ខ្មែរ​អាមេរិកាំង​ស្នើ អ.ស.ប. ដាក់​សំពាធ​លើ​ប្រទេស​កម្ពុជា

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ជំរុញ​ឲ្យ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

0:00 / 0:00

ការ​ជំរុញ​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​មក​ពី​តាម​រដ្ឋ California, New Jersey, Pennsylvania, Maryland និងVirginia ជា​មួយ​លោក សុរិយា ស៊ូប៊ែឌី ក្នុង​រដ្ឋធានី Washington សហ​រដ្ឋ​អាមេរិក កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៦ មេសា។

ប្រធាន​អង្គការ​ខ្មែរ-អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ លោក ម៉ុង ហេង មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​បាន​ជំរុញ​ឲ្យ​លោក ស៊ូប៊ែឌី ចាប់​អារម្មណ៍​អំពី​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​ឯកត្ត​នាម និង​ជំរុញ​ឲ្យ​រដ្ឋ​សភា​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ម៉ុង ហេង ប្រាថ្នា​ចង់​ឃើញ​មន្ត្រី​រាជការ និង​កង​ប្រដាប់​អាវុធ​ដែល​មាន​តួនាទី​បម្រើ​ពល​រដ្ឋ​ប្រកាន់​យក​ភាព​អព្យាក្រឹត្យ។ លោក​មាន​ប្រសាសន៍​ថា ច្បាប់​ស្ដីពី​គណ​បក្ស​នយោបាយ​បច្ចុប្បន្ន បាន​ចែង​អំពី​មន្ត្រី​យោធា កង​រាជ​អាវុធ​ហត្ថ នគរបាល និង​ព្រះ​សង្ឃ ដែល​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត្យ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណ​បក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​គណ​បក្ស​ណា​មួយ​បាន។

ថ្វីបើ​មាន​ការ​ចែង​ដូច្នេះ​មែន ច្បាប់​នេះ​នៅ​មាន​ចន្លោះ​ប្រហោង​ដែល​មិន​បាន​ចែង​អំពី​ការ​ដាក់​ទណ្ឌកម្ម ឬ​ការ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​បំពាន​ច្បាប់​នោះ​ឡើយ។ របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នានា​នៅ​កម្ពុជា​កន្លង​មក បាន​អោយ​ដឹង​ថា គេ​សង្កេត​ឃើញ​មន្ត្រី​រាជការ និង​កង​ប្រដាប់​អាវុធ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​កាន់​អំណាច។

លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​ក្រោយ​ពី​ជំនួប​ជា​មួយ​សហគមន៍​ខ្មែរ​ទាំង​នោះ​ថា ពល​រដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ភាគ​ច្រើន​បាន​សម្ដែង​កង្វល់​អំពី​បញ្ហា​ដីធ្លី និង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ក៏​ដូច​ជា​ដំណើរការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១២ ៖ «ខ្ញុំ​មាន​ក្ដី​សប្បាយ​រីក​រាយ​ខ្លាំង​ដែល​មាន​ឱកាស​ស្ដាប់​ពី​ក្ដី​កង្វល់​របស់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំង​នេះ។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ផ្ដល់​ព័ត៌មាន​ច្បាស់​ការ​អំពី​កម្ពុជា ដើម្បី​ជួយ​ខ្ញុំ​សម្រាប់​របាយការណ៍​ជូន​ដល់​រដ្ឋាភិបាល។ ដូច​លោក​បាន​ឃើញ​ហើយ​ថា មនុស្ស​មួយ​ចំនួន​លើក​អំពី​បញ្ហា​សិទ្ធិ​ដីធ្លី និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដែល​ពួក​គេ​ចង់​ឲ្យ​មាន​ភាព​សេរី​ត្រឹម​ត្រូវ និង​យុត្តិធម៌។»

ចំណែក​លោក​យាយ​អាយុ​៨៤​ឆ្នាំ មា្នក់ ឈ្មោះ លឹម សារ៉ាន់ ធ្វើ​ដំណើរ​ពី​រដ្ឋ Virginia មក​ចូល​រួម​ស្ដាប់​លោក សុរិយា ស៊ូប៊ែឌី ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​យាយ​មាន​ភាព​អាណិត និង​សោក​សង្រែក​ដល់​ពល​រដ្ឋ​ខ្មែរ​ក្រីក្រ ដែល​ត្រូវ​គេ​បណ្ដេញ​ទាំង​បង្ខំ​ចេញ​ពី​លំនៅឋាន។

សំណូមពរ​មួយ​ទៀត​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​សុំ​អោយ​រដ្ឋាភិបាល​កម្ពុជា​ពិភាក្សា​ជា​មួយ​ពល​រដ្ឋ​របស់​ខ្លួន​ជា​មុន​សិន មុន​សម្រេច​ចិត្ត​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន ឬ​មាន​ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ឲ្យ​ពួក​ក្រុមហ៊ុន​នោះ ម្យ៉ាង​ទៀត​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​នូវ​កញ្ចប់​សំណង​សមរម្យ​ដល់​ពួក​គេ។

ចំណែក​អ្នក​ស្រី ប៊ូ ឆេង​ហុង ពី​ទីក្រុង Long Beach រដ្ឋ California វិញ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​ឲ្យ​មាន​យុត្តិធម៌​នៅ​ពេល​ចង់​រឹបអូស​យក​ដីធ្លី​របស់​ប្រជា​ពល​រដ្ឋ​សម្រាប់​អភិវឌ្ឍន៍​នោះ។

បញ្ហា​ដីធ្លី​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​មួយ កំពុង​កើត​យ៉ាង​រ៉ាំរ៉ៃ​សឹង​ពាស​ពេញ​ផ្ទៃ​ប្រទេស ចាប់​តាំង​ពី​កណ្ដាល​ទីក្រុង រហូត​ដល់​តំបន់​ព្រំដែន​នៃ​បណ្ដា​ប្រទេស​ជិតខាង។ រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បង្ហាញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នេះ​ដែរ។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក បញ្ហា​នេះ​នៅ​តែ​វិវឌ្ឍ​ឥត​ស្រាកស្រាន្ត។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បង្ហាញ​ថា ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ជិត​បួន​ម៉ឺន​នាក់ កំពុង​រង​គ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​យ៉ាង​បង្ខំ ដោយ​គ្មាន​សំណង​សមរម្យ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។