និស្សិតតំណាងអ្នកដែលតវ៉ាទាំងនោះ បានថ្លែងបា្រប់វិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី២៨នេះថា ក្រោយពីតំណាងនិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលជួបជាមួយសាកលវិទ្យាធិការរួចមក ក្រុមនិស្សិតបានផ្អាកសកម្មភាពរបស់ខ្លួន ដោយមានការសន្យាពីសាកលវិទ្យាធិការថា នឹងទៅជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីរកដំណោះស្រាយសិន។
តំណាងនិស្សិតម្នាក់រៀបរាប់ដូច្នេះថា ៖ «ព្រឹកមិញ[ថ្ងៃទី២៧ វិច្ឆិកា] ខ្ញុំក៏បានជួបជាមួយនាយកមួយសាទៀត ថ្ងៃហ្នឹងគាត់ទៅជួបជាមួយ សុខ អាន គាត់នឹងផ្ដល់ចម្លើយឲ្យយើង។ គាត់ជួយជ្រោមជ្រែងការតវ៉ានឹងដែរ ពួកយើងឥឡូវរក្សាភាពស្ងៀមស្ងាត់ គាត់ថា កុំឲ្យពួកយើងលើកបដាលើកអី។ យើងធ្វើនៅសាលាដដែល គ្រាន់តែថា យើងអង្គុយជាលក្ខណៈមានសណ្ដាប់ធ្នាប់»។
ក្រុមនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបាននាំគ្នាធ្វើការតវ៉ាតាំងពីព្រឹកថ្ងៃទី២៧ ម្សិលមិញនេះ ក្រោយពេលដែលលទ្ធផលនៃការប្រឡងថ្នាក់ជាតិដើម្បីចូលរៀនបន្តនៅឆ្នាំទី២ បានផ្ទុយពីការប្រកាសរបស់សាកលវិទ្យាល័យថា នឹងទទួលយកនិស្សិតជាង១.០០០នាក់ដើម្បីចូលរៀននោះ។
ប៉ុន្តែក្រោយការប្រឡងថា្នក់ជាតិកាលពីពាក់កណ្តាលខែវិច្ឆិកា មកនោះ ក្រុមនិស្សិតដែលត្រូវបានជ្រើសរើសឲ្យចូលរៀនមានតែប្រហែល ៣០០នាក់តែប៉ុណ្ណោះ ដោយធ្វើឲ្យនិស្សិតជាង ១.០០០នាក់ទៀតដែលបញ្ចប់ថ្នាក់មូលដ្ឋានហើយនោះ មិនអាចចូលរៀនបន្តឆ្នាំទី២ឡើយ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើលិខិតបំភ្លឺ ៥ចំណុចជុំវិញការតវ៉ារបស់ក្រុមនិស្សិតពេទ្យអស់រយៈពេលពីរថ្ងៃកន្លងមកនេះ ជុំវិញលទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់មូលដ្ឋាននោះ។
លិខិតបំភ្លឺរបស់លោកសាស្ត្រាចារ្យ អ៊ុំ សុផល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលវិទ្យុអាស៊ីសេរីទទួលបាននៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបំភ្លឺថា ការរៀបចំការប្រឡងដោយគណៈកម្មការប្រឡងថា្នក់ជាតិកន្លងមកនេះ ពុំមែនមានន័យថា ជាការខ្វះការទទួលខុសត្រូវដូចដែលការចោទរបស់ក្រុមនិស្សិតនោះឡើយ។
ជាមួយគ្នានេះ លោកសាកលវិទ្យាធិការបានគូសបញ្ជាក់ទៀតថា ការប្រឡងនោះ គឺប្រព្រឹត្តទៅដោយតម្លាភាព សុក្រឹត និងយុត្តិធម៌ ពោលគឺសាកលវិទ្យាល័យសម្រេចយកនិស្សិតដែលមានពន្ទុលើសមធ្យមភាគប៉ុណ្ណោះ។
សម្រាប់បេក្ខជនដែលធ្លាក់គឺសុទ្ធតែទទួលបានលទ្ធផលទាបជាងពិន្ទុ ដែលកំណត់ដោយគណៈកម្មការប្រឡង ប៉ុន្តែសាកលវិទ្យាល័យក៏មានវគ្គបំប៉ននិងជ្រើសរើសក្នុងចំណោមនិស្សិតដែលធ្លាក់នោះ ពី ៤០ ទៅ ៦០នាក់ ឲ្យចូលរៀនបរិញ្ញាបត្រគិលានុបដ្ឋាកទៀតដែរ៕
