ជន​សង្ស័យ​ម្នាក់​ស្លាប់​ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​សមត្ថកិច្ច

2009-06-08

បុរស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥​នាក់ ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ហៅ​មក​សាកសួរ​ពី​រឿង​អំពើ​ឃាតកម្ម បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​មិថុនា នៅ​ក្នុង​បន្ទប់​អនាម័យ​នៃ​ផ្ទះ​អ្នក​ភូមិ​មួយ​ដែល​ជា​កន្លែង​ឃាត់​ខ្លួន​ក្នុង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។

មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ ស្រុក​រុក្ខគិរី លោក សៀវ សុផល បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ មិថុនា​នេះ​ថា អ្នក​ភូមិ​ចំនួន​៥​នាក់ រស់​នៅ​ឃុំ​ព្រែក​ជីក កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សាកសួរ​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់ ឈ្មោះ ហេង ហ៊ឹម អាយុ ៦៦​ឆ្នាំ ជា​ឆ្មប​ភូមិ​រស់​នៅ​ភូមិ​ព្រៃ​ខ្ពស់ ឃុំ​ព្រែក​ជីក ដែល​ត្រូវ​គេ​លួច​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា។

លោក​បន្ត​ថា អ្នក​ទាំង​៥​នាក់​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ សុំ​ផ្ទះ​អ្នក​ភូមិ​មួយ​នៅ​ជិត​សាលា​ឃុំ​ព្រៃ​ត្រឡាច ឲ្យ​ដេក​ស្នាក់​នៅ​ដើម្បី​រង់ចាំ​ធ្វើការ​សាក​សួរ​នៅ​ពេល​ព្រឹក ស្រាប់​តែ​បុរស​ឈ្មោះ ឃ្លាំង ឆក អាយុ ៤៦​ឆ្នាំ បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​ប្រហែល​ជា ១១​យប់ ក្រោយ​មក​រក​ឃើញ​សព​ដោយ​មាន​ខ្សែ​ទាម​រទេះ​គោ​ចង​ជាប់​នឹង​ធ្នឹម​ឈើ​ដំបូល​បង្គន់​របស់​ម្ចាស់​ផ្ទះ។

លោក សៀវ សុផល មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «៥​នាក់​ហ្នឹង​សុទ្ធ​តែ​បង​ប្អូន បង​ថ្លៃ និង​ប្អូន​ថ្លៃ ដល់​ពេល​ថា មក​ដេក​ជាមួយ​គ្នា ដល់​ហើយ​បាត់​បង​ថ្លៃ ឆោ​ឡោ​ទាំង​យប់​តែ​ម្ដង។ (រក​ឃើញ) ចង​ជាប់​នឹង​មេ​ដំបូល​បង្គន់»

ឃ្លាំង ធឿន អាយុ ២៩​ឆ្នាំ ប្អូន​ប្រុស​សព​ជន​រង​គ្រោះ ហើយ​ត្រូវ​គេ​កោះ​ហៅ​ដើម្បី​សាក​សួរ​ដែរ​នោះ បាន​ថ្លែង​ថា ក្រោយ​ពី​បាត់​បង​ប្រុស​របស់​ខ្លួន ពួក​គេ​ក៏​នាំ​គ្នា​ដើរ​រក​ទាំង​យប់ ក្រោយ​មក​ប្រទះ​ឃើញ​សព​ចង​ក​ស្លាប់​នៅ​ក្នុង​បង្គន់។

លោក​បន្ត​ថា ៖ «ខ្ញុំ​សង្ស័យ​ថា គេ​ធ្វើ​បាប វ៉ៃ​ហើយ យក​ទៅ​ចង»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី មោង យឿត អាយុ ៤៧​ឆ្នាំ ភរិយា​សព​បាន​ថ្លែង​ថា នៅ​លើ​រាង​កាយ​សព​ប្តី លោកស្រី​មាន​ការ​សង្ស័យ​ថា ការ​ស្លាប់​នោះ​ដោយ​អំពើ​ទារុណ​កម្ម ៖ «ខ្ញុំ​ស្រាត​ខោ​គាត់​ទៅ ឃើញ​ឈាម ឈាម​ជាប់​ខោ​[ទ្រនាប់]​គាត់​ច្រើន ហើយ​ខ្ញុំ​ក៏​ហៅ​កូន​ខ្ញុំ​ឲ្យ​ជួយ​បង្វិល​ឃើញ​ខ្នង​ជាំ​បី​កន្លែង ហើយ​កែង​ដៃ​គាត់​ឃើញ​ស្នាម​បែក​ទាំង​សង​ខាង។ ខ្ញុំ​សង្ស័យ​ថា ប្តី​ខ្ញុំ​មិន​មែន​ចង​ក​ដោយ​ខ្លួន​ឯង​ទេ សង្ស័យ​ថា គេ​លួច​វាយ ឲ្យ​សន្លប់​រួច​ហើយ​យក​ទៅ​ចង​ក​សម្លាប់»

មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យិន ម៉េងលី ដែល​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នេះ មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ជាក់​លាក់​ជុំវិញ​ការ​ស្លាប់​របស់​លោក ឃ្លាំង ឆក នេះ​ទេ៖ «ករណី​នេះ​មាន​ការ​លំបាក​ក្នុង​ការ​សន្និដ្ឋាន​ដែរ ដោយសា​សព​ត្រូវ​បាន​យក​ដុត​ជា​បន្ទាន់»

កាល​ពី​ខែ​មេសា​និង​ឧសភា​កន្លង​ទៅ​នេះ មាន​ជន​សង្ស័យ​ពីរ​នាក់​ហើយ បាន​ស្លាប់​នៅ​កន្លែង​ឃុំ​ខ្លួន​របស់​ប៉ូលិស​ខេត្ត​ប៉ៃលិន និង​ប៉ូលិស​ស្រុក​មោង​ឫស្សី​ខេត្ត​បាត់​ដំបង ដែល​ក្រុម​គ្រួសា​បាន​ចោទ​ប្រកាន់​ថា ការ​ស្លាប់​អាច​បណ្តាល​មក​ពី​ការ​ធ្វើ​ទារុណ​កម្ម​ហួស​ហេតុ​របស់​ប៉ូលិស។

គួរ​បញ្ជាក់​ថា សព​លោក ឃ្លាំង ឆក ក្រោយ​ពី​គេ​ប្រទះ​ឃើញ ត្រូវ​យក​ទៅ​ដាក់​នៅវ​ត្ត​ស្តុក​ប្រវឹក ស្ថិត​ក្នុង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខគិរី ហើយ​ត្រូវ​បាន​គេ​បូជា​ភ្លាមៗ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៧ មិថុនា​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប៉ូលិស​ខែត្រ​មណ្ឌលគិរី​តាម​ចាប់​ជន​សង្ស័យ​២​នាក់​ក្នុង​ករណី​ប្លន់

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ទាត់​កូន​ស្រី​ឲ្យ​សន្លប់

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