ខ្យល់​ព្យុះ​កេតសាណា​សម្លាប់​មនុស្ស​២៤​នាក់​នៅ​កម្ពុជា

មន្ត្រី​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​ថា ខ្យល់​ព្យុះ​ឈ្មោះ​កេតសាណា បាន​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​២២​លាន​ដុល្លារ​អាមេរិក។

0:00 / 0:00

លោក ចៅ វី មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​មាន​ប្រសាសន៍​ថា តាម​ការ​សរុប​ចុង​ក្រោយ​បាន​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់ ត្រូវ​បាន​ស្លាប់​ដោយ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឈ្មោះ​កេតសាណា ដែល​បាន​បក់​បោក​មក​លើ​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា នា​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក ចៅ វី មាន​ប្រសាសន៍​ដូច្នេះ ៖ «បូក​រឿង​បញ្ហា​ខ្យល់​ព្យុះ​កេតសាណា​ហ្នឹង មាន​៣​នាក់​នៅ​រតនគិរី ៦​នាក់​នៅ​សៀមរាប ៩​នាក់​នៅ​កំពង់ធំ ២​នាក់​នៅ​កំពង់ឆ្នាំង និង​៤​នាក់​នៅ​ខេត្ត​សីហនុ»

លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី​និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃ​ទី​៩ តុលា ថា តួលេខ​នៃ​ការ​ខូចខាត​ខាង​លើ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​បណ្តោះអាសន្ន​ប៉ុណ្ណោះ។

លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «នេះ​ជា​ការ​វាយ​តម្លៃ​បណ្ដោះ​អាសន្ន​ទេ...។ ផ្លូវ​ដែល​ខូច ដែល​មិន​ទាន់​គិត​ដល់​ផ្លូវ​ថ្នល់ ផ្លូវ​ស្ពាន។ ផ្លូវ​ថ្នល់​ហ្នឹង​គឺ​ផ្លូវ​លំ​សំខាន់​ជាង​គេ ផ្លូវ​ជាតិ​មិន​សូវ​មាន​ខូច​ប៉ុន្មាន​ទេ ហើយ​ផ្ទះ​សម្បែង​ប្រជាជន​យើង​ប៉ាន់​ស្មាន​ទៅ»

ព្យុះ​កំបុត​ត្បូង​កេតសាណា​បាន​បោក​បក់​មក​លើ​ខេត្ត​មួយ​ចំនួន នៃ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ខេត្ត​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​នោះ រួម​មាន​ខេត្ត​រតនគិរី សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ។

គួរ​រំឭក​ដែរ​ថា មុន​ទទួល​រង​គ្រោះ​មហន្តរាយ​ដោយ​ព្យុះ​កេតសាណា ប្រទេស​កម្ពុជា​ក៏​បាន​រង​ផង​ដែរ​នូវ​មហន្តរាយ​បណ្តាល​មក​ពី​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​នៅ​ខេត្ត​មួយ​ចំនួន។

ប្រភព​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​ឆ្នាំ​នេះ​បាន​បណ្តាល​ឲ្យ​ដី​ស្រែ​ប្រមាណ​៤២.៤១៤​ហិកតារ ក្នុង​ចំណោម​ដី​ស្រែ​២,២៦​លាន​ហិកតារ​ក្នុង​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់ ដែល​ក្នុង​នោះ​មាន ខេត្ត​បាត់ដំបង​១៣.៧០៦​ហិកតារ ពោធិ៍សាត់​១២.៣៧៩​ហិកតារ ព្រៃវែង​៨.៥២៧​ហិកតារ កណ្តាល​៥.៥២៨​ហិកតារ តាកែវ​២.៥០២​ហិកតារ និង​កំពង់ធំ​១៧២​ហិកតារ។

លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​គ្រោះ​ធម្មជាតិ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​បណ្តា​ឆ្នាំ​មុនៗ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទុរ្ភិក្ស​ដែល​អាច​កើត​មាន​ជាយថាហេតុ រួម​ទាំង​គ្រោះ​មហន្តរាយ​នៃ​ព្យុះ​កេតសាណា នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ៕