ទីផ្សារ​មូលបត្រ​ស្រុក​ខ្មែរ​ដំណើរការ​ពេញលេញ​នៅ​ចុង​ឆ្នាំ​២០១១

ក្រោយ​ពី​ប្រទេស​ឡាវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​ទី​ផ្សារ​ភាគ​ហ៊ុន នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មី​នេះ ឥឡូវ​នេះ ប្រទេស​កម្ពុជា​បាន​បើក​ដំណើរ​ការ​ទីផ្សារ​មូលបត្រ​ដែរ។

0:00 / 0:00

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ បាន​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​នៃ​ទី​ផ្សារ​មូលបត្រ​លើក​ដំបូង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទីផ្សារ​មូលបត្រ​នេះ គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​ភាគ​ហ៊ុន​ចំនួន​៥៥% និង​ក្រុមហ៊ុន​មូលបត្រ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ភាគហ៊ុន​ចំនួន​៤៥%។ ទីផ្សារ​មូលបត្រ​នេះ និង​ដំណើរ​ការ​ពេញ​លេញ​នៅ​ចុង​ឆ្នាំ​២០១១។

ទីតាំង​នៃ​ទីផ្សារ​មូលបត្រ​នេះ គឺ​ស្ថិត​នៅ​ក្នុង​អាគារ​របស់​ធនាគារ​កាណាឌីយ៉ា (Canadia Bank) ជាន់​ទី​២៥ និង​ជាន់​ទី​២៦ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា លោក គាត ឈន់ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី ដែល​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ ថា​ការ​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​ទីផ្សារ​មូលបត្រ​នេះ​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា ៖ "សហគ្រាស​រដ្ឋ​៣ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ធ្វើ​ការ​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​បាន និង​កំពុង​ដំណើរ​ការ​យ៉ាង​មមាញឹក​កំពុង​បំពេញ​នីតិវិធី​នៃ​ការ​បោះ​ផ្សាយ​មូលបត្រ​ជា​សាធារណៈ​ដើម្បី​ឈាន​ដល់​ការ​ចុះ​បញ្ជី​សម្រាប់​ជួញ​ដូរ​នៅ​ក្នុង​ប្រពន្ធ​ជួញ​ដូរ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា"

ប្រធាន​ក្រុមហ៊ុន​ទីផ្សារ​មូលបត្រ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក គឹម ប៊ុងស៊ូ (Kim Bongsoon) បាន​មាន​ប្រសាសន៍​ជា​ភាសា​កូរ៉េ ហើយ​ត្រូវ​បាន​គេ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​រីកចម្រើន​ខាង​វិស័យ​ទីផ្សារ​មូលបត្រ គឺ​ជា​ការ​រីកចម្រើន​ខាង​វិស័យ​សេដ្ឋកិច្ច ៖ "ដូច្នេះ​ក្រុម​ផ្សារ​មូលបត្រ​កូរ៉េ​យើង​ខ្ញុំ និង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ធ្វើ​ឲ្យ​ទី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ នៃ​វិស័យ​សេដ្ឋកិច្ច តាម​រយៈ​បទ​ពិសោធ​ន៍​ដែល​យើង​មាន ក្នុង​ការ​ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​កូរ៉េ​ក្លាយ​ជា​គូរ​ប្រកួត​ប្រជែង​មួយ មាន​កម្រិត​ស្មើ​និង​ទីផ្សារ​មូលបត្រ​នានា​លើ​ឆាក​អន្តរជាតិ​ដូច​សព្វ​ថ្ងៃ​នេះ"

នៅ​ក្នុង​ពិធី​សម្ពោធ​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រកាស​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​បោះ​ពុម្ព​មូលបត្រ​សម្រាប់​ដាក់​លក់​នៅ​ទីផ្សារ​មូលបត្រ​នោះ គឺ​ទី​១ ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ទី​២ ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ទី​៣ ក្រុមហ៊ុន​ទូរគមនាគមន៍​ស្វយ័ត។

សេចក្ដី​រាយ​ការណ៍​នានា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មូលបត្រ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ គឺ​ឈរ​ក្នុង​លំដាប់​លេខ​១២ នៅ​លើ​ពិភព​លោក។

ប្រភព​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា គឺ​ដោយ​សារ​តែ​មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគ​យល់​គ្នា​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជា​មួយ​នឹង គឹម ស៊ួហាន់ (Kim Soohan) ជា​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០០៦ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាស៊ាន បូក​៣ នៅ​ប្រទេស​ឥណ្ឌា៕