អនុប្រធានសហគមន៍អភិរក្សព្រៃឈើឃុំក្រសាំង លោក ណឹប ធឿន មានប្រសាសន៍នៅថ្ងៃទី៨ ខែកញ្ញា ថា មានពលរដ្ឋជាង ១០០នាក់ នៅឃុំក្រសាំង បានប្រមូលផ្ដុំគ្នានៅចំណុចដីព្រៃសហគមន៍ឃុំក្រសាំង ស្រុករមាសហែក ដើម្បីតវ៉ាទប់ស្កាត់សកម្មភាពដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់ក្រុមហ៊ុនមិត្តភាព។
លោក ណឹប ធឿន បានសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយកាត់ដីព្រៃសហគមន៍ចំនួន ៥០០ហិកតារ នៅឃុំក្រសាំង ទុកជូនពលរដ្ឋអភិរក្សសម្រាប់អនាគតកូនចៅក្នុងមូលដ្ឋាននាថ្ងៃអនាគត។ ព្រោះថាដីព្រៃមានសល់តិចតួចនៅឃុំក្រសាំង មិនត្រឹមបានបម្រើប្រយោជន៍ដល់ពលរដ្ឋខេត្តស្វាយរៀងទេ ប៉ុន្តែក៏មានពលរដ្ឋមកពីខេត្តព្រៃវែង និងខេត្តកំពង់ចាម ក៏បានមកប្រកបរបរបោចវល្លិ រកអុស និងកាប់កូនឈើតូចៗ យកទៅធ្វើជម្រករស់នៅជាដើម៖ «សម្ដេចនាយករដ្ឋមន្ត្រីសូមលោកជួយកាត់ដីចំនួន ៥០០ហិកតារ ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងសហគមន៍ជាទម្លាប់ពីដូនតា យើងធ្លាប់រកអុស បោចវល្លិ និងកាប់កូនឈើតូចតាចធ្វើជង្រុក ធ្វើជម្រកនៅ»។
សកម្មជនអភិរក្សព្រៃ និងអាជ្ញាធរឃុំក្រសាំងបានឲ្យដឹងថា ដីព្រៃកំពុងមានជម្លោះនៅឃុំក្រសាំង ត្រូវបានរដ្ឋាភិបាលវិនិយោគទៅឲ្យក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនចម្ការកៅស៊ូមិត្តភាព និងក្រុមហ៊ុនវណ្ណៈលីនដា មានផ្ទៃដីជិត ២ពាន់ហិកតារ ដើម្បីអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ។
យ៉ាងនេះក្តី លោក ពោន សាង មេឃុំក្រសាំងបានមានប្រសាសន៍គាំទ្រផែនការអភិរក្សដីព្រៃសហគមន៍របស់ពលរដ្ឋក្នុងមូលដ្ឋានឃុំក្រសាំង។ ព្រោះលោកយល់ថា ដីព្រៃសហគមន៍មួយនេះ បានផ្ដល់ប្រយោជន៍ច្រើនដល់ពលរដ្ឋទាំងពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគត។
លោកមេឃុំក្រសាំងមានសំណូមពរទៅប្រមុខដឹកនាំរដ្ឋាភិបាល គួរអនុគ្រោះកាត់ដីព្រៃសហគមន៍ចំនួន ៥០០ហិកតារ ចេញពីដីសម្បទានសេដ្ឋកិច្ច ទុកជូនពលរដ្ឋថែរក្សាសម្រាប់អនាគតកូនចៅជំនាន់ក្រោយបានរស់អាស្រ័យផលបន្តទៀត ៖ «ប្រជាពលរដ្ឋត្រូវការព្រៃឈើក្នុងសហគមន៍ហ្នឹងតាំងពីអុសដុត តាំងពីជម្រកមូលដ្ឋានសម្រាប់អ្នកក្រីក្រ តាំងពីជម្រកសត្វពាហនៈ គឺច្រើនណាស់បើនិយាយពីផលប្រយោជន៍ តាំងពីខ្សែចងកណ្ដាប់សម្រាប់យកទៅស្ទូង ដែលជាតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងទៅលោក ជាង អំ អភិបាលខេត្តស្វាយរៀង ក្រុមហ៊ុនមិត្តភាព និងក្រុមហ៊ុនវណ្ណៈលីនដា ដែលពលរដ្ឋចោទប្រកាន់ ដើម្បីបំភ្លឺជុំវិញការឈូសឆាយដីព្រៃសហគមន៍ នៅឃុំក្រសាំងបានទេ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១។
ទោះយ៉ាងណា លោក ហែន សុគន្ធ អភិបាលស្រុករមាសហែក ធ្លាប់បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកញុះញង់ បំផុសឲ្យពលរដ្ឋនៅឃុំក្រសាំងប្រឆាំងតវ៉ាផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល។ លោកចាត់ទុកការប្រមូលផ្ដុំគ្នាបង្កើតសហគមន៍អភិរក្សព្រៃរបស់ពលរដ្ឋនៅឃុំក្រសាំង ថាមិនមានច្បាប់ត្រឹមត្រូវនោះទេ ៖ «រឿងដីរាប់រយរាប់ពានហិកតារមិនមែនចេះតែធ្វើលាក់លៀមមកតាមរយៈបុគ្គលស្ងាត់ៗ បានទេ លុះត្រាតែរាជរដ្ឋាភិបាល»។
លោក ប្រាក់ សារ៉ាន់ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ក៏ចង់ឲ្យប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាពិចារណាកាត់ដីព្រៃមានសេសសល់នៅឃុំក្រសាំង ក្នុងស្រុករមាសហែក ចំនួន៥០០ហិកតារ ទៅឲ្យពលរដ្ឋអភិរក្ស។ ព្រោះលោកយល់ថា ដីព្រៃសហគមន៍នេះ មានពលរដ្ឋចំនួន ១០ភូមិ ត្រូវការដីព្រៃសហគមន៍មួយនេះចាំបាច់បំផុត ៖ «ប្រជាពលរដ្ឋរស់នៅអាស្រ័យលើផលព្រៃឈើហ្នឹង បានជាច្រើនដូចជាលែងគោ ក្របី បោចវល្លិ រកស្មៅ ហើយនឹងសម្រាប់ពួកគាត់កូនចៅប្រើប្រាស់ទៅអនាគតនូវអនុផលព្រៃឈើហ្នឹង»។
មន្ត្រីអភិរក្សព្រៃសហគមន៍ឃុំក្រសាំង បានអះអាងថា ដីព្រៃមានសល់តិចតួចក្នុងឃុំក្រសាំងមានពលរដ្ឋមកពី១០ភូមិ ធ្លាប់បានលើកសំណើតាមរយៈអាជ្ញាធរឃុំក្រសាំង ដាក់ជូនទៅអាជ្ញាធរស្រុករមាសហែក និងខេត្តស្វាយរៀង តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ដើម្បីស្នើទុកដីព្រៃសហគមន៍ចំនួន ៥០០ហិកតារដើម្បីអភិរក្ស៕