ប៉ុន្តែ តំណាងយុវជនគណបក្ស សម រង្ស៉ី ឆ្លើយតបថា បណ្ដឹងនេះមិនមែនធ្វើឡើងក្នុងគោលដៅនយោបាយនោះទេ ប៉ុន្តែខ្លួនមានភស្តុតាងផ្លូវច្បាប់គ្រប់គ្រាន់ ក្នុងការតតាំងក្តីជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តើសំណុំរឿងប្ដឹងផ្តល់នោះ នឹងមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់គូភាគីទាំងពីរ និងពលរដ្ឋទូទៅ?
ករណីប្រធានចលនាយុវជនគណបក្ស សម រង្ស៉ី ប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការ បង្ហាញឲ្យឃើញរូបភាពសំខាន់ៗបីចំណុច។ ទីមួយ គឺលោក ហ៊ុន សែន មានហេតុផលលើកឡើងថា កម្ពុជា ជាប្រទេសប្រជាធិបតេយ្យ។ ទីពីរ យុវជនគណបក្សប្រឆាំង នឹងល្បីឈ្មោះ មានមហាជនស្គាល់ច្រើនតាមរយៈបណ្ដឹងនេះ។ ទីបី ពលរដ្ឋនឹងចាប់អារម្មណ៍ពិចារណា និងតាមដានលើករណីមនុស្សស្លាប់នៅកោះពេជ្រ ដែលស្ទើរតែផុតរលត់នៅក្នុងអារម្មណ៍នោះឲ្យកក្រើកឡើងវិញ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច កត់សម្គាល់ថា បណ្ដឹងរបស់យុវជនគណបក្សប្រឆាំងអាចជាករណីនយោបាយ ព្រោះថាពាក្យបណ្ដឹងចង់បង្ហាញពីចេតនាសំដៅថ្នាក់ដឹកនាំកំពូល ហើយធ្វើឡើងស្របពេលការបោះឆ្នោតជិតចូលមកដល់ថែមទៀត។ លោកបន្តថា នៅពេលដែលជិតបោះឆ្នោតម្តងៗ គណបក្សនយោបាយនានាតែងតែរកចំណុចខ្លាំង ឬចំណុចខ្សោយរបស់គូប្រជែង ដើម្បីវាយប្រហារក្នុងគោលដៅទាក់ទាញការចាប់អារម្មណ៍របស់ពលរដ្ឋ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋសព្វថ្ងៃតាមដានព័ត៌មាន ដូចនេះរឿងរ៉ាវប្ដឹងផ្តល់នេះនឹងផ្តល់នូវភស្តុតាងជាច្រើនទៀត សម្រាប់ឲ្យពលរដ្ឋធ្វើការពិចារណាក្នុងការបោះឆ្នោតនាពេលខាងមុខ៖ «មិនមែនជារឿងសាមញ្ញទេ ជារឿងធំបំផុតក្នុងរបត់នយោបាយនៅកម្ពុជា ប្រជាពលរដ្ឋជាអ្នកផ្តល់អំណាចឲ្យបក្សណាមួយ ដើម្បីឈ្នះឆ្នោតនៅឆ្នាំ២០១៣។ ពលរដ្ឋតាមដានព័ត៌មាន អីចឹងពលរដ្ឋអាចដឹងថារឿងហ្នឹងតុលាការបកស្រាយត្រឹមត្រូវដែរឬទេ ហើយបន្ទុកនៃសាច់រឿងត្រូវដាក់ទៅលើអ្នកណា អ្នកណាដែលទទួលបាននូវយុត្តិធម៌»។
លោក សុខ ទូច បន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងមានផលប្រយោជន៍សម្រាប់បង្ហាញអន្តរជាតិដែរអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ព្រោះថាមានក្មេងស្រករក្រោយហ៊ានប្ដឹងដល់ទៅនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ធ្នូ ក្នុងសន្ទរកថាទៅកាន់ពលរដ្ឋនៅខេត្តព្រះសីហនុ ហាក់មិនបានសម្ដែងអារម្មណ៍ខឹងសម្បារតបទៅកាន់យុវជនគណបក្ស សម រង្ស៉ី ទេ។ លោក ហ៊ុន សែន ថែមទាំងសរសើរថា