អ្នកភូមិរស់នៅភូមិដនលោង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចោទប្រកាន់មេភូមិរបស់ខ្លួនមួយរូបជាសមាជិកគណបក្សប្រជាជនដែលកំពុងកាន់អំណាចថា បានប្រើប្រាស់តួនាទីជាមន្ត្រីអាជ្ញាធរមូលដ្ឋាន ជំរុញឲ្យប្រជាពលរដ្ឋជាអ្នកភូមិរស់នៅក្នុងមូលដ្ឋាន ផ្ដិតមេដៃសន្យាថា នឹងបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយប្រសិននរណាមិនធ្វើដូចនេះ ពួកគេនឹងត្រូវប្រឈមមុខនឹងបញ្ហាអ្វីមួយដែលនឹងកើតឡើងសម្រាប់ពួកគេ។
ប្រភពសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០១០ថា កាលពីថ្ងៃទី២៤ និង ២៥ ខែកក្កដា កន្លងទៅថ្មីៗ អ្នកភូមិជាង ៣០គ្រួសារបានផ្ដិតមេដៃឲ្យមេភូមិដនលោង ឈ្មោះ ប៉ាន់ ផាន់ បន្ទាប់ពីលោកមេភូមិបានអញ្ជើញអ្នកភូមិមកប្រជុំនៅសាលាឆទានប្រចាំភូមិ ហើយបានធ្វើសកម្មភាពអូសទាញ និងប្រើពាក្យសម្ដីគំរាមស្មារតីអ្នកភូមិ ដើម្បីស្វែងរកមេដៃគាំទ្រគណបក្សប្រជាជន។
អ្នកភូមិសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូច្នេះ ៖ «ខ្ញុំថា គេរំលោភការបោះឆ្នោតហ្នឹងហើយ បែងចែកអំណាចគណបក្សនោះគណបក្សនេះ។ គេបង្ខំឲ្យចូលទៅផ្ដិតមេដៃហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេភូមិដនលោង លោក ប៉ាន់ ផាន់ ភ្លាមៗដើម្បីបំភ្លឺសេចក្ដីចោទប្រកាន់នោះបានទេ ដោយទូរស័ព្ទលោកមិនអាចភ្ជាប់បាន។ យ៉ាងនេះក្តីមេឃុំសេកុង នៃគណបក្សប្រជាជន លោក ចាន់ សុខា បដិសេធថា គណបក្សប្រជាជននៅមូលដ្ឋាននេះមិនបានណែនាំឲ្យមេភូមិណាធ្វើសកម្មភាពដូចការចោទនោះទេ។ លោកបន្តថា លោកនឹងធ្វើការស្រាវជ្រាវបញ្ហានេះ។
លោក ចាន់ សុខា បដិសេធដូច្នេះ ៖ «អត់ដំណឹងអ៊ីចឹងទេ ព្រោះខ្ញុំទើបតែទៅដែរហ្នឹង មិនឃើញមានប្រជាពលរដ្ឋនិយាយទេ មានតែនិយាយពីការងារអត់ឃ្លាន និយាយពីសហគមន៍ល្បីគេធ្វើឈើអីហ្នឹង»។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា សមាគមលោកមិនទាន់ទទួលបានសេចក្តីរាយការណ៍ទាក់ទិនសេចក្តីចោទប្រកាន់ខាងលើនេះទេ។ លោកបន្តថា អ្នកភូមិអាចដាក់ពាក្យបណ្តឹងពីករណីខាងលើមកសមាគម ដើម្បីជួយអន្តរាគមន៍ការពារសិទ្ធិប្រជាពលរដ្ឋ ប្រសិនបើមានការគំរាមកំហែងយ៉ាងនេះមែន។
លោក ហូ សំអុល មានប្រសាសន៍ដូច្នេះ ៖ «សរសេរជាពាក្យបណ្តឹងមួយមក ខ្ញុំនឹងចុះអង្កេត ឬធ្វើអន្តរាគមន៍ទៅខាងលើ ព្រោះអីករណីអ៊ីចឹងៗគាត់មេភូមិមេឃុំជាម៉ែជាឪរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរបស់ប្រជាពលរដ្ឋហ្នឹង ប្រសិនគាត់ធ្វើអ៊ីចឹងទៀត ខ្ញុំថា គាត់ខុស និងរំលោភសិទ្ធិរបស់ពួកគាត់ដែលគាត់មានសិទ្ធិសម្រេចក្នុងការរើសគណបក្សដែលគាត់ស្រឡាញ់»។
នៅឃុំសេកុង ពីឆ្នាំ២០០៨ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ មានគណបក្សចំនួន ៤ ចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សហ៊្វុនស៊ីនប៉ិច គណបក្ស សម រង្ស៊ី គណបក្សប្រជាជន និងគណបក្ស នរោត្តម រណឫទ្ធិ ក៏ប៉ុន្តែក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោតមានតែ ៥រូប ក្នុងនោះមាន ៤រូបមកពីគណបក្សប្រជាជន និងមួយរូបមកពីគណបក្ស សម រង្ស៊ី៕
