មន្រ្តីជំនាញខាងព្រំដែនកម្ពុជាបានព្រមានថា ការទៅពិនិត្យបង្គោលព្រំដែននោះគឺជាការរំខានមួយចំពោះអ្វីដែលក្រុមជំនាញព្រំដែនរវាងប្រទេសទាំងពីរបានឯកភាពគ្នារួចហើយនៅត្រង់ចំណុចនោះ។
ប៉ែន សុភា ជាអ្នកដឹកនាំក្រុមនិស្សិតចំនួនជិត២០នាក់មកពីសាកលវិទ្យាល័យនានានៅក្នុងទីក្រុងភ្នំពេញទៅពិនិត្យស្ថានការណ៍ព្រំដែននៅក្នុងស្រុកចន្ទា្រ ខេត្តស្វាយរៀង បានថែ្លងថា ក្រុមអាជ្ញាធរមូលដ្ឋានបានរារាំងមិនឲ្យក្រុមនិស្សិតចូលទៅជិតបង្គោលព្រំដែននោះទេ។
លោក ប៉ែន សុភា បានឲ្យដឹងថា ៖ «យើងក៏បានសម្ភាសជាមួយប្រជាពលរដ្ឋជាច្រើន គាត់ក៏បាននិយាយទៅតាមអ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានផ្សព្វផ្សាយអ៊ីចឹង។ ដូច្នេះក្រុមនិស្សិតរបស់យើងបានឃើញផ្ទាល់ភ្នែក»។
ប៉ែន សុភា ៖ បងប្អូនបានឃើញផ្ទាល់ភ្នែកទេ? ក្រុមនិស្សិត ៖ ឃើញ។ ប៉ែន សុភា ៖ តើយួនយកទឹកដីខ្មែរមែនឬអត់? ក្រុមនិស្សិត ៖ ត្រូវហើយ។
លោក ប៉ែន សុភា បានបន្តថា ៖ «យើងពិតជាមានការឈឺចាប់ណាស់ នេះគឺជាសម្រែកនិស្សិតដែលយើងកំពុងតែធ្វើដំណើរត្រឡប់មកវិញ។ អាជ្ញាធរគេមិនឲ្យមើលទេ គេឲ្យចេញពីហ្នឹង១០០ម៉ែត្រ ហើយយើងបានមើលពីចម្ងាយទៅ តែមើលអត់ឃើញដោយសារបង្គោលនោះគឺជាបង្គោលឈើដែលលោក សម រង្ស៊ី គាត់បានដកចេញ»។
លោក ហេង ចំរើន ជានិស្សិតនៅក្នុងទីក្រុងភ្នំពេញ ដែលបានចូលរួមក្នុងក្រុមនោះដែរ បានថែ្លងថា ៖ «គាត់ចូលមករារាំងយើងមិនឲ្យយើងចូលទៅតំបន់បោះបង្គោលព្រំដែននេះទេ។ អ្វីដែលជាគោលបំណងរបស់យើងគឺយើងចង់ទៅឃើញឲ្យបានច្បាស់»។
ទាក់ទងនឹងក្រុមនិស្សិតជិត២០នាក់មកពិនិត្យមើលស្ថានការណ៍ព្រំដែនខាងលើនោះ លោក ជា យាង អភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ។
លោក វ៉ា គឹមហុង ជាប្រធានគណៈកម្មការចម្រុះដោះស្រាយវិវាទព្រំដែនកម្ពុជា បានមានប្រសាសន៍ព្រមានថា បង្គោលព្រំដែននោះត្រូវបានក្រុមមន្រ្តីជំនាញខាងព្រំដែនរវាងកម្ពុជានិងវៀតណាមបានឯកភាពគ្នារួចហើយ។ ការទៅពិនិត្យនោះគឺជាការរំខានមួយ។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា ៖ «រឿងអីទៅរំខានកិច្ចការរបស់ក្រុមបច្ចេកទេសគេធ្វើការនៅហ្នឹង។ មានបច្ចេកទេសអីទៅមើលនៅហ្នឹង? កិច្ចការហ្នឹងមិនមែនថា យើងធ្វើការអីសម្ងាត់ទេ ប៉ុន្តែថា កិច្ចការហ្នឹងក្រុមបច្ចេកទេសយើងកំពុងតែធ្វើការ កំពុងតែរុករកកន្លែងទីតាំងឲ្យត្រឹមត្រូវ។ ចង់នាំគ្នាទៅរំខានអីទៀត? ឥឡូវអស់ពីដកបង្គោលហើយ នាំកូនចៅទៅដកអីទៀត? ឥឡូវគិតចង់ធ្វើអីទៀត?»។
ការទៅពិនិត្យរបស់ក្រុមនិស្សិតខាងលើនេះគឺក្រោយពេលដែលលោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង បានទៅដកបង្គោលព្រំដែនមួយកាលពីថៃ្ងទី២៥ ខែតុលាថ្មីៗនេះ នៅគ្រាដែលលោកបានទៅធ្វើបុណ្យកឋិនទានមួយនៅក្នុងវត្តអង្គរំដេញ ឃុំសំរោង ស្រុកចន្ទា្រ ខេត្តស្វាយរៀងនោះ ដោយបានចោទប្រកាន់ថា ភាគីវៀតណាមបានរំលោភព្រំដែនកម្ពុជានៅទីនោះ។ ក្រោយមកមានសេចក្តីរាយការណ៍នានានិងប្រភពមួយចំនួនបានឲ្យដឹងថា អាជ្ញាធរស្រុកចន្ទា្រ ខេត្តស្វាយរៀង បានប្តឹងលោក សម រង្ស៊ី ទៅតុលាការក្រោមបទចោទប្រកាន់ថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ៕