ប្រធានក្រុមយុវជននៃគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បានថ្លែងនៅថ្ងៃទី៧ ធ្នូ ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានប្រើពេលជិត ២ម៉ោងដើម្បីសាកសួររូបលោកពីមូលហេតុនៃការដាក់បទចោទប្រកាន់ និងដេញដោលរកភស្តុតាងមួយចំនួនពាក់ព័ន្ធបទចោទនេះ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំបានបង្ហាញនូវភស្តុតាងទាក់ទងខ្សែវីដេអូ និងរូបថតយ៉ាងច្បាស់លាស់ ហើយខ្ញុំបានដាក់បន្ទុកសំខាន់ណាស់ទាក់ទងទៅនឹងការសាងសង់ស្ពាន។ ខ្ញុំឲ្យឈ្មោះថា ស្ពានគម្រោងពិឃាដ។ អត់មានការគាបសង្កត់ សម្លុត ឬគំរាមអីនោះទេ គឺសួរនូវហេតុផល ហើយនិងភស្តុតាង។ ក្នុងនោះដែរ គេបានជជីកសួរយ៉ាងច្បាស់ណាស់ ហេតុអ្វីបានជាយើងចោទពីបទឃាតកម្មគិតទុកជាមុន? ក្រៅពីនេះទៅទៀត លោកព្រះរាជអាជ្ញាបានវិភាគពាក់ព័ន្ធនឹងការពួនស្ទាក់ស្របទៅនឹងឃាតកម្មគិតទុកជាមុននោះ ហើយនិងដេញដោលរកភស្តុតាងមួយចំនួន ហើយខ្ញុំក៏បានផ្ដល់នូវភស្តុតាងមួយចំនួនផងដែរ»។
លោក សួង សុភ័ណ្ឌ បានឲ្យដឹងថា តុលាការនៅមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់ចូលខ្លួនម្ដងទៀត ឬបើកសវនាការនៅពេលណានោះទេ។
យុវជនរូបនេះ បានបញ្ជាក់ថា លោកនឹងមិនពឹងពាក់មេធាវីនោះទេ ក្នុងនាមលោកជានិស្សិតច្បាប់មួយរូបដែរ ដូច្នេះលោកមានសមត្ថភាពក្នុងការតតាំងសវនាការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដែលមានសាច់ញាតិស្លាប់ក្នុងហេតុការណ៍ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ បណ្ដាលឲ្យស្លាប់ចំនួន ៣៥៣នាក់ និងរងរបួសជិត ៤០០នាក់។
ម្យ៉ាងទៀត យុវជនដដែល ប្រកាន់ជំហរថា លោកនឹងមិនភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ក៏មិនស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសទីបីជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។