លោក អេង ឆៃអ៊ាង អគ្គលេខាធិការគណបក្សសមរង្ស៊ី បានមានប្រសាសន៍ឲ្យដឹងថា គណៈកម្មការ អចិន្ត្រៃយ៍និងត្រូវកោះប្រជុំនៅចុងសប្តាហ៍នេះដើម្បីពិនិត្យនិងពិភាក្សាអំពីដំណើរការនៃការបោះឆ្នោត ។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ៖ «...តើយើងគួរចូលរួមការបោះឆ្នោត ឬក៏យ៉ាងម៉េច ? ត្រូវកែលម្អទាក់ទងនឹងដំណើរការបោះឆ្នោតហ្នឹង ។ យើងឃើញខ្វះច្រើនណាស់ គ.ជ.ប. ធ្វើមិនត្រឹមត្រូវច្រើនណាស់ទាក់ទងនឹងការចុះឈ្មោះ ការលុបឈ្មោះ ។ ហើយដំណើរការការឃោសនានេះ យើងឃើញមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ អ៊ីចឹងគណបក្សកាន់អំណាចមានឱកាសប្រើប្រាស់ប្រព័ន្ធឃោសនាយ៉ាងខ្លាំងក្លាតាំងពីឥឡូវនេះទៅ ហើយគណបក្សដទៃទៀតអត់មានទេ ។ មួយទៀតអព្យាក្រឹតភាពរបស់មន្ត្រីរាជការ ឥឡូវនេះ គឺគណបក្សកាន់អំណាចប្រើប្រាស់មន្ត្រីរាជការ ប្រើប្រាស់មធ្យោបាយរដ្ឋឲ្យបម្រើ ឃោសនាឲ្យខ្លួន ទាំងប៉ូលិស ទាំងទាហាន ទាំងតុលាការ ដែលជាការមួយរំលោភច្បាប់ស្តីពីគណបក្សនយោបាយ ហើយ គ.ជ.ប. ទៀត អត់ឃើញមានចាត់វិធានការអីទេ ទុកឱកាស ធ្មេចភ្នែកឲគណបក្សកាន់អំណាចធ្វើអីតាមអំពើចិត្ត» ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. បានមាន ប្រសាសន៍ឲ្យដឹងថា នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ គ.ជ.ប. នឹងរៀបចំកម្មវិធី ឃោសនាតាមប្រព័ន្ធផ្សាយរបស់រដ្ឋឲ្យបានស្មើភាពគ្នា ។
លោក ទេព នីថា មានប្រសាសន៍ថា ៖ «ខ្ញុំអត់ដឹងគាត់រិះគន់នៅពេលណា ព្រោះថានៅពេលឃោសនាបោះឆ្នោត គ.ជ.ប. រៀបចំកម្មវិធីស្មើភាពនៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយឡែកនៅដំណាក់កាលនេះ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប. ទេ ។ នៅពេលឃោសនាបោះឆ្នោត ៣០ថ្ងៃហ្នឹង គ.ជ.ប. មានកម្មវិធីតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ទាំងវិទ្យុ និងទូរទស្សន៍ ដើម្បីជួបគណបក្សឈរឈ្មោះបោះឆ្នោត ផ្សព្វផ្សាយស្មើភាពគ្នា» ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានមានប្រសាសន៍ឲ្យដឹងថា គណបក្សរបស់លោក នឹងត្រូវចូលរួម ក្នុងការប្រកួតប្រជែងក្នុងពេលបោះឆ្នោត នាពេលខាងមុខនេះ បើទោះបីជាឃើញ មានភាពមិនប្រក្រតីមួយចំនួនក៏ដោយ ។
លោក កឹម សុខា ថ្លែងដូច្នេះថា ៖ «យើងសម្រេចចិត្តថា ចូលរួម យើងត្រូវតែចូលរួម ទោះវាមានបញ្ហាមិនប្រក្រតីខ្លះ និងមានបញ្ហាគួរឲ្យសង្ស័យខ្លះក៏ដោយ យើងត្រូវតែចូលរួម ហើយយើងនៅធ្វើការតវ៉ាចំណុចខ្លះទៀត» ។
រីឯ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល បានមានប្រសាសន៍ឲ្យដឹងថា សភាពការណ៍ មុនពេលបោះឆ្នោត នៅអាណត្តិនេះមានភាពប្រសើរជាងពេលមុនៗ ហើយការប្រើប្រាស់ប្រព័ន្ធឃោសនាផ្សេងៗ ក៏មានភាពទូលាយដែរ ៖ «ប្រសើរជាង ការបោះឆ្នោត ២០០៨ ជាពិសេស បញ្ហាសន្តិសុខ មកដល់ឥឡូវនេះ យើងអត់ទាន់ឃើញមានអំពើហិង្សាធ្ងន់ធ្ងរ ឃាតកម្មប្រឆាំងនឹងអ្នកនយោបាយ គណបក្សនយោបាយ បើយើងរាប់ជាករណីយើងឃើញថា វាប្រសើរជាង» ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃអាទិត្យនេះ ទើបតែមានគណបក្ស ៣ ប៉ុណ្ណោះ ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោត នៅ គ.ជ.ប ហើយថ្ងៃទី ១២ ខែឧសភា នឹងឈប់ទទួលពាក្យចុះឈ្មោះរបស់គណបក្សនយោបាយ ៕
