ព្យុះ​កំបុត​ត្បូង​សម្លាប់​អ្នក​ភូមិ​២​នាក់​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល

មនុស្ស​២​នាក់​បាន​ស្លាប់​ផ្ទះ​រាប់រយ​ខ្នង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​កំបុត​ត្បូង​មួយ​ដែល​បាន​បោក​បក់​មក​លើ​ឃុំ​ចំនួន​២​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល នា​វេលា​ម៉ោង​ប្រមាណ ៧​ម៉ោង​៣០​នាទី​យប់ ថ្ងៃ​ទី​៣ កញ្ញា។

0:00 / 0:00

បុរស​ឈ្មោះ ពៅ គ្រី និយាយ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់​ដែល​គាត់​បាន​ទទួល​រង​ព្រមទាំង​ចង្អុល​ទៅ​ផ្ទះ​គាត់​ដែល​ត្រូវ​បាក់​រលំ​ទៅ​ក្នុង​ទឹក​នោះ​ថា ៖ «ដំបូង​ខ្យល់​មក​បន្តិចៗ​ទេ ដល់​មួយ​សន្ទុះ​ទៀត មក​ពី​ជ្រុង​ហ្នឹង​ខ្លាំង​តែ​ម្ដង តែ​ត្រឹម​មនុស្ស​ក៏​ប៉ើង​ដែរ។ ខ្ញុំ​បាន​ព​កូន១ ហើយ​ម៉ែ​វា​ព​ម្នាក់ ស្រាប់​តែ​ខ្យល់​ទាញ​ប្រពន្ធ​ខ្ញុំ​ដួល ប្រពន្ធ​ខ្ញុំ​បាន​ស្រែក ជួយ​ផង! ខ្ញុំ​មាន​ជួយ​ទាន់​ឯណា ខ្ញុំ​នៅ​ឯណោះ​ដែរ ខ្ញុំ​បាន​តោង​កូន​មួយ ហើយ​និង​សសរ​រោង កុំ​អី​ប៉ើង​ទាំង​មនុស្ស ទាំង​អី​ទាំង​អស់​ទៅ។ ខ្យល់​កញ្ឆក់ ២​-៣​សា»

បុរស​វ័យ​ប្រមាណ​២៥​ឆ្នាំ​ឈ្មោះ ស្មោញ វ៉ាន និយាយ​រៀបរាប់​ពី​ការតស៊ូ​ដើម្បី​សង្គ្រោះ​កូន​ស្រី​អាយុ ៧​ឆ្នាំ​ដែល​ជាប់​ក្នុង​ផ្ទះ​ហើយ​ត្រូវ​ខ្យល់​ព្យុះ​បក់​បំប៉ើង​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ពី​ខ្នង​ទំនប់​ចូល​ទៅ​ក្នុង​ទឹក ឯ​ម្តាយ​របស់​គាត់​ត្រូវ​ស្លាប់​ក្នុង​ពេល​នោះ យ៉ាង​ដូច្នេះ​ថា ៖ «ព្យុះ​ខ្លាំង ខ្ញុំ​ហែល​រក​កូន​ខ្ញុំ ហើយ​ឃើញ​កូន​ខ្ញុំ​កំពុង​ឱប​សសរ ចាប់​កូន​ខ្ញុំ​មក កូន​ខ្ញុំ​យំ​អើយ​យំៗ ឃើញ​ហើយ​បាន​ខ្ញុំ​ស្ងាត់ ពួកម៉ាក​ខ្ញុំ​បាន​ទៅ​ចម្លង​ខ្ញុំ​មក​វិញ។ ...​ម៉ែ​ខ្ញុំ​គាត់​ភ័យ ភ័យ​គាំង​បេះដូង​ស្លាប់​ទៅ។ តាម​មាន​ទាន់​ឯណា ទើរ​ផ្ទះ​នៅ​ឯណោះ​បាន​ទៅ​ទាន់... ខ្ញុំ​ហែល​មាន​ទាន់​ឯណា អស់​ជើង ខ្ញុំ​ថា​លិច​ហើយ បើ​សិន​ជា​ផ្ទះ​ហ្នឹង​ទាញ​ទៅ​តែ ១០​ម៉ែត្រ​ទៀត អាច​លិច​មែន»

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ​១៥០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​រស់នៅ​តាម​បណ្តោយ​ខ្នង​ទំនប់​លេខ​៣៨ ដែល​មាន​បណ្តោយ​ប្រមាណ​១២​គីឡូម៉ែត្រ ស្ថិត​ក្នុង​នៅ​ភូមិសាស្ត្រ​ឃុំ​ពោធិបាន​មួយ​កំណាត់​និង​ឃុំ​លើក​ដែក​មួយ​កំណាត់​នៃ​ស្រុក​កោះធំ ខេត្ត​កណ្តាល។ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នេះ ពុំទាន់​មាន​ការគ្រប់គ្រង​ជា​ផ្លូវការ​ពី​អាជ្ញាធរ​ឃុំ​ទាំង​២​នៅ​ឡើយ​ទេ។

មេ​ឃុំ​ពោធិបាន​លោក សាម ម៉េងហ៊រ មាន​ប្រសាសន៍​ពី​ការខូចខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ពោធិបាន​ថា ៖ «ខ្យល់​ព្យុះ​ពី​ព្រឹកមិញ​ហ្នឹង គ្រោះថ្នាក់​ផ្ទះ​ហ្នឹង គឺ ៥៨​ខ្នង ក្នុង​ហ្នឹង ៥០​ខ្នង គឺ​ដួល​ដល់​ដី និង​មាន​ប៉ើង​ធ្លាក់​ប្រឡាយ ហើយ ៨​ខ្នង​ទៀត គឺ​គ្រាន់តែ​ទ្រេត។ ហើយ​ក្នុង​ហ្នឹង គឺ​ស្រ្តី​ម្នាក់​ដែល​ស្លាប់​ក្នុង​អាយុ ៣១​ឆ្នាំ ហ្នឹង​ផ្នែក​ឃុំ​ខ្ញុំ»

មេឃុំ​លើកដែក លោក សុខ គឹមលៀង មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខាង​ឃុំ​លោក រងគ្រោះ​ធ្ងន់​ជាង​ខាង​ឃុំ​ពោធិបាន ៖ «រលំ​ដួល​ខ្ទេច គឺ ៥៤​ខ្នង ហើយ​និង​ទ្រេត​ជិត​រលំ​ហ្នឹង​៣៧​ខ្នង ហើយ​និង​ប៉ះ​ដំបូល​និង​អស់​ជញ្ជាំង​ហ្នឹង គឺ ៩០​ខ្នង»

គួរ​បញ្ជាក់​ថា ស្ត្រី​ដែល​រងគ្រោះ​បាត់បង់​ជីវិត​ពីរ​នាក់​នោះ​ម្នាក់​ឈ្មោះ សួន ថន អាយុ​៥៨​ឆ្នាំ ស្លាប់​ដោយ​ភ័យ​រន្ធត់​រហូត​ដល់​គាំង​បេះដូង ឯ​ម្នាក់​ទៀត​ឈ្មោះ បេ យឿង អាយុ ២៨​ឆ្នាំ ស្លាប់​ដោយសារ​ខ្យល់​បោក​ខ្ទប់​នឹង​គល់​ឈើ៕