ប្រជាពលរដ្ឋខែ្មរជាកសិករចំនួនប្រមាណ៤០គ្រួសារ នៅតំបន់ដាច់ស្រយាលមួយ ក្នុងភូមិគោកអណ្តែត ឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ក្នុងការជួយផ្តល់ស្បៀងអាហារឲ្យពួកគាត់ នៅគ្រាដែលពួកគាត់មិនអាចចេញប្រកបមុខរបរអ្វីបានទ្បើយ ក្រោយពីទឹកជំនន់និងខ្យល់ព្យុះកន្លងមកនេះ បានធ្វើឲ្យពួកគាត់ស្ថិតក្នុងស្ថានការណ៍ទ័លច្រក ឬដាច់អាហារជាបណ្តើរៗហើយនាពេលនេះ។
ប្រជាពលរដ្ឋជាកសិករម្នាក់ឈ្មោះ ស ខេម នៅភូមិគោកអណ្តែត ឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាតំបន់ដាច់ស្រយាល បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា គ្រួសាររបស់លោកស្រីនិងគ្រួសារដទៃទៀត កំពុងតែប្រឈមមុខនឹងការដាច់ស្បៀងអាហារបរិភោគនាពេលនេះ ត្រូវការជំនួយសង្រ្គោះជាបន្ទាន់។
ស្រ្ដីឈ្មោះ ស ខេម បានថ្លែងដូច្នេះ ៖ «ទឹកលិចលង់អស់ហើយ អត់មានអីហូបទេ រកអីក៏មិនបានដែរខ្លាចខ្យល់ភ្លៀង។ ខ្ញុំកូន១១នាក់។ ខ្ញុំខ្វះខាតជាប់ជាងមួយខែហើយ»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សំ យឿន អាយុ៤០ឆ្នាំ នៅក្នុងឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានថែ្លងដែរថា ៖ «ទឹកឆ្នាំនេះឡើងខុសពីធម្មតាទាំងអស់។ ចង់បានស្បៀងអាហារ អត់បាយហើយ ដើរខ្ចីគ្នាស៊ី គេខ្ចីខ្ញុំ ខ្ញុំខ្ចីគេទៅ ឥឡូវអស់ទាំងអស់គ្នា អត់ទាំងអស់គ្នា ទៅណាក៏ទៅមិនរួច ខ្យល់ព្យុះ។ សូមឲ្យរាជរដ្ឋាភិបាលជួយជាអង្ករ ជួយជាលុយកាក់បន្តិចបន្តួច»។
ទាក់ទងនឹងការត្អូញត្អែរខាងលើនេះ លោក សៅ សុខហ៊ាង ជាអនុប្រធានភូមិគោកអណ្តែត ឃុំស្រទ្បៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានមានប្រសាសន៍ទទួលស្គាល់ថា ប្រជាពលរដ្ឋចំនួនប្រមាណ៤០គ្រួសារនោះ នៅក្នុងចំណោមប្រជាពលរដ្ឋនៅភូមិរបស់លោកជាង១០០គ្រួសារ កំពុងតែរងគ្រោះដាច់ស្បៀងអាហារយ៉ាងខ្លាំង ដោយសារទឹកជំនន់ ហើយផ្លូវឆ្លងកាត់មានការលំបាក់ខ្លាំង មិនទាន់បានដឹងឮដល់អាជ្ញាធរថ្នាក់លើនៅទ្បើយទេ។
លោក សៅ សុខហ៊ាង មានប្រសាសន៍ដូច្នេះ ៖ «មានបងប្អូនមួយចំនួនគាត់ខ្វះខាតស្បៀងអាហារហ្នឹង មួយចំនួនគាត់ដាច់ពេលខ្លះៗហើយ»។
លោក ឈុន ឈន ជាអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការដោះស្រាយគ្រោះមហន្តរាយក្នុងខេត្ត បានមានប្រសាសន៍ថា ៖ «អត់ដឹងដែរ អត់បានព័ត៌មានទេ ចាំខ្ញុំស្រាវជ្រាវរកមើល»។
ប្រភពពីលោក អ៊ុយ សំអាត ប្រធាននាយករដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារនៅក្នុងខេត្តមួយចំនួន ត្រូវការជំនួយសង្រ្គោះជាបន្ទាន់នាពេលនេះ។
លោក អ៊ុយ សំអាត មានប្រសាសន៍ដូច្នេះថា ៖ «ទី១ខេត្តរតនគិរី យើងនឹងផ្ដល់ kit (កញ្ចប់ស្បៀង) សម្រាប់២ពាន់គ្រួសារ ហើយស្ទឹងត្រែង ៣.០០០Kit ថា ២.៨០០អីអ៊ីចឹងទៅ ហើយខេត្តកំពង់ធំ ពីមុនមក ១.៩០០គ្រួសារ បូកនឹងថ្មីៗនេះនៅស្រុកពីរបីទៀត វា២.០០០គ្រួសារទៀត»។
ប្រភពដដែលបានឲ្យដឹងថា ស្បៀងអាហារចំពោះមុខដែលកាកបាទក្រហមកំពុងតែត្រៀមក្នុងការសង្រ្គោះបន្ទាន់នោះ មានអង្ករចំនួនប្រមាណ៣០០តោន និងសម្ភារៈមួយចំនួនទៀត នៅគ្រាចាំបាច់។
សូមជម្រាបថា ប្រទេសកម្ពុជាបានទទួលរងគ្រោះខ្យល់ព្យុះមួយឈ្មោះកេតសាណា និងទឹកភ្លៀងជាច្រើនប៉ះពាល់ដល់ប្រជាពលរដ្ឋខែ្មរជាច្រើនពាន់គ្រួសារនៅក្នុងនានា ដូចជាខេត្តរតនគិរី ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀតកាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ៕
