លំនៅឋានប្រជាពលរដ្ឋចំនួន ៩៥ខ្នង នៅក្នុងភូមិចំនួនពីរ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវខ្យល់បក់បោកបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះជាច្រើនគ្រួសារកំពុងបាត់បង់ទីជម្រក។
លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត។ លោកបានថ្លែងនៅថ្ងៃសៅរ៍ ទី៣១ ខែមីនា ថា កាលពីយប់ថ្ងៃទី៣០ ខែមីនា មានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បោកបក់បណ្ដាលឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិគីឡូម៉ែត្រលេខ៤ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ផ្ទះដែលខូចខាតនោះមានចំនួន ៩៥ខ្នង ក្នុងនោះមានផ្ទះ ១៩ខ្នងខូចខាតទាំងស្រុង។ ក្រៅពីនេះក៏មានបង្គោលភ្លើងអគ្គិសនីចំនួន ៤បង្គោលត្រូវដួលរលំ។
លោក ង៉ោ ម៉េងជ្រួញ៖ «សំណាងល្អដែលមានគ្រោះធម្មជាតិកើតឡើង ប៉ុន្តែបញ្ហាគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋយើងអត់មានគ្រោះថ្នាក់អ្វីទាំងអស់ខ្ញុំក៏បានរាយការណ៍ជូនឯកឧត្ដមនៃគណៈអភិបាលខេត្ត ហើយលោកក៏បានយកចិត្តទុកដាក់តាំងពីល្ងាច។ លោកទូរស័ព្ទមកជាប្រចាំជាបន្តបន្ទាប់ សាកសួរបញ្ហាដើម្បីរៀបចំជំនួយជូនប្រជាពលរដ្ឋទៅតាមលទ្ធភាពជាក់ស្តែង ហើយលោកក៏បានអំពាវនាវរកសប្បុរសជនប្រមូលជាថវិកាសម្ភារៈដើម្បីជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ»។
ប្រភពពីក្រុមអ្នកភូមិរស់នៅក្រុងប៉ោយប៉ែត បានរៀបរាប់ថា កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ពួកគាត់សង្កេតឃើញមានភ្លៀងធ្លាក់ និងមានខ្យល់បក់បោកយ៉ាងខ្លាំង។ ក្រុមអ្នកភូមិមានការភ័យខ្លាច ហើយបាននាំគ្នារត់រកទីជម្រករៀងៗខ្លួន៖ «ភ្លៀង ខ្យល់ផ្លេកបន្ទោរ ហើយរន្ទះហ្នឹងបាញ់ផូងផាង ហើយខ្យល់ខ្លាំងយ៉ាងគំហុកជាមួយទឹកភ្លៀង។ អ្នកស្រុកនាំគ្នារត់ចូលផ្ទះ និយាយទៅក្នុងរយៈពេលប្រហែលជា ១ម៉ោងហ្នឹង នាំទាំងខ្យល់ភ្លៀងមកជាមួយគ្នា ដើម្បីឈររលំប៉ើងដំបូល ប៉ើងជញ្ជាំងមួយចំនួនដួលទាំងស្រុង»។
លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ក្រោយពីគ្រោះធម្មជាតិកើតឡើង ក្រុមអាជ្ញាធរបានរៀបចំកម្លាំងការពារ មានអាជ្ញាធរភូមិ ឃុំ សង្កាត់ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេញមួយយប់ ដោយសារនៅក្នុងពេលមានគ្រោះធម្មជាតិនោះ ខ្យល់ព្យុះបានកាត់ផ្ដាច់ចរន្តអគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែត។
បច្ចុប្បន្នក្រុមអាជ្ញាធរកំពុងជួយសង្គ្រោះក្រុមអ្នកភូមិដែលរងគ្រោះខូចខាតលំនៅឋានដោយសារខ្យល់បក់បោកបំផ្លាញកាលពីយប់ថ្ងៃសុក្រ កន្លងទៅ៖ «ល្ងាចនេះយើងនឹងចែកតង់ និងសម្ភារៈជូនដល់គ្រួសារដែលមានលំនៅឋានរងការខូចខាតទាំងស្រុង ប៉ុន្តែបញ្ហាមួយគឺនៅក្នុងភូមិមានផ្ទះអ្នកភូមិខ្លះមិនមានការខូចខាតនោះ ពួកគាត់អាចទៅជ្រកនៅក្នុងនោះសិន»។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា លោកបានបញ្ជូនក្រុមមន្ត្រីកាកបាទក្រហមខេត្តដើម្បីចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះនេះ៖ «ខ្ញុំបានរៀបចំឲ្យខាងកាកបាទក្រហមខេត្តចុះទៅជួយគាត់ ខ្ញុំបានប្រាប់ទៅអភិបាលរងហើយ និងប្រធានកាកបាទក្រហមដើម្បីចុះសួរសុខទុក្ខ»។
ក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ បានថ្លែងថា នេះជាគ្រោះធម្មជាតិដំបូងនៅដើមឆ្នាំ២០១២ នេះ ក្នុងខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានេះ ក្រុមអាជ្ញាធរបានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាប្រចាំ ដោយសារគ្រោះធម្មជាតិភ្លៀងខ្យល់ដូចគ្នានេះ អាចនឹងកើតមានឡើងថែមទៀត នៅក្នុងរដូវភ្លៀងធ្លាក់ ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
