ជំនួយការតំណាងការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ហួន ទូច មានប្រសាសន៍ប្រាប់ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃពុធ ទី៩ មិថុនា ថា លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានផ្ដល់កិច្ចជំនួបដាច់ដោយឡែកពីគ្នាមួយ ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន ក្នុងនោះមានតំណាងអង្គការសិទ្ធិមនុស្ស លីកាដូ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងបញ្ហាដីធ្លីមួយចំនួនទៀត។
លោក ហួន ទូច បានបញ្ជាក់ថា ៖ «ថ្ងៃនេះគាត់ប្រជុំនៅក្នុងការិយាល័យទាំងអស់ អត់មានចេញទៅណាផង! បញ្ហាដូចមាននៅក្នុងសេចក្ដីថ្លែងការណ៍អ៊ីចឹង បញ្ហាប្រព័ន្ធតុលាការ បញ្ហាយុត្តិធម៌។ ខាងរដ្ឋាភិបាលអត់មានទេ ប៉ុន្តែមានខាងសង្គមស៊ីវិល!»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន បានឲ្យវិទ្យុអាស៊ីសេរីដឹងដែរថា នៅថ្ងៃពុធ ទី៩ មិថុនា លោកបានជួបដាច់ដោយឡែកមួយក្រៅពីអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត ជាមួយនឹងលោក ស៊ូប៊ែឌី ផ្ទាល់ ដោយលោកលើកឡើងពីបញ្ហាប្រព័ន្ធតុលាការនៅកម្ពុជា។
ប្រព័ន្ធតុលាការនៅកម្ពុជាត្រូវបានលោក សុក សំអឿន ពិពណ៌នាថា មិនទាន់ទទួលការទុកចិត្តពីប្រជាពលរដ្ឋនៅឡើយ ដូចជាការអនុវត្តច្បាប់មិនទាន់បានសមស្រប និងបញ្ហាការកែទម្រង់ក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់លក្ខន្តិកៈចៅក្រមដែលជាប់គាំងតាំងពីឆ្នាំ២០០២ រហូតមកទល់នឹងពេលនេះមានរយៈពេល ៨ឆ្នាំហើយ។
បញ្ហានេះ លោក សុក សំអឿន បានស្នើជាយោបល់ទៅលោក ស៊ូប៊ែឌី ថា ៖ «ទី១ សមាជិកនៃអង្គចៅក្រមគួរមានការកែប្រែ។ ខ្ញុំគ្រាន់តែស្នើឲ្យដកចាងហ្វាងសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ជំនួសដោយចៅក្រម ព្រះរាជអាជ្ញា ឬបេក្ខជនដែលជាប់ឆ្នោតវិញ»។
នាយកប្រតិបត្តិនៃអង្គការវេទិកា អង្គការមិនមែនរដ្ឋាភិបាល លោក ឈិត សំអាត ដែលអង្គការលោកមិនទាន់បានចូលជួបលោក ស៊ូយ៉ា ស៊ូប៊ែឌី នៅឡើយ ប៉ុន្តែអង្គការលោកមានគម្រោងជួបនៅពេលឆាប់ៗនេះ ដោយសូមឲ្យលោក ស៊ូយ៉ា ស៊ូប៊ែឌី ជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់កិច្ចសហការជាមួយសង្គមស៊ីវិល ឲ្យបានល្អប្រសើរជាងសព្វថ្ងៃនេះ ក្នុងការជួយដោះស្រាយបញ្ហាជម្លោះដីធ្លី និងការរំលោភបំពានលើសិទ្ធិពលរដ្ឋមួយទៀតជូនដល់ប្រជាពលរដ្ឋ។
លោក ឈិត សំអាត បានបញ្ជាក់ថា ៖ «យើងត្រូវការមានការពិភាក្សាគ្នា តើកន្លែងណាដែលសង្គមស៊ីវិលអាចជួយ កន្លែងណារដ្ឋាភិបាលអាចជួយ ដើម្បីដោះស្រាយបញ្ហាប្រជាជនក្រីក្រដែលមានបញ្ហាដីធ្លីជាដើម»។
លោក ស៊ូយ៉ា ស៊ូប៊ែឌី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារ ទី៨ ខែមិថុនានេះ គឺជាលើកទី៣ហើយដើម្បីពិនិត្យមើលប្រព័ន្ធតុលាការនៅកម្ពុជា។
លោក ស៊ួយ៉ា ស៊ូប៊ែឌី បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែមិថុនា បានបញ្ជាក់ថា បេសកកម្មលើកទី៣នេះ លោកនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើប្រព័ន្ធយុត្តិធម៌ ដែលជាផ្នែកមួយនៃការលើកស្ទួយ និងការពារសិទ្ធិមនុស្ស។
លោកមានគម្រោងស្នាក់នៅប្រទេសកម្ពុជាចំនួន ៩ថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ទី៨ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា។ ក្នុងដំណើរនេះលោកនឹងគ្រោងចូលគាល់ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនិងជួបមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងស្ថាប័នកំណែទម្រង់ច្បាប់ មន្ត្រីយុត្តិធម៌ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