ក្រុមអាណាព្យាបាលសិស្សមួយចំនួននៅក្នុងចំណោមគ្រួសារសិស្សជាច្រើនពាន់គ្រួសារបានសម្ដែងការព្រួយបារម្ភអំពីការប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅប្រចាំថៃ្ងនិងការសិក្សារបស់កូនចៅពួកគាត់ នៅគ្រាដែលក្រុមប្រឹក្សាគ្រប់គ្រងវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង បានចាប់ផ្តើមតម្រូវឲ្យសិស្សសាលាទាំងអស់បង់ប្រាក់ក្នុងម្នាក់១០០រៀលសម្រាប់កង់មួយនិង២០០រៀលសម្រាប់ម៉ូតូមួយជារៀលរាល់ថៃ្ងចាប់ពីខែតុលានេះតទៅ។
ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្សសុំមិនប្រាប់ឈ្មោះនៅក្នុងភូមិកន្រ្ទាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បានថែ្លងថា គ្រួសារប្រជាពលរដ្ឋក្រីក្រមិនអាចមានប្រាប់សម្រាប់បង់សោហុយផ្ញើកង់ម៉ូតូជារៀងរាល់ថៃ្ង ដែលមិនធ្លាប់មានកន្លងមកនោះទេ ៖ «ក្នុងកង់មួយយកចំនួន១០០ ម៉ូតូ២០០ ហើយរាល់ថ្ងៃហ្នឹងសិស្សកំពុងតែអត់ឃ្លាន ម៉ែឪកំពុងតែក្រីក្រ ហើយរាល់ឆ្នាំគឺមិនដែលផ្ញើទេ។ រាល់ថ្ងៃកូនខ្ញុំបានទៅសាលាហ្នឹង គឺប្រហែលជិតមួយគីឡូទៀត វាផ្ញើនៅផ្ទះគេ ហើយវាដើរចេញទៅ។ សិស្សក្នុងវិទ្យាល័យបាភ្នំហ្នឹងប្រហែលជា២៣០០នាក់ ពេលណាចេញម្ដងៗ ចេញម៉ោង១១អ៊ីចឹង ទម្រាំមកដល់ផ្ទះម៉ោង១២ជាង យកកង់មកមិនអស់ វាប៉ះពាល់សព្វគ្រប់ទាំងអស់»។
សិស្សសាលាម្នាក់រៀនថ្នាក់ទី១០នៃវិទ្យាល័យបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានថែ្លងថា មានការលំបាកណាស់ក្នុងការចំណាយប្រចាំថៃ្ងនោះ ៖ «លំបាកណាស់ ព្រោះខ្ញុំអត់សូវមានលុយដូចកូនគេអ្នកមានទៅរៀន... ដើរទម្រាំទៅដល់សាលា។ ខ្ញុំសំណូមពរឲ្យវិទ្យាល័យបាភ្នំកុំមានការយកលុយសិស្សអី»។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិស្ពឺខាងកើត ឃុំស្ពឺករ ស្រុកបាភ្នំ ខេត្តព្រៃវែង បានថែ្លងថា លោកមានប្អូនប្រុសចំនួនបីនាក់រៀននៅវិទ្យាល័យបាភ្នំនោះ មានការលំបាកជាខ្លាំងជុំវិញការចំណាយគ្រប់មុខជាប្រចាំថ្ងៃ ៖ «ប្អូនខ្ញុំបីនាក់ដែលទៅរៀននៅវិទ្យាល័យហ្នឹងគឺថ្នាក់ទី១០ ថ្នាក់ទី៨អីអ៊ីចឹងទៅ។ គាត់យកភាស៊ី គាត់ដាក់ផ្ញើកង់ គឺគាត់យកលុយក្នុងម៉ូតូមួយ២០០ កង់មួយ១០០ ចេញចូលៗអ៊ីចឹង ខ្លះគាត់ទៅរៀនពីរបីដងឯណោះ មួយថ្ងៃ៤ពាន់រៀនអត់គ្រាន់ទេទាំងផ្ញើកង់ផ្ញើអី ខ្លះអស់៦ពាន់៧ពាន់»។
ទាក់ទងនឹងការត្អូញតែ្អរខាងលើនេះ លោក វ៉ា សារ៉ុន ជានាយកនៃសាលាវិទ្យាល័យបាភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង បានមានប្រសាសន៍បំភ្លឺថា លោកបានសម្រេចចិត្តម៉ៅការឲ្យឈ្មួញឯកជនក្នុងមួយឆ្នាំ៨លានរៀលក្នុងការការពារកង់និងម៉ូតូរបស់សិស្សមិនឲ្យបាត់បង់ ៖ «គេមើលកង់ឲ្យយើង កុំឲ្យបាត់»។
សុខ សេរី ៖ អ៊ីចឹងកន្លងមកបាត់ច្រើន? វ៉ា សារ៉ុន ៖ វាមានបាត់អីដែរ មួយឆ្នាំបាត់មួយ បាត់ពីរអីហ្នឹង។
លោក លី សុមុន្នី ជារដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីទ្បា បានមានប្រសាសន៍ថា លោកនឹងពិនិត្យមើលរឿងនេះ ប៉ុន្តែលោកយល់ថា ប្រាក់ដែលយកនោះមានចំនួនតិចតួច។
លោក លី សុមុន្នី បានបញ្ជាក់ថា ៖ «មកចាំកង់អ្នកឯង មានតែកុំឲ្យមានចាំ បើកុំឲ្យមានចាំ វាបាត់ វាបង់អ៊ីចឹង វាពិបាកដែរ។ បើថាយកបីបួនប្រាំរយទៅវាពិបាក ខ្ញុំមិនមែនកាន់ជើងទេ ប៉ុន្តែចាំខ្ញុំសួរនាំសិន។ កន្លែងណាក៏គេយកបន្តិចបន្តួចអ៊ីចឹងដែរ»។
សូមជម្រាបថា ក្រុមគ្រួសារប្រជាពលរដ្ឋជាច្រើនគ្រួសារតែងតែសម្ដែងការតវ៉ាជាហូរហែកន្លងមកពីខេត្តមួយចំនួន អំពីការលំបាកជុំវិញការបង់ប្រាក់នានាក្នុងការទិញមេរៀន ទិញក្រដាសនិងពិន្ទុ និងការបង្ខំឲ្យរៀនកួរក្រៅម៉ោង បើពុំដូច្នោះទេសិស្សទាំងនោះប្រឈមមុខនឹងការប្រឡងមិនជាប់ជាដើម៕