នៅ​កំពង់​ចាម ផ្ទះ​ជាច្រើន​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ ​មនុស្ស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់

2008-06-03

ផ្ទះ​អ្នកស្រុក​ជាច្រើន​ខ្នង​ក្នុង​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម ត្រូវ​បាន​ដួល​រលំ​បែកបាក់​ដោយសារ​ខ្យល់​ព្យុះ​កំបុង​ត្បូង រួមទាំង​ស្លាក​គណបក្ស​មួយ​ចំនួន និង​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​រន្ទះបាញ់​កាលពី​ល្ងាច​ថ្ងៃទី ២ មិថុនា ។

ជំទប់​ទី២​ឃុំ​ថ្មពូន ស្រុក​ព្រៃឈរ គឺ​លោក អ៊ឹម ស៊ាងឡេង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ថា ប្រមាណ​ជា​ម៉ោង ៥​ល្ងាច កាលពី​ថ្ងៃ​ទី​២ មិថុនា មានខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នាំ​គ្រាប់​ភ្លៀង​ធំ​ៗ បាន​បោកបក់​មក​លើ​ផ្ទះ​អ្នកស្រុក​ក្នុង​ឃុំ ធ្វើ​ឲ្យ​ផ្ទះ​១៥​ខ្នង​ដួល​រលំ​បែកបាក់ ប៉ុន្តែ​ពុំបណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ ។

អ្នកស្រី ឡុង រុន បាន​មាន​ប្រសាសន៍​ថា ប្រមាណជា​ម៉ោង​៥​ល្ងាច មេឃ​ងងឹត​គ្រាប់​ភ្លៀង​ធំ​ៗ ខ្យល់​ព្យុះ​ក៏​បោកបក់​មក​ជាមួយ កួច​ដើម​ឈើ​ដួល​រលំ​ជាច្រើន​ដើម រួច​បន្ត​ទៅ​កួច​ផ្ទះ​អ្នកស្រី​នៅ​ចុង​ភូមិ​បឹង​ឲ្យ​ដួល​រលំ​ថែម​ទៀត​ផង ។

អ្នកស្រី​ថា អ្នកស្រី​គ្មាន​ទី​ជម្រក​ទេ​ពេលនេះ ហើយ​សម្ភារៈ​នៅ​ក្នុង​ផ្ទះ​ក៏​ត្រូវ​ខ្យល់​ព្យុះ​បំផ្លាញ​គ្មាន​សល់​ដែរ ៖ «ដើម​ឈើ​ក្បែរ​ផ្ទះ​ខ្ញុំ​ដួល​អស់​រលីង ហើយ​កូន​ខ្ញុំ​ត្រូវ​ផ្ទះ​រលំ​លើ​ត្រូវ​ឆ្អឹង​ខ្នង ។ សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ជួយ​ខ្ញុំ​ផង ខ្ញុំ​វេទនា​ណាស់»

អ្នកស្រី មុំ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កួច​ឲ្យ​របើក​ដំបូល​ផ្ទះ​ខូច​ខាត​ប្រមាណ​៨០​ភាគរយ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​កំពុង​ជួប​នូវ​ភាព​ទុរគត​ហើយ​នៅ​ពេល​នេះ ៖ «អីវ៉ាន់​ខូចខាត បែក​ចាន​ឆ្នាំង​អស់​រលីង​ហើយ ជញ្ជាំង​ដំបូង​របើក​អស់​ហើយ ។ សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​អត់ ខ្ញុំ​វេទនា​ណាស់»

ជំទប់​ទី​២ អ៊ឹម ស៊ាងឡេង បាន​ឲ្យ​ដឹង​ថា ផ្ទះ​រងគ្រោះ​ទាំង​១៥​ខ្នង​សុទ្ធតែ​ជា​ផ្ទះ​ប្រក់​ស្លឹក ហើយ​ក្រីក្រ​ស៊ី​ឈ្នួល​គេ​ដើម្បី​រស់​តែ​មួយ​ពេល​ៗ ប៉ុណ្ណោះ ។

អភិបាល​ស្រុក​ព្រៃឈរ គឺ​លោក ស្រី សារឿន បាន​ផ្ដល់​សម្ភាសន៍​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា មាន​ផ្ទះ​ជា​ច្រើន​ខ្នង​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ទៀត រួមទាំង​ស្លាក​គណបក្ស​ក៏​ត្រូវ​ដួល​រលំ​ខូចខាត​ដែរ ហើយ​ក៏​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​ថែម​ទៀត ៖ «នៅ​ឃុំ​ល្វា អស់​១០​ខ្នង ឃុំ​ព្រៃឈរ​មាន​៧​ខ្នង ឃុំ​សូរសែន ២​ខ្នង នៅ​ស្រងែ រន្ទះ​បាញ់​ស្លាប់​ម្នាក់ ... រលំ​ស្លាក​គណបក្ស ៩...»

អភិបាល​ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ នៅ​ក្នុង​ស្រុក​ព្រៃឈរ​ដែល​មាន​ផ្ទះ​និង​ស្លាក​គណបក្ស​ដួល​រលំ​ដោយ​ខ្យល់​ព្យុះ ហើយ​លោក​ថា ទុក្ខ​វេទនា​នេះ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​និង​ក្រុម​ការងារ​មួយ​ចំនួន​បាន​ចុះ​ជួយ​រំលែក​ទុក្ខ ដោយ​ផ្ដល់​សម្ភារៈ​និង​អាហារូបត្ថម្ភ​សង្គ្រោះ​បន្ទាន់​ហើយ ៕

អត្ថបទ​ដែល​ទាក់ទង

ស្ថានភាព​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​នៅ​ក្រោយ​ទទួល​រង​ជំនន់​ទឹក​ភ្លៀង

សេចក្ដី​រាយការណ៍៖ មាន​យាន​អាថ៌​កំបាំង​ផ្ទុះ​ធ្លាក់​នៅ​លើ​កោះត្រល់

មាន​ដំណឹង​ថា យន្តហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ខេត្ត​កំពត

សាឡាង​អ្នកលឿង​ជួប​ឧប្បត្តិហេតុ​កណ្តាល​ទន្លេ

រញ្ជួយ​ផែនដី​នៅ​ចិន​សម្លាប់​មនុស្ស​ជាង ១​ម៉ឺន​នាក់

មនុស្ស​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​នៅ​ភូមា​កើន​ឡើង​ជិត​១០​ម៉ឺន​នាក់

មនុស្ស​២​នាក់​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ខែត្រ​កណ្តាល

អាជ្ញាធរ​ភូមា​ប្រមូល​យក​អំណោយ​វិញ ក្រោយ​ពេល​ចែក​រួច

កម្ពុជា​ផ្ដល់​ប្រាក់​ជំនួយ​៥​ម៉ឺន​ដុល្លារ​ដល់​ភូមា