​ជា​គោលដៅ​ដែល សម រង្ស៊ី ដៅ​ឥត​មាន​ប្រែប្រួល»

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា មាន​ប្រសាសន៍​ថា លោក​ដឹក​នាំ​ក្រុម​ការងារ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​បាងកក ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដើម្បី​ជួប​ចរចា​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី៖ «ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ ហើយ​នឹង​ជួប​គ្នា​ស្អែក»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ធ្លាប់​បាន​សើច​ចំអក​ចំពោះ​សម្ពន្ធភាព​របស់​គណបក្ស​ទាំង​ពីរ​ដែល​ប្រេះឆា​គ្នា​នា​ពេល​កន្លង​ទៅ។ លោក ហ៊ុន សែន ក៏​ធ្លាប់​មាន​មាន​ប្រសាសន៍​ថា គណបក្ស​សិទ្ធិ​មនុស្ស​បង្កើត​ឡើង​ដោយ​មាន​រូប​លោក​ជា​អ្នក​ជួយ​ជ្រោមជ្រែង បាន​ន័យ​ថា លោក កឹម សុខា ជា​កូនជឹង​របស់​គណបក្ស​ប្រជាជន។ ប៉ុន្តែ​លោក កឹម សុខា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា បើ​តាម​ការ​ពិនិត្យ​មើល​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា បង្ហាញ​ថា គណបក្ស​ទាំង​ពីរ​រួប​រួម​គ្នា​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រជែង​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា នៅ​អាមេរិក អង់គ្លេស ដែល​ជា​ប្រទេស​ជឿន​លឿន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ មាន​បក្ស​នយោបាយ​សំខាន់​តែ​ពីរ​ប៉ុណ្ណោះ នៅ​កម្ពុជា​វិញ បើ​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី រួម​គ្នា នឹង​ក្លាយ​ជា​គណបក្ស​ធំ​មួយ។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ទៅ​ជួប​គ្នា​នៅ​ហ្វីលីពីន ជា​សញ្ញា​ល្អ​មួយ​ក្នុង​សម្ពនភាព៖ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ទាំង​ពីរ​ហ្នឹង​នឹង​មាន​ការ​មូលមាត់​គ្នា​ជា​បណ្ដើរៗ និង​មាន​ដំណើរការ​វិជ្ជមាន ទៅ​ដល់​ត្រឹម​ណា​អត់​ដឹង​ទេ»

មន្ត្រី​គណបក្ស សម រង្ស៉ី ឲ្យ​ដឹង​ថា ក្រុម​ការងារ​​គណបក្ស សម រង្ស៊ី នឹង​ជួប​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល។ ថ្នាក់​ដឹកនាំ​គណបក្ស សម រង្ស៊ី រួម​ទាំង​លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​ក្រុម​ការងារ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ដឹក​នាំ​ដោយ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៧ ខែ​ក្កដា ឆ្នាំ​២០១២។

អ្នក​តាមដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា លើក​ឡើង​ថា បើ​គណបក្ស​ទាំង​ពីរ​គិត​ពី​ផល​ប្រយោជន៍​លទ្ធិប្រជាធិបតេយ្យ​ធំ​ជាង​ផល​ប្រយោជន៍​បក្ស​រៀងៗ​ខ្លួន នឹង​នាំ​ឲ្យ​សម្ពន្ធភាព​ស្ថិតស្ថេរ​យូរ​អង្វែង ហើយ​ឈាន​ទៅ​រក​ជ័យជំនះ​នៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រឿងល្អបំផុតសំរាប់ការរួមគ្នា ឆ្នាំ២០១៣អាចទទួលបានជ័យជំនះ តែបើគ្មានរួមទេ គឺគ្មានផ្លូវទេ សម្រាប់អណ្ណតិទី៥នេះ។

Jul 16, 2012 07:49 PM

Canal

ពី Paris

Very good ideas for DEMOCRATIE. Long Live KHMER DEMOCRATIE.

Jul 16, 2012 01:57 AM

អ្នក​អាន​អនាមិក

If all of you still think about POWER it no way to join smooth. I not believe you action

Jul 16, 2012 01:06 AM

ខ្មែរ

ពី ភ្នំពេញ

បើលោក កិម​ សុខា គាត់អាណិតជាតិ មានឧត្តមជាតិមែន​ ការរួបរួមពិតជាល្អ តែបើលោក កិម សុខា បង្កើតគំនិតរួមរូមហើយបែរជាបំផ្លាញចំណង ឬក៏បំបែកបក្សប្រឆាំងដូចដែលគេបាននិយាយថាជាកូនអុករបស់បក្សប្រជាជននោះប្រទេសជាតិនិងមិនមានការចម្រើនពលរដ្ឋខ្មែរនិងបន្តការគាបសង្កត់វេទនាតទៅទៀត ដូចដែលយើងឃើញហើយភូមិលោក ហេងសំរិន ក៏គេថាភូមិយួនដែរ​ចុះទម្រាំង ភូមិរាស្រ្តសាមញ្ញទៀត ចប់ហើយ!!!

Jul 15, 2012 11:43 PM

ហាយ ជួង

ពី កំពង់ធំ

លោក គង់ គាំ កាលពីមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ បាននិយាយថា គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ជាអាយ៉ង គណបក្សប្រជាជន តែពេលនេះ លោក គង់ គាំ បាននិយាយ ថា គណបក្ស សិទ្ធិមនុស្ស មានគោលការណ៍ស្របនឹងគណបក្សសមរង្ស៊ី។ តើនេះមានន័យថា គណបក្សសម រង្ស៊ី មានគោលការណ៍ អាយ៉ង គណបក្សប្រជាជនដូច គណបក្សសិទ្ធិមនុស្សដែរ មែនទេ? តើអ្នកនយោបាយ... ដូចលោក គង់ គាំ អាចជឿទុកចិត្តបានទេ?

Jul 15, 2012 11:18 PM

មើល​មតិ​ទាំង​អស់.