មន្ត្រីខេត្តបានឲ្យដឹងថា កម្ពុជាបានព្យាយាមនៅថ្ងៃនេះទៀត ក្នុងការចរចាតាមផ្លូវទូតនៅស្របនឹងការបញ្ជូនទាហានខ្មែរប្រដាប់ដោយអាវុធទៅត្រៀមនៅឯទីកើតហេតុ ។
នៅឯរាជធានីភ្នំពេញនេះវិញ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា មិនមានការប្រឈមមុខគ្នារវាងទាហានថៃនិងទាហានខ្មែរនោះទេ ប៉ុន្តែបានបញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជូនកម្លាំងប្រមាណជិត ៣០០នាក់ ទៅក្បែរកន្លែងកើតហេតុនោះ ។
លោកបានមានប្រសាសន៍ថា កម្លាំងទាហានខ្មែរនឹងត្រៀមទប់ទល់ ប្រសិនណាបើមានការផ្ទុះអាវុធណាមួយពីភាគីថៃបានកើតឡើង ។
ប្រសាសន៍របស់មន្ត្រីអ្នកនាំពាក្យខ្មែរគឺនៅបន្ទាប់ពីមានកិច្ចប្រជុំពិសេសមួយ បានធ្វើឡើងនៅក្នុងគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី លោក សុខ អាន និង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមន្ត្រីដឹកនាំផ្នែកប៉ូលិសផងនោះដែរ ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងថា មានកម្លាំងទាហានថៃប្រមាណ ២០០នាក់នៅឈរជើងឯទីកើតហេតុនោះ ៕
