ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធី ភីអិលស៊ី (Phnom Penh Securities P.L.C) បានបើកសិក្ខាសាលាស្ដីពីទីផ្សារមូលបត្រ នៅថ្ងៃទី១៦ កក្កដា នៅទីក្រុងភ្នំពេញ ដែលជាសារមួយបញ្ជាក់ថា កម្ពុជាកំពុងរៀបចំខ្លួនចូលរួមទីផ្សារមូលបត្រដូចប្រទេសជឿនលឿនដទៃ ទៀត ដែលនឹងចាប់ផ្ដើមនៅអនាគតដ៏ខ្លី។
ក្នុងសិក្ខាសាលាដែលមានអ្នកចូលរួមជិត ២០០នាក់ មកពីក្រុមហ៊ុននានា និងនិស្សិតដែរនោះ បានផ្សព្វផ្សាយព័ត៌មានអំពីវិធីអ្នកដែលចង់ក្លាយជាម្ចាស់ភាគហ៊ុន យន្តការទិញលក់មូលបត្រ និងផលចំណេញពីការទិញលក់មូលបត្រកម្ពុជា ដែលមានបទបង្ហាញ ៤ចំណុច គឺ ១-ទិដ្ឋភាពទូទៅនៃទៅផ្សារមូលបត្រ ២-អត្ថប្រយោជន៍ទីផ្សារមូលបត្រ ៣-ដំណើរការបោះផ្សាយមូលបត្រ-និងចំណុច ទី៤ គឺយន្តការទិញ និងលក់មូលបត្រ។ សិក្ខាសាលានោះ ក៏បានណែនាំឲ្យសិក្ខាកាមស្គាល់ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធី ភីអិលស៊ី ដែលជាអ្នករៀបចំសិក្ខាសាលានេះដែរ។
លោក អាន ចន្នី សិក្ខាកាមមួយរូបមកពីក្រុមហ៊ុនមួយក្នុងក្រុងភ្នំពេញ មានប្រសាសន៍ថា លោកប្រាថ្នាចង់ចូលរួមការធ្វើបទបង្ហាញលើកក្រោយទៀតឲ្យបានចប់ ទាំងស្រុង ដើម្បីស្រួលធ្វើការសម្រេចចិតថា តើលោកត្រូវទិញភាគហ៊ុននៅក្រុមណាដែលលោកទុកចិត្ត ៖ «ថ្មីដូចតែគ្នានេះគ្រាន់តែជាការរៀនមូលដ្ឋាននៅឡើយទេ យើងនឹងរៀនបន្ត។ ព្រោះយើងនឹងវិភាគរបាយការណ៍ហិរញ្ញវត្ថុមួយចំនួនរបស់ក្រុមហ៊ុន ទើបយើងសម្រេចចិត្តថាត្រូវទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយដែលយើង ពេញចិត្ត»។
រីឯកញ្ញា គឹម ចន្ទសុរិយា បញ្ជាក់ថា នាងចង់ក្លាយខ្លួនជាម្ចាស់ហ៊ុនម្នាក់នៃទីផ្សារមូលបត្រនេះទៅ អនាគត ដោយរំពឹងថា នាងនឹងអាចមានជីវភាពធូរធារជាងសព្វថ្ងៃ។
ផ្សារភាគហ៊ុន (Stock Exchange) គឺជាអង្គភាពស្ម័គ្រចិត្តមួយនៃបុគ្គល ដែលបានបង្កើតឡើងដើម្បីផ្ដល់ជាការកំណត់ជាស្ថាប័នមួយដែលក្នុង នោះហ៊ុនត្រូវបានគេទិញ និងលក់។ ផ្សារភាគហ៊ុនបានបង្កើតឡើងនូវច្បាប់មួយចំនួន ដើម្បីគ្រប់គ្រងរាល់សកម្មភាពជួញដូរនៅលើផ្សារភាគហ៊ុន ហើយផ្សារភាគហ៊ុនបានតម្រូវឲ្យអនុវត្តច្បាប់ទាំងនោះទៅលើសមាជិក របស់ខ្លួន។ ផ្សារភាគហ៊ុនភាគច្រើនគឺសាជីវកម្មមិនយកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដើម្បីបម្រើសមាជិករបស់គេ។ ដើម្បីឲ្យបានទៅជាសមាជិកមួយនៃផ្សារភាគហ៊ុន បុគ្គលម្នាក់ត្រូវតែទិញហ៊ុនមួយដែលមានកំណត់របស់សមាជិកភាពដែលគេ ហៅថា "អាសនៈ" នៅផ្សារភាគហ៊ុន។
លោក អាបប៊ែល ឈូ នាយករងចាត់ការទូទៅក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធី ភីអិលស៊ី មកពីកោះតៃវ៉ាន់ មានប្រសាសន៍ថា ការផ្សព្វផ្សាយព័ត៌មាននៃដំណើរការប្រតិបត្តិការទីផ្សារភាគហ៊ុន ឬផ្សារមូលបត្រនេះ មានសារប្រយោជន៍ណាស់ចំពោះអាជីវករ និងប្រជាជនកម្ពុជា ដែលចង់ចូលរួមទីផ្សារនេះ ដោយលោកថា មានប្រជាជនខ្មែរជាច្រើនចង់ចូលរួមរកស៊ីផ្សារភាគហ៊ុននេះ តែពួកគាត់មិនដឹងរបៀបរបបទីផ្សារនេះ ហើយនៅពេលដែលពួកគាត់បានចូលរួមសិក្សាក្នុងសិក្ខាសាលានេះ ពួកគាត់នឹងអាចចូលរួមបាន ៖ «ខ្ញុំគិតថា ពេលនេះ ប្រជាជនអាចគិតថា ផ្សារមូលបត្រពិតជារបរពាណិជ្ជកម្មថ្មីស្រឡាងមួយចំពោះកម្ពុជា ហើយខ្ញុំគិតថា ខ្មែរភាគច្រើនពិតជាមិនយល់អំពីមុខជំនួញនេះទេ ដូច្នេះហើយតើយើងរៀបចំសិក្ខាសាលានេះឡើងបង្រៀនគាត់ឲ្យយល់ ឲ្យគាត់មានលទ្ធភាពក្លាយទៅជាអ្នកវិនិយោគក្នុងទីផ្សារនេះបានទៅអនាគត»។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបើកផ្សារភាគហ៊ុនចាប់តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ តែត្រូវបានពន្យារពេលជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ដោយបញ្ហានយោបាយក្នុងប្រទេស និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ និងសកលកន្លងមក។ គោលបំណងបង្កើតផ្សារភាគហ៊ុនរបស់រដ្ឋាភិបាលគឺដើម្បីកៀរគរធនធាន ហិរញ្ញវត្ថុ បង្កើនកំណើនខ្ពស់នៃការរីកចម្រើនសេដ្ឋកិច្ច។ ទើបតែនៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១១ រដ្ឋាភិបាលបានប្រកាសបើកទីផ្សារនេះ ដែលបានដាក់ឈ្មោះជាផ្លូវការថា ទីផ្សារមូលបត្រកម្ពុជា តែគេរំពឹងទីផ្សារនេះ នឹងអាចដំណើរការបាននៅចុងឆ្នាំ២០១១ ឬនៅ ដើមឆ្នាំ២០១២ ឯនោះ ព្រោះថាគឺត្រូវការពេលរៀបចំគោលការណ៍ និងធ្វើការងារខ្លះទៀតដែលនៅមិនទាន់បានធ្វើរួចរាល់នៅឡើយ៕