ក្រុម​និស្សិត​ជួប​ប្រជុំ​គ្នា​ពិភាក្សា​អំពី​​ជំងឺ​អេដស៍

និស្សិត​ប្រមាណ​២០០​នាក់​បាន​ជួប​ជុំ​គ្នា​ពិភាក្សា​ពី​ការ​ចូល​រួម​របស់​ពួកគេ​ក្នុង​ការ​ជួយ​ទ្រទ្រង់​អ្នក​ជំងឺ​អេដស៍ នា​វិទ្យាស្ថាន​ជាតិ​ភាសា​បរទេស នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា ក្រោម​ប្រធានបទ​យុវជន​និង​ជំងឺ​អេដស៍។

0:00 / 0:00

និស្សិត​ឆ្នាំ​ទី​២ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឈ្មោះ ឡាំង ម៉ីសា បាន​ឲ្យ​ដឹង​ថា ជំនួយ​ពី​បរទេស​ទាក់ទង​នឹង​ការ​គាំទ្រ​វិស័យ​អេដស៍​កំពុង​តែ​ខ្សោយ​ទុន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ទើប​ក្រុម​យុវជន​ជា​និស្សិត​ព្រួយ​បារម្ភ​ពី​កង្វះ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ពង្រឹង​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​អេដស៍ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ បាន​ប្រមូល​គ្នា​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូល​ទៅ​ជួយ​ធ្វើការ​តាម​អង្គការ​នានា ដែល​ធ្វើការ​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​អ្នក​ជំងឺ​អេដស៍។ យុវជន​បន្ត​ថា ​ការ​អបរំ​មនុស្ស​កុំ​ឲ្យ​រើស​អើង​អ្នក​កើត​ជំងឺ​អេដស៍​ជា​ការងារ​សំខាន់​ដែល​យុវជន​គួរ​ចូល​រួម។

យុវជន ឡាំង ម៉ីសា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បន្ទាប់​ពី​គាត់​បាន​ចំណេះ​ដឹង​ហ្នឹង​ហើយ គាត់​អាច​យក​ចំណេះ​ដឹង​របស់​គាត់​ទៅ​ជួយ​ខាង​សហគមន៍ ក៏​ដូច​ជា​ជួយ​នូវ​បទពិសោធន៍​របស់​ខ្លួន​ឯង​ផង ជួយ​សង្គម​ផង»

និស្សិត​វិទ្យាស្ថាន​ជាតិ​ភាសា​បរទេស​ឈ្មោះ ហុង ចាន់ភត្រ្តា បាន​អះអាង​ថា ដោយសារ​តែ​ជំនួយ​ដល់​វិស័យ​អេដស៍​បាន​ធ្លាក់​ចុះ ក្រុម​និស្សិត​បាន​បង្កើត​ជា​កម្មវិធី​មួយ​ឈ្មោះ S88។ S88 បង្កើត​ឡើង​ដើម្បី​ឲ្យ​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​សង្រ្គោះ​អ្នក​ជំងឺ​អេដស៍ ដើម្បី​ឈាន​ទៅ​រក​សង្គម​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​យូរ​អង្វែង។

យុវជន ហុង ចាន់ភត្រ្តា បន្ត​ថា ៖ «ដូច្នេះ​គម្រោងការ S88 របស់​ពួក​ខ្ញុំ គឺ​ជា​កម្មវិធី​មួយ​ដើម្បី​ជួយ​ទៅ​ដល់​ជន​រងគ្រោះ ក៏​ដូច​ជា​ផ្ដល់​ជូន​យុវវ័យ​ឲ្យ​គាត់​យល់​ច្បាស់​អំពី ទី​១ គឺ​ការពារ​ជំងឺ​អេដសន៍ ទី​២ យើង​ចង់​ឲ្យ​ពួកគាត់​កុំ​ឲ្យ​មាន​ការ​រើស​អើង ក៏​ដូច​ជា​មើល​ងាយ​ចំពោះ​អ្នក​កើត​ជំងឺ​អេដស៍ ក៏​ដូច​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍។ ទី​៣ គឺ​យើង​ចង់​ឲ្យ​ពួកគាត់​ចូល​រួម​ទៅ​ក្នុង​កិច្ចការ​សង្គម»

បទ​បង្ហាញ​របស់​លោក អ៊ូ រតនៈ ស្តីពី​យុវជន​ត្រូវ​រួម​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នោះ លោក​បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ការ​រាលដាល​នៃ​ជំងឺ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​តួលេខ​ជា​លំដាប់​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ បើ​ប្រៀប​ធៀប​ការ​ចម្លង​ពី​ឆ្នាំ​១៩៩៣​មក​នោះ យុវជន​ត្រូវ​ចូល​រួម​ផ្សព្វផ្សាយ​មិត្ត​ភក្ដិ​និង​មហាជន​ត​ទៅ​ទៀត។ លោក​បន្ត​ថា ប្រភព​ចម្លង​មេរោគ​អេដស៍​មាន​នៅ​ទី​ប្រជុំ​ជន។

មន្រ្តី​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ លោក ទឹម វ៉ូរ៉ា ឲ្យ​ដឹង​ថា អត្រា​ចម្លង​នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា​ឆ្នាំ​១៩៩៣ មាន​២%។ ក្រោយ​ពី​មាន​មន្រ្តី​ស្ម័គ្រចិត្ត​ជា​ច្រើន​ចុះ​អប់រំ​និង​បង្រៀន​ពី​វិធី​ការពារ​ការ​ចម្លង​នៃ​មេរោគ​អេដស៍​ដល់​មហាជន​ទូទៅ អត្រា​រាល​ដាល​ចម្លង​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០០៦ ដល់ ០,៩% ហើយ​អត្រា​ចម្លង​បាន​ថយ​ចុះ​ទៀត​នៅ​ឆ្នាំ​២០០៨ ដល់ ០,៧%។

លោក​បន្ត​ថា មនុស្ស​ភាគ​ច្រើន​ពិសេស​យុវជន យល់​ដឹង​ពី​ជំងឺ​អេដស៍ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ឆ្លង​ជំងឺ​នោះ។ លោក​ថា យុវជន​ជា​មុខ​សញ្ញា​ប្រឈម​ខ្លាំង​នឹង​ការ​ចម្លង​មេរោគ​អេដស៍ ពិសេស​យុវជន​ដែល​ឆាប់​ប្រឡូក​នឹង​ការ​រួម​ភេទ ដែល​គេ​មិន​បាន​ទទួល​សារ​អបរំ​និង​វិធី​ការពារ​មេរោគ​អេដស៍​ច្បាស់​លាស់។ ហេតុ​នេះ​យុវជន​ដែល​សំបូរ​ពេល​វេលា​ទៅ​ហូប​ចុក ផឹក​ស៊ី ហើយ​ចង់​បន្ត​ទៅ​រក​ការ​រួម​ភេទ ត្រូវ​យុវជន​ជា​មិត្ត​ភក្តិ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ជួយ​អបរំ​គ្នា​ឲ្យ​ចេះ​ការពារ​មេរោគ​អេដស៍៕