កាលពីដើមខែមករា សមត្ថកិច្ចក្រុងភ្នំពេញ បានសហការជាមួយក្រុមហ៊ុនផានអ៊ីម៉ិច ឃាត់ខ្លួនអ្នកភូមិបុរីកីឡា ហើយបានឃុំឃាំងអ្នកភូមិទាំងនោះអស់រយៈពេលមួយសប្ដាហ៍ ដោយបានបង្ខំឲ្យពួកគេទទួលយកប្រាក់សំណងមិនសមស្របជាថ្នូរនឹងការបង្ខំបណ្ដេញពួកគេពីផ្ទះសម្បែង។
អ្នកស្រីបន្តថា សាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងហើយ។ អ្នកស្រីថា នេះជាករណីនយោបាយដែលរដ្ឋាភិបាលកំពុងប្រើប្រាស់ប្រឆាំងគណបក្ស សម រង្ស៊ី។
អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្ញុំ តាមសម្បជញ្ញៈរបស់ខ្ញុំ តាមអ្វីដែលខ្ញុំយល់ឃើញថា ជាកាតព្វកិច្ចនៃអ្នកតំណាងរាស្ត្រទៅពន្យល់ ទៅជួយរាស្ត្រ។ បើសិនជាការដែលខ្ញុំបកស្រាយអំពីច្បាប់ ទៅជាការបរិហារកេរ្តិ៍ ការដែលខ្ញុំជួយរាស្ត្រដើម្បីឲ្យចេញពីការឃុំឃាំងទៅជាការខុសនឹងច្បាប់ ខ្ញុំសូមយកច្បាប់មកមើលមើល៍។ អ្វីដែលខ្ញុំយល់ឃើញថា ជាការអាម៉ាស់បំផុតនោះ បើសិនជាអ្នកតំណាងរាស្ត្រគិតតែពីជាប់ទោសរបៀបនេះ គឺស្ថាប័នសភាជាអ្នកត្រូវប្រឈមមុខនឹងការអាម៉ាស់មុខនេះ។ តើតម្លៃនៃអ្នកតំណាងរាស្ត្រនៅឯណា? តើស្ថាប័នសភា១ឆ្នាំចាយរាប់លានដុល្លារដើម្បីអី?»។
បច្ចុប្បន្ននេះអ្នកស្រី មូរ សុខហួរ គ្មានអភ័យឯកសិទ្ធិតំណាងរាស្ត្រទេ។ សមត្ថកិច្ចអាចចាប់ខ្លួនអ្នកស្រីបានដោយមិនចាំបាច់ស្នើសុំដកអភ័យឯកសិទ្ធិ។ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកាត់ក្តីឲ្យអ្នកស្រីចាញ់ក្ដីក្នុងបណ្ដឹងបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានកាត់ប្រាក់ខែអ្នកស្រី។
រដ្ឋសភាជាតិនៅមិនទាន់ផ្ដល់អភ័យឯកសិទ្ធិឲ្យអ្នកស្រីនៅឡើយទេ បើទោះបីជារដ្ឋសភាជាតិ បានកាត់ប្រាក់ខែអ្នកស្រីគ្រប់ចំនួនដែលត្រូវសងលោក ហ៊ុន សែន ហើយក៏ដោយ។ អ្នកស្រីបន្តទៀតថា អ្នកស្រីនឹងសុខចិត្តចូលពន្ធនាគារ ដើម្បីដោះដូរនឹងសិទ្ធិសេរីភាពពលរដ្ឋ។ អ្នកស្រីនឹងមិនចាកចេញពីកម្ពុជា ដើម្បីគេចវេះពីតុលាការកម្ពុជានោះទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
