មេ​បញ្ជាការ​យោធា​ថៃ​ព្រមាន​ថា​អាច​នឹង​មាន​ការវាយ​ប្រហារ​មួយ​លើក​ទៀត​ក្នុង​ក្រុង​បាងកក

ភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ បើ​ទោះ​ជា​រដ្ឋាភិបាល​របស់​លោក ស៊ុមឆៃ វង់សាវ៉ាត់ អាច​គេច​ផុត​ពី​ការរំលាយ​ចោល​ពីរ​ថ្ងៃ​បន្ទាប់ពី​ការទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក៏​ដោយ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ក្រុង​បាងកក​បាន​រាយការណ៍​មក​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​មេ​បញ្ជាការ​យោធា​ថៃ លោក អនុពង្សប៉ៅចិន្តា បាន​ព្រមាន​ថា​អាច​នឹង​មាន​ការវាយ​ប្រហារ​អាក្រក់​ថ្មី​មួយ​ទៀត​ដើម្បី​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​បាងកក​ពី​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

មេបញ្ជាការ​កងទ័ព​ថៃ​ថ្លែង​ដូច្នេះ​ដោយ​យោង​លើ​ព័ត៌មាន​សម្ងាត់​ពី​ក្រុម​មន្ត្រី​សន្តិសុខ​និង​មន្ត្រី​ចារកិច្ច​ដោយ​លោក​បញ្ជាក់​ថា ការរំខាន​ថ្មី​មួយ​អាច​នឹង​ផ្ទុះ​ឡើង​ក្នុង​ទម្រង់​ជា​ការបង្ក​ការភ័យខ្លាច​ដល់​រដ្ឋាភិបាល។

នៅ​ខណៈពេល​ជាមួយ​គ្នា​នេះ​ទូរទស្សន៍​និង​បណ្តាញ​សារព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា គណៈរដ្ឋមន្រ្តី​របស់​លោក ស៊ុមឆៃ បាន​ជួប​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​នៅ​ចំណត​អាកាសយានដ្ឋាន ដនមឿង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ខកខាន​មិន​បាន​ប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដោយ​ការអុកឡុក​ពី​សំណាក់​ក្រុម​បាតុករ​នៃ​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ។

ទូរទស្សន៍​ថៃ​បាន​ចាក់​ផ្សាយ​នូវ​សកម្មភាព​ពង្រឹង​សន្តិសុខ​ដោយ​ក្រុម​ប៉ូលិស​ថៃ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​អាកាសយានដ្ឋាន​ដនមឿង​ដើម្បី​ការពារ​ដល់​ការប្រជុំ​គណៈរដ្ឋមន្រ្តី​នោះ។

ចំណែក​ឯ​ក្រុម​អ្នក​គាំទ្រ​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​រាប់​រយ​នាក់​មក​ពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ដើម្បី​ប្រឆាំង​នឹង​របប​ផ្តាច់ការ​យោធា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ទី​បញ្ជាការ​កង​ប៉ូលិស​ថៃ​ក្នុង​ក្រុង​បាងកក ដើម្បី​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​ប៉ូលិស​ដែល​ធ្វើ​សកម្មភាព​បង្រ្កាប​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​រំខាន​ការប្រជុំ​សភា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។

ការប្រយុទ្ធ​គ្នា​ដោយ​គ្រាប់បែក​ផ្សែង ការបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ជំពាម​រវាង​កង​ប៉ូលិស​បង្រ្កាប​បាតុកម្ម​ថៃ​និង​ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​មក​ពី​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ខាង​ក្រៅ​វិមាន​រដ្ឋសភា​ថៃ​កាលពី​ថ្ងៃ​អង្គារ​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​បាត់​បង់​ជីវិត​និង​៤៤៣​នាក់​រង​របួស។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ស៊ុមឆៃ វង់សាវ៉ាត់ រំលាយ​ចោល ហើយ​ព្រមាន​ថា​ប្រសិនបើ​មិន​រំលាយ​ទេ​នោះ​ពួក​គេ​នឹង​ចាត់​វិធានការ​ក្តៅ៕