យុវជនបច្ចុប្បន្នមានភាពក្លាហានជាងយុវជនជំនាន់មុនឆ្ងាយណាស់ ព្រោះតែពួកគេមានការអប់រំច្រើន ប៉ុន្តែលោកក៏មិនភ្លេចកេងចំណេញនយោបាយខ្លះដែរជុំវិញករណីប្ដឹងផ្តល់នេះ៖ «មានយុវជនមួយនោះ គេបានដាក់ពាក្យប្ដឹងខ្ញុំកាលពីម្សិលម្ង៉ៃ វាច្បាស់ណាស់ថា គ្មានការគាបសង្កត់អ្វីទាំងអស់ក្នុងរឿងនយោបាយ រហូតដល់យុវជនអាយុជាងម្ភៃឆ្នាំម្នាក់ហ៊ានដាក់ពាក្យប្ដឹងនាយករដ្ឋមន្ត្រីរបស់ប្រទេសបាន តើសិទ្ធិប៉ុណ្ណាទៀត។ យុវជនជាន់នេះមានសិទ្ធិគ្រប់បែបយ៉ាងទាំងអស់ រាប់ទាំងសិទ្ធិប្ដឹងនាយករដ្ឋមន្ត្រីទៅតុលាការ»។
លោក ហ៊ុន សែន បន្តថា រឿងរ៉ាវប្ដឹងផ្តល់នេះទុកឲ្យតុលាការជាអ្នកសម្រេច ប៉ុន្តែលោកនឹងប្ដឹងបកវិញ បើសិនជាតុលាការរកឃើញថាលោកមិនមានកំហុស។
ទោះជាយ៉ាងណាក្តី ប្រធានចលនាយុវជនគណបក្ស សម រង្ស៉ី លោក សួង សុភ័ណ្ឌ ថ្លែងថា លោកប្ដឹងលោកនាយករដ្ឋមន្ត្រីទៅកាន់តុលាការ មិនមែនជារឿងកេងចំណេញផ្នែកនយោបាយនោះទេ។ លោកបន្តថា លោកមានភស្តុតាងគ្រប់គ្រាន់សម្រាប់បង្ហាញតុលាការ ដូចនេះលោកសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះនៅកោះពេជ្រ។ លោក សួង សុភ័ណ្ឌ បញ្ជាក់ថា ទោះបីជាលោកនាយករដ្ឋមន្ត្រីនឹងប្ដឹងតបវិញក៏ដោយ ប៉ុន្តែលោកត្រៀមខ្លួនរួចជាស្រេចក្នុងការតទល់នឹងមន្ត្រីធំៗរបស់រដ្ឋាភិបាលក្នុងសំណុំរឿងនៅកោះពេជ្រ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំអត់មានការបារម្ភនោះទេ បែរជាខ្ញុំសប្បាយចិត្តទៅវិញ ដោយសារខ្ញុំបានហេតុអ្វី? ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំបានយកច្បាប់ហ្នឹងមកប្រើ ខ្ញុំបានជជែកវែកញែកច្បាប់ជាមួយរដ្ឋាភិបាល យកមកជួយពលរដ្ឋដែលរងគ្រោះខ្វះសេចក្តីក្លាហានក្នុងការប្រឈមមុខដោយខ្លួនឯង ដូចនេះ ខ្ញុំមិនខ្លាចទាល់តែសោះ»។
លោក សួង សុភ័ណ្ឌ បន្តថា ពាក្យបណ្ដឹងរបស់លោកនឹងក្លាយជាសញ្ញាមួយប្រាប់ពលរដ្ឋទូទៅថា ពលរដ្ឋមានសិទ្ធិគ្រប់បែបយ៉ាង ដូចនេះមិនត្រូវឲ្យគេរំលោភសិទ្ធិរបស់ខ្លួនជាដាច់ខាត។
ចំណែកឯប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា យុវជនគណបក្ស សម រង្ស៉ី ប្ដឹងលោកនាយករដ្ឋមន្ត្រីជាសិទ្ធិរបស់គាត់។ តែលោកនាយករដ្ឋមន្ត្រីក៏អាចវាយបកវិញ តាមរយៈផ្លូវច្បាប់ដែរក្នុងករណីបទល្មើសបរិហារបង្កាច់កេរ្តិ៍ បើសិនជាមានភស្តុតាងបញ្ជាក់ពីចេតនាអាក្រក់ណាមួយរបស់យុវជនគណបក្សប្រឆាំង។
