អភិបាលស្រុកសំពៅលូន លោក ជុំ ស៊ីប បានមានប្រសាសន៍នៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឲ្យដឹងថា គ្រោះមហន្តរាយខ្យល់ព្យុះនេះបានកើតឡើងកាលពីវេលាម៉ោង ៥:២០នាទី ល្ងាចថ្ងៃសៅរ៍។
លោក ជុំ ស៊ីប បានបញ្ជាក់ថា ៖ «ឥឡូវយើងឃើញការខូចខាតហ្នឹងទាំងអស់ ដែលប៉ះពាល់ផ្ទះហ្នឹង ១០៣ខ្នង ឃុំសន្តិភាព និងឃុំតាស្ដា។ រលំទាំងស្រុង ៣ខ្នង ហើរតែដំបូលអស់ ២៥ខ្នង ហើយ ៧៥ខ្នងទៀតគ្រាន់តែប៉ះពាល់ ផ្ទះខ្លះក៏អស់ស័ង្កសី ២០-៣០សន្លឹក។ អ្នកដែលរងរបួស ៣នាក់ ប៉ុន្តែម្នាក់នោះរងរបួសធ្ងន់គួរសមដែរ វាមុតនឹងឈើ ឬស័ង្កសីដែលវាហើរ ហើយ ២នាក់ទៀតគ្រាន់តែឈើវ៉ៃតិចៗទេ របួសតិចៗទេ!»។
លោកអភិបាលស្រុក ជុំ ស៊ីប បានបញ្ជាក់ថា ចំនួនផ្ទះរងការខូចខាតនេះគឺជាចំនួនតួលេខបឋម ដែលអាជ្ញាធរទើបស្រង់បានក្រោយពីការខូចខាត ហើយក្រុមអាជ្ញាធរកំពុងចុះទៅស្រង់ចំនួនគ្រួសារ និងផ្ទះអ្នកភូមិដែលរងការខូចខាតបន្ថែម ដើម្បីដាក់ទៅកាកបាទក្រហមខេត្តបាត់ដំបង ដើម្បីរកការជួយសង្គ្រោះ។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១០ ខ្យល់ព្យុះដូចគ្នានេះបានបោកបក់បំផ្លាញផ្ទះតូចធំចំនួន ១០៥ខ្នង ឲ្យដួលរាបដល់ដី នៅស្រុកចំនួនពីរ គឺសំឡូត និងរតនៈមណ្ឌល ក្នុងខេត្តបាត់ដំបងផងដែរ ធ្វើឲ្យអ្នកភូមិជាច្រើនគ្រួសារបាត់បង់ទីជម្រក។
អាជ្ញាធរខេត្តបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១០ ខ្យល់ព្យុះបានបោកបក់បំផ្លាញផ្ទះអ្នកភូមិក្នុងខេត្តបាត់ដំបង អស់ចំនួន ១៩៧ខ្នង ធ្វើឲ្យប្រជាពលរដ្ឋ ១៨៨គ្រួសារបាត់បង់ទីជម្រក ក្នុងនោះមានសាលារៀនបីខ្នង និងកុដិលោកពីរខ្នងត្រូវខ្យល់ព្យុះបោកបក់ឲ្យខូចខាតដំបូល។ នេះនៅមិនទាន់រាប់បញ្ចូលចំនួនផ្ទះដែលទទួលរងការខូចខាតជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះទេ៕