លោក ពិតសូវ៉ាន់ ថ្លែងបន្តថា សមាគមអាស៊ានមិនចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកឡើយ ក៏ប៉ុន្តែនៅពេលដែលបញ្ហានោះបានធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព ភាពជាមុខមាត់ និងជំនឿទុកចិត្តទៅលើសមាគមអាស៊ាន ដូច្នេះការព្រួយបារម្ភរបស់យើង គឺត្រូវតែលើកឡើងមកនិយាយនិងបញ្ចេញឲ្យដឹង។
សូមរំឭកថា ក្រោយកិច្ចប្រជុំ២ថ្ងៃ Asia-Europe ឬហៅកាត់ថា ASEM នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសនៅទ្វីបអាស៊ីនិងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវសុំឲ្យរដ្ឋាភិបាលភូមាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ទោសនយោបាយភូមា ប្រមាណជាង ២០០នាក់ទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ដែលបានត្រូវតុលាការប្រទេសភូមាធ្វើការចោទប្រកាន់ពីបទរំលោភបញ្ញត្តិការជាប់ឃុំឃាំងនៅក្នុងផ្ទះនេះ បានញ៉ាំងឲ្យមានប្រតិកម្មជាខ្លាំងពីបណ្តាមេដឹកនាំប្រទេសជាច្រើនក្នុងពិភពលោក ដោយបានចោទប្រកាន់រដ្ឋាភិបាលភូមាថា បាននិងកំពុងព្យាយាមរកកំហុសដាក់ទោសដើម្បីបំបិទសិទ្ធិរបស់លោកស្រីមិនឲ្យចូលរួមក្នុងការបោះឆ្នោតសកលនៅភូមា ដែលរៀបចំធ្វើនៅឆ្នាំ២០១០ខាងមុខនេះ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំង កាលពីថ្ងៃពុធម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានបន្ទោសទៅលើផ្នែកសន្តិសុខធូររលុងរបស់អាជ្ញាធរភូមា ដែលជាហេតុនាំឲ្យបុរសអាមេរិកាំងអាចហែលទឹកឆ្លងទន្លេចូលមកដល់ផ្ទះលោកស្រីបាន ហើយថាការចាប់ឃុំខ្លួនលោកស្រី ដាក់ក្នុងពន្ធនាគារនេះ គឺជាកំហុសរបស់រដ្ឋាភិបាលយោធាភូមា។
មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី ព្យាយាមបង្ហាញចៅក្រមភូមាថា ការអនុញ្ញាតឲ្យបុរសអាមេរិកាំងនោះស្នាក់នៅពីរយប់ ពុំមែនជាទង្វើខុសពីបទប្បញ្ញត្តិនៃការឃុំខ្លួន របស់លោកស្រីក្នុងផ្ទះឡើយ៕
