សមាជិក​សភា​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ

សមាជិក​សភា​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ​ដែល​មាន​រយៈពេល ៩៩​ឆ្នាំ ឱ្យ​ក្រុមហ៊ុន​បរទេស​ដើម្បី​លុប​ចោល​សម្បទាន​ទាំង​នោះ​ជា​បន្ទាន់។

នៅ​ក្នុង​លិខិត​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ពុធ ទី​៧ ខែ​កញ្ញា លោក សុន ឆ័យ បាន​សរសេរ​គូស​បញ្ជាក់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​នឹង​នាំ​មក​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ជាតិ​ខ្មែរ​យើង។

ទន្ទឹម​គ្នា​នេះ លោក សុន ឆ័យ ក៏​បាន​ទាមទារ​ជា​ផ្លូវការ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ចាត់​វិធានការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ CRCK និង​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មក​ឆ្លើយ​បំភ្លឺ​សំណួរ​ផ្ទាល់​មាត់​របស់​អ្នក​តំណាងរាស្ត្រ នៅ​ដើម​ខែ​តុលា។

ក្នុង​លិខិត​ដដែល​នោះ លោក សុន ឆ័យ បាន​សរសេរ​ជម្រាប​លោក សុខ អាន ឧបនាយរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដោយ​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​កើត​ឡើង​ក្នុង​រូបភាព​ថ្មី តាម​រយៈ​យក​ព្រៃ​ស្រោង​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ចម្ការ​កៅស៊ូ។ បទល្មើស​ថ្មី​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​វិធានការ​តឹងរ៉ឹង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​មន្ត្រី​យោធា​មួយ​ចំនួន​រួច​មក។

មក​ទល់​ពេល​នេះ ការ​កាប់​បំផ្លាញ​តំបន់​ព្រៃឡង់ នៅ​តែ​កើត​មាន​ជា​បន្ត​ឥត​ឈប់ ហើយ​រដ្ឋ​សភា​នៅ​មិន​ទាន់​បាន​ទទួល​ឯកសារ​ផ្លូវការ​ពី​ក្រុមហ៊ុន​វៀតណាម បញ្ជាក់​ពី​សិទ្ធិ​ក្នុង​ការ​កាប់​យក​ព្រៃ​ក្នុង​តំបន់​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​លោក សុន ឆ័យ នៅ​ឡើយ​ទេ៕