សកម្មជន​បក្ស​សមរង្ស៊ី​បន្ត​ទម្លាក់​ស្លាក​ដាក់​ជំនួស​បក្ស​សិទ្ធិ​មនុស្ស

អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា មាន​ស្លាក​សញ្ញា​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ចាម មិន​តិច​ជាង ២០​ស្លាក​ទេ ត្រូវ​បាន​សកម្មជន​បក្ស សម រង្ស៊ី ទម្លាក់​ចេញ​ពី​មុខ​ផ្ទះ ដាក់​ជំនួស​មក​វិញ​នូវ​ស្លាក​សញ្ញា​គណបក្ស​សិទ្ធិ​មនុស្ស។

0:00 / 0:00

លោក ម៉ៅ មុនីវណ្ណ អតីត​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ចាម បច្ចុប្បន្ន​បាន​មក​រួម​រស់​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​ថា មាន​​ស្លាក​គណបក្ស សម រង្ស៊ី មិន​តិច​ជាង ២០​ស្លាក​ទេ ត្រូវ​បាន​សកម្មជន​ដែល​មាន​ភក្ដីភាព​ជាមួយ​​​លោក ទម្លាក់​ចេញ​ពី​មុខ​ផ្ទះ និង​កំពុង​ត្រៀម​ទម្លាក់​​ស្លាក​ដទៃ​ទៀត​តាម​ស្រុក​ចំនួន​១១ នៅ​មុន​ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធ​សភា​ឆ្នាំ​២០១២ ចូល​មក​ដល់។

លោក​ថ្លែង​ថា គណបក្ស សម រង្ស៊ី នឹង​ត្រូវ​បាត់បង់​ការ​គាំទ្រ ហើយ​ឈាន​ដល់​ការ​រំលាយ​គណបក្ស​ទាំង​មូល ប្រសិន​​បើ​លោក សម រង្ស៊ី មិន​កែ​ទម្រង់​ផ្ទៃក្នុង​បក្ស​ដែល​កើត​មាន ដោយ​លោក​បាន​ចោទ​ថា គ្រួសារ​និយម​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ​នោះ។

លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ដូច្នេះ ៖ «ថ្ងៃ​នេះ​គាត់​ទម្លាក់​ពីរ​ស្លាក់ ហើយ​មាន​ចរន្ត​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​មក​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស»

លោក ម៉ៅ មុនីវណ្ណ បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា បន្ទាប់​ពី​រូប​​លោក​​​ត្រូវ​​​គណបក្ស សម រង្ស៊ី បង្ខំ​ឲ្យ​លាលែង​ចេញ​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ រួច​មក។

លោក ស៊ន វុទ្ធី សកម្មជន​គណបក្ស សម រង្ស៊ី ដែល​ធ្លាប់​មាន​ភក្ដីភាព​ជាមួយ​លោក ម៉ៅ មុនីវណ្ណ រស់​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា រូប​គាត់​បាន​ត្រៀម​ទម្លាក់​ស្លាក់​គណបក្ស សម រង្ស៊ី ចេញ​ពី​មុខ​ផ្ទះ និង​ដាក់​ជំនួស​ស្លាក​សញ្ញា​គណបក្ស​សិទ្ធិ​មនុស្ស​ជំនួស​​វិញ។ លោក​ថា ការ​ទម្លាក់​ស្លាក់​ចេញ​ពី​មុខ​ផ្ទះ គឺ​ដោយសារ​លោក​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​គណបក្ស សម រង្ស៊ី។

លោក ស៊ន វិទ្ធី បញ្ជាក់ ៖ «ឯកឧត្តម សម រង្ស៊ី គាត់​មិន​ជឿ​ពាក្យ​ល្អ តែ​គាត់​ជឿ​មនុស្ស​ពីរ​ក្ដាប់​តូច។ លោក អេង ឆៃអ៊ាង ប្រជាធិបតេយ្យ​វា​គ្មាន​ជំនឿ»

យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី និង​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ការ​ចាកចេញ​របស់​លោក ម៉ៅ មុនីវណ្ណ និង​សកម្មជន​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម គឺ​មិន​បាន​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស សម រង្ស៊ី ក្នុង​​​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​សកល​នា​ឆ្នាំ​២០១២ និង​២០១៣ នោះ​ទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ ខែ​មីនា ដោយ​បាន​ចាត់​ទុក​ការ​ចាកចេញ​ពី​បក្ស​របស់​អតីត​សមាជិក​សភា​របស់​ខ្លួន គឺ​លោក ម៉ៅ មុនីវណ្ណ ថា ជា​បញ្ហា​បុគ្គល​ដែល​ចង់​មាន​លាភសក្ការៈ​បុណ្យ​ស័ក្តិ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ៖ «ចង់​ធ្វើ​ប្រធាន​ខេត្ត​មួយ​ជីវិត​មិន​អាច​ទេ គឺ​យើង​មិន​អាច​ឲ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ស្ដេច​ក្រាញ់​១​ជីវិត។ ដូច​ខេត្ត​កំពង់ចាម យើង​ឃើញ​មាន​អភិបាល​ខេត្ត លោក ហ៊ុន ណេង បង ហ៊ុន សែន ធ្វើ​អភិបាល​ខេត្ត​១​ជីវិត យើង​ឃើញ​ថា វា​ច្រែះចាប់ វា​ដុះ​ស្លែ»

ទោះ​ជា​បែប​នេះ​ក្ដី លោក ហាក់ បញ្ញាកា លេខាធិការ​យុវជន​គណបក្ស សម រង្ស៊ី ខេត្ត​កំពង់ចាម ដែល​បាន​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ថា មាន​ប្រធាន​យុវជន​របស់​គណបក្ស សម រង្ស៊ី មក​ពី​ស្រុក​ចំនួន​១១ បាន​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី មក​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស។

លោក ហាក់ បញ្ញាកា បន្ថែម ៖ «វា​នឹង​អាច​មាន​ធំ​ជាង​ហ្នឹង​ត​ទៅ​ទៀត បន្ទាប់​ពី​បោះ​ឆ្នោត​ព្រឹទ្ធ​សភា និង​ជិត​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់»

ទាក់ទង​នឹង​ការ​ចាកចេញ​របស់​សមាជិក​គណបក្ស សម រង្ស៊ី នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា បាន​ឡកឡឺយ​ទៅ​កាន់​ថ្នាក់ដឹកនាំ​គណបក្ស សម រង្ស៊ី ធ្ងន់ៗ​ថា បក្ស​ប្រឆាំង​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ផ្ដាច់ការ​នោះ បែរ​ជា​ផ្ទៃក្នុង​បក្ស​កើត​មាន​អំពើ​ផ្ដាច់ការ​ទៅ​វិញ។

លោក ហ៊ុន សែន បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​ដែល​ចេញ​គេ​ប្រកាស​ថា បក្ស​ដែល​ខ្លួន​នៅ​ពី​មុន​ហ្នឹង​គឺ​ផ្ដាច់ការ។ ខ្ញុំ​ជួយ​ប្រាប់​ជួយ​បន្ទរ ព្រោះ​ខ្លួន​ឯក​ជេរ​រដ្ឋាភិបាល​ផ្តាច់ការៗ ដល់​ខ្លួន​ឯង​ផ្ដាច់ការ​នៅ​ប៉ុន្មាន​នាក់​នៅ​មិន​បាន​ផង​ហ្នឹង។ មិន​ទាន់​បាន​អំណាច​ផង​ផ្ដាច់ការ​ប៉ុណ្ណឹង​ហើយ​ហ្នឹង»

ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស សម រង្ស៊ី នេះ​ដែរ ត្រូវ​បាន​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​លើក​ឡើង​ថា ការ​បែកបាក់​ផ្ទៃ​ក្នុង​​គណបក្ស សម រង្ស៊ី អាច​ជា​សញ្ញា​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា អាច​បាត់បង់​ការ​គាំទ្រ​​ក្នុង​ការ​បោះ​ឆ្នោត​នា​ឃុំ​សង្កាត់ និង​សកល​នៅ​ឆ្នាំ​២០១២-​២០១៣ ខាង​មុខ៕