ទាក់ទិននឹងរឿងប្ដឹងផ្តល់គ្នាទៅវិញទៅមកនេះ អ្នកស្រី មូរ សុខហួរ ក៏ធ្លាប់ចាញ់ក្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងដែរ ដោយតុលាការគ្រប់ជាន់ថ្នាក់សុទ្ធតែកាត់ក្តីឲ្យលោកនាយករដ្ឋមន្ត្រីឈ្នះ ហើយតម្រូវឲ្យស្ត្រីរូបនេះបង់ប្រាក់សំណងអស់ជាច្រើនលានរៀល តែមហាជន និងក្រុមសង្គមស៊ីវិលមួយចំនួន ព្រមទាំងអ្នកស្រី មូរ សុខហួរ សុទ្ធតែរិះគន់ថាមិនយុត្តិធម៌។
ចំពោះករណីមនុស្សស្លាប់នៅកោះពេជ្រវិញ អ្នកតាមដានបញ្ហាសង្គមយល់ថា យុវជនគណបក្ស សម រង្ស៉ី ប្ដឹងមន្ត្រីរដ្ឋាភិបាលពីរឿងទទួលខុសត្រូវវិញ ទើបត្រឹមត្រូវជាង ដោយសារហេតុផលថា បន្ទាប់ពីមនុស្សស្លាប់នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០ រួចមក អាជ្ញាធរមិនបានចេញមុខទទួលខុសត្រូវនោះទេ។ មន្ត្រីរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែផ្តល់លុយសំណងឲ្យក្រុមគ្រួសារជនរងគ្រោះជាការស្រេច ហើយមន្ត្រីរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រ វាយកម្ទេចស្ពានប្រវត្តិសាស្ត្រដែលឆក់យកជីវិតមនុស្សជាង ៣០០នាក់ចោល ដើម្បីបំបាត់ភស្តុតាងថែមទៀត។
តាមការសិក្សានាពេលកន្លងទៅ មន្ត្រីរដ្ឋាភិបាល ឬអ្នកនយោបាយខ្មែរជាច្រើនជំនាន់ មិនសូវមានស្មារតីទទួលខុសត្រូវនោះទេ បើទោះជាខ្លួនដឹកនាំបណ្ដាលឲ្យមានបញ្ហាអ្វីកើតឡើងក៏ដោយ។ សវនាការសាលាក្តីខ្មែរក្រហមបង្ហាញថា មេដឹកនាំខ្មែរក្រហមទាំងនោះមិនមាននរណាម្នាក់ទទួលស្គាល់ថាខ្លួនគ្រប់គ្រងមិនត្រឹមត្រូវទេ។ ព្រឹត្តិការណ៍ថ្ងៃ៥ ថ្ងៃ៦ កក្កដា សម្លាប់មនុស្សអស់ជាច្រើននាក់ ក៏អ្នកដឹកនាំឆ្លើយដាក់គ្នាទៅវិញទៅមកដែរ។ ព្រឹត្តិការណ៍កោះពេជ្រ ក៏មិនមានមន្ត្រីណាម្នាក់ចុះចេញពីតំណែងដើម្បីបង្ហាញថាខ្លួនមិនបានបំពេញកាតព្វកិច្ចមិនបានល្អនោះដែរ។ បើនៅប្រទេសជប៉ុន វិញ ពេលមានរលកយក្សសូណាមិ (tsunami) នាយករដ្ឋមន្ត្រីសុំទោសពលរដ្ឋ ហើយដោះស្រាយបញ្ហាចប់ គេចុះចេញពីតំណែងភ្លាម ដើម្បីសម្ដែងការទទួលខុសត្រូវ។ នៅប្រទេសឥណ្ឌា ធ្លាប់មានរដ្ឋមន្ត្រីចុះចេញពីតំណែង ដោយសារតែមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើង។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច កត់សម្គាល់ថា តាមរយៈរឿងរ៉ាវប្ដឹងផ្តល់រវាងយុវជនគណបក្ស សម រង្ស៉ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្តល់នូវដំបូន្មានសម្រាប់ការទទួលខុសត្រូវរបស់អ្នកនយោបាយ ពេលដែលខ្លួនមានអំណាចផ្តល់ការត្រិះរិះពិចារណាពីតម្លៃនៃជីវិតមនុស្ស និងអាចប្រាប់ទៅយុវជនជំនាន់ក្រោយឲ្យហ៊ានប្រឈម និងចូលរួមបញ្ហានានាក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។