មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងឃ្លាំមើលសវនាការចំនួន ១.៣១៧សវនាការនៅសាលាដំបូងក្រុងភ្នំពេញ និងតុលាការខេត្តកណ្តាល កន្លងមក បានរកឃើញថា គឺមានសវនាការតែចំនួន ១៩៩ករណីទេ ដែលតុលាការបានបំពេញការងារបានល្អប្រសើរក្នុងការប្រាប់ជនជាប់ចោទឲ្យបានដឹងអំពីបទល្មើស និងបទចោទប្រកាន់។ ប៉ុន្តែក្នុងនោះដែរ គេឃើញចំនួនជនជាប់ចោទរងការឃុំខ្លួនបណ្ដោះអាសន្នមានកម្រិតខ្ពស់ និងខ្វះមេធាវីការពារក្ដី។
ការសិក្សាស្រាវជ្រាវនេះបានចាប់ផ្ដើមពីខែសីហា ឆ្នាំ២០០៩ និងបានចេញរបាយការណ៍ប្រចាំឆមាសទី១ នៅខែកក្កដា ឆ្នាំ២០១០ ហើយត្រូវបានគេចេញផ្សាយនៅសប្ដាហ៍នេះ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា មូលហេតុដែលខ្វះមេធាវីនោះ គឺដោយសារជនជាប់ចោទមានជីវភាពក្រីក្រ គ្មានប្រាក់ជួលមេធាវីការពារក្ដី និងកង្វះខាតចំនួនមេធាវីតែម្តង ហើយម្យ៉ាងទៀត ប្រជាពលរដ្ឋមិនបានយល់ដឹងឡើយអំពីសារសំខាន់របស់មេធាវីការពារក្ដី។
អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ម៉ាង ម៉ូនីកា បានមានប្រសាសន៍ថា ការស្រាវជ្រាវនេះគឺបានផ្ដោតលើតែជនជាប់ចោទ ឬចុងចោទនៃសំណុំរឿងព្រហ្មទណ្ឌតែប៉ុណ្ណោះ រាប់ទាំងអនីតិជន និងមនុស្សពេញវ័យ ដូចជាអំពើប្លន់ និងអំពើមនុស្សឃាតជាដើម ៖ «អ៊ីចឹងគោលបំណងធំនោះ គឺសំដៅចូលរួមនៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌»។
លោកស្រី ម៉ូនីកា បានឲ្យដឹងថា នៅថ្ងៃខាងមុខ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងពង្រីកគម្រោងសិក្សាស្រាវជ្រាវបែបនេះនៅតុលាការខេត្តបន្ទាយមានជ័យ និងតុលាការខេត្តរតនគិរី ដើម្បីចាត់ទុកថា ជាតុលាការគំរូ។ តុលាការសាលាដំបូងក្រុងភ្នំពេញ និងតុលាការខេត្តកណ្ដាល ត្រូវបានចាត់ទុកថា ជាតុលាការគំរូក្នុងការសិក្សាស្រាវជ្រាវកន្លងមក។
អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ លោក ស៊ុយ ម៉ុងលាង បានមានប្រសាសន៍នៅក្នុងរបាយការណ៍នោះថា លោកទទួលយក និងគាំទ្រអនុសាសន៍នៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ។
របាយការណ៍ប្រចាំឆ្នាំមុនៗ ពោលគឺនៅមុនឆ្នាំ២០១០ ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដាក់ជូនទៅអង្គការជាដៃគូក្រសួងយុត្តិធម៌ នគរបាលជាតិ មន្ត្រីតុលាការ ព្រមទាំងក្រសួងមហាផ្ទៃ រួចរាល់ហើយ។
ប្រធានប្រតិបត្តិនៃគម្រោងអ្នកការពារក្ដីកម្ពុជា លោក សុក សំអឿន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនត្រូវបានចាប់ខ្លួនដោយគ្មានមេធាវីជួយការពារក្ដីទេ ៖ «ក្នុងរយៈពេល ២៤ម៉ោង ក្រោយពីការចាប់ខ្លួនហ្នឹង គឺមិនមាននរណាមានមេធាវីក្នុងរយៈពេល ២៤ម៉ោង ក្រោយពីការចាប់ខ្លួនហ្នឹងទី១ ហើយទី២ទៀត ក្នុងច្បាប់យើង គឺតម្រូវឲ្យតុលាការចាត់តាំងឲ្យជនក្រីក្រហ្នឹង គឺមានតែករណីហ្នឹងជនជាប់ចោទត្រូវបានចោទក្រោមបទឧក្រិដ្ឋ ឬជាអនីតិជនទេ»។
មេធាវីឈ្មោះ មួង សុគន្ធ បានមានប្រសាសន៍ថា ជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចាំបាច់ត្រូវមានមេធាវីការពារក្ដី ពីព្រោះមេធាវីអាចធ្វើឲ្យចៅក្រមជម្រះក្ដី ពិចារណាក្នុងការសម្រេចសេចក្ដីត្រឹមត្រូវតាមច្បាប់ ៖ «មានរឿងច្រើនណាស់នៅក្នុងសវនាការជំនុំជម្រះ គឺត្រូវបានចៅក្រមជំនុំជម្រះ ឬក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើកលែងការចោទប្រកាន់ដោយហេតុផលថា គ្មានមូលដ្ឋានត្រឹមត្រូវ»។
ស្ថិតិជាផ្លូវការរបស់គណៈមេធាវីកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានមេធាវីចំនួនសរុប ៧៥១នាក់ ប៉ុន្តែអ្នកច្បាប់បាននិយាយថា ចំនួននេះនៅតិចតួចនៅឡើយ។
ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្ននៅតាមខេត្ត និងទីជនបទនានា ភាគច្រើនពុំមានមេធាវីទេ ដោយសារតែមេធាវីភាគច្រើនមកផ្ដុំគ្នានៅតែក្នុងទីក្រុងភ្នំពេញ៕