លោកបន្តថា បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតឈានដល់ចាប់ជនសង្ស័យក្នុងអំពើឃាតកម្មនេះបញ្ចូនទៅកាន់តុលាការផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។
លោក ប៉ា អិ អធិការស្រុកកៀនស្វាយ បន្ថែម ៖ «ខ្ញុំឈានទៅរកឃើញទាំងអស់ គ្រាន់តែថា ខ្ញុំក្នុងនីតិវិធីនេះមិនទាន់អាចជូនព័ត៌មានលម្អិតជ្រាបទេ ដើម្បីខ្ញុំធ្វើការងារហ្នឹងឲ្យបានសម្រេច»។
លោកអធិការឲ្យដឹងថា ឃាតកម្មទៅលើសពលោក អ៊ុក ឆន្ទៈ មិនមែនជាករណីនយោបាយទេ គឺជាអំពើប្លន់ ហើយថា ជនសង្ស័យនៅក្នុងករណីប្លន់នេះ សមត្ថកិច្ចកំណត់បានមុខសញ្ញារួចហើយ និងកំពុងស្វែងរកចាប់ខ្លួន។
បន្ថែមលើសពីនេះ លោក នៅ នឿន នាយប៉ុស្តិ៍នគរបាលឃុំឈើទាល ក៏បានបញ្ជាក់ថា ឃាតកម្មទៅលើសកម្មជនបក្សប្រឆាំងជាជំទប់ទី២ឃុំឈើទាល សមត្ថកិច្ចបានយកចិត្តទុកដាក់ក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ផ្សេងទៀតបញ្ចូនទៅកាន់តុលាការផ្ដន្ទាទោសឲ្យឆាប់ៗនេះ ៖ «យើងយកបាន១ យើងកំពុងតែតាម ប៉ុន្តែបែកទៅឃាតករត់បាត់»។
ពលរដ្ឋក្នុងមូលដ្ឋានឃុំឈើទាល និងគ្រួសារសពលោក អ៊ុក ឆន្ទៈ ក្រៅពីបានសាទរចំពោះសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ចាប់ខ្លួនជនសង្ស័យក្នុងឃាតកម្មបានម្នាក់ ពួកគេក៏បានស្នើទៅសមត្ថកិច្ចឲ្យបង្កើនសកម្មភាពបានសកម្មភាពតាមប្រមាញ់ជនសង្ស័យផ្សេងទៀតយកមកផ្ដន្ទាទោសថែមទៀត។
លោក ធូ សំណាង ដែលបានចូលរួមបុណ្យសពជនរងគ្រោះ ឈ្មោះ អ៊ុក ឆន្ទៈ ចង់ឃើញសកម្មភាពរបស់សមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសឲ្យមានប្រសិទ្ធភាព។
លោក ធូ សំណាង បន្ថែម ៖ «គ្រាន់តែបុណ្យទេសនាជាង ១លាន គាត់ជាមនុស្សល្អណាស់។ មនុស្សគាត់ស្រាក៏អត់ចេះ បារីក៏អត់ចេះជក់ គាត់ដឹងតែពីការងារ។ មិនតែប៉ុណ្ណឹងគាត់គឺជាប្រធានសមាគមបុណ្យសពដើរប្រមូលថវិកា ដើម្បីជួយចំណាយដល់គ្រួសារក្រីក្រ»។
ឃាតកម្មនេះ មន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំងមួយចំនួននៅកម្ពុជា ចាត់ទុកថា អាចជាសញ្ញាគំរាមកំហែងមួយទៅលើសកម្មជនបក្សប្រឆាំងនៅមុនការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសកល នឹងចូលមកដល់នៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ខាងមុខ។
ជនរងគ្រោះឈ្មោះ អ៊ុក ឆន្ទៈ មានតួនាទីជាជំទប់ទី២ ឃុំឈើទាល នៃគណបក្ស សម រង្ស៊ី ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានឃាតកវាយសម្លាប់ រួចអូសសពយកទៅទម្លាក់ប្រឡាយទឹកក្នុងទំនប់ដូនស កាលពីរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១។ ប៉ូលិសឲ្យដឹងថា សម្ភារៈរបស់ជនរងគ្រោះដែលត្រូវបាត់បង់ មានដូចជាម៉ូតូសេ ១២៥ ស៊េរី ២០០៤ ១គ្រឿង ម៉ាស៊ីនថត១ និងទូរស័ព្ទដៃ ១គ្រឿង៕