តុលាការខេត្តស្វាយរៀងបានចាប់ឃុំខ្លួនប្រជាពលរដ្ឋ២នាក់នៅក្នុងចំណោមជនសង្ស័យចំនួន៣នាក់ នៅថៃ្ង២៣ ធ្នូនេះ ក្រោយពីបានកោះហៅទៅសាកសួរក្រោមបទចោទប្រកាន់ថា បានបំផ្លាញដោយចេតនាចំពោះការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជានិងវៀតណាមនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថៃ្ង២៥ តុលា កន្លងទៅនេះ។
ប្រជាពលរដ្ឋចំនួន២នាក់ដែលរងការចាប់ឃុំខ្លួននោះ មានឈ្មោះលោក ព្រំ ជា និងលោកស្រី មាស ស្រី ចំណែកឯប្រជាពលរដ្ឋខែ្មរម្នាក់ទៀត គឺលោកស្រី នាង ផល្លី បានរត់គេចខ្លួនពីការកោះហៅរបស់តុលាការខេត្តស្វាយរៀងនោះ។
លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តស្វាយរៀង ដែលកំពុងតែតាមដានសំណុំរឿងនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងពុធនេះថា លោកកំពុងស្វែងរកមេធាវីការពារក្តីឲ្យប្រជាពលរដ្ឋ២នាក់ខាងលើនេះ។
លោក ង៉ែត ណារ៉ា បានបញ្ជាក់ថា ៖ «នៅព្រឹកមិញនេះគេមានការឃាត់ខ្លួនប្រជាពលរដ្ឋចំនួន២នាក់ ទី១ ឈ្មោះអ្នកស្រី មាស ស្រី ទី២ ឈ្មោះលោក ព្រំ ជា ឯម្នាក់ទៀតនៅពេលដែលគាត់ឃើញព្រឹត្តិការណ៍មានការចាប់ប្រជាពលរដ្ឋដែលជាគ្នា ជាបងប្អូនរបស់គាត់ចំនួន២នាក់ហ្នឹង ឥឡូវហ្នឹងគឺគាត់បានធ្វើការភៀសខ្លួន ប៉ុន្តែយើងអត់ដឹងថា តើគាត់ភៀសខ្លួនទៅទីណាទេ!»។
ពលរដ្ឋឈ្មោះ មាស ស្រី ដែលរងការចាប់ឃុំខ្លួនដោយតុលាការខេត្តស្វាយរៀងក្រោយពីការសាកសួរនោះ បានថែ្លងប្រាប់នៅមុនការចាប់ខ្លួននោះថា ៖ «សម រង្ស៊ី គាត់ធ្វើអង្គកឋិន ហើយដល់ពេលបាត់បង់ទឹកដីទៅ ពួកខ្ញុំក៏ស្រែកសុំឲ្យគាត់ជួយចុះទៅមើលរឿងបង្គោលព្រំដែន គេដាក់របៀបម៉េចៗអ៊ីចឹងណា៎!»។
ប្រជាពលរដ្ឋឈ្មោះ នាង ផល្លី ដែលកំពុងតែរត់គេចខ្លួននោះ ក៏បានថែ្លងប្រាប់នៅមុនពេលគេចខ្លួននោះថា ៖ «ខ្ញុំគ្មានបានដកគ្មានបានអីទេ! ខ្ញុំក៏មិនមែនជាអ្នកនាំលោក សម រង្ស៊ី ទៅដកដែរ!»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងបានភ្លាមៗដើម្បីសុំការបញ្ជាក់ពីមន្រ្តីតុលាការនិងមន្រ្តីស្នងការនគរបាលខេត្តស្វាយរៀង នៅជុំវិញការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋចំនួន២នាក់នោះទេ។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាមន្រ្តីអ្នកនាំពាក្យនៃគណបក្សនេះ បានមានប្រសាសន៍ថា ៖ «តុលាការរបស់គណបក្សប្រជាជននឹងធ្វើឲ្យមានការឈឺចាប់បន្ថែមទៀតទៅលើប្រជាពលរដ្ឋដែលកំពុងតែឈឺចាប់ស្រាប់ ដោយសារការបាត់បង់ដីស្រែរបស់ខ្លួនដោយសារតែការបោះតម្រុយបង្គោលព្រំដែនលេខ១៨៥នេះ»។
ប្រភពពីសកម្មជនការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានឲ្យដឹងថា នៅមានប្រជាពលរដ្ឋខែ្មរចំនួន២នាក់ទៀតត្រូវបានតុលាការខេត្តស្វាយរៀងកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺក្រោមបទចោទដូចគ្នា នៅថៃ្ងព្រហស្បតិ៍ ទី២៤ ខែធ្នូនេះ។
ការចាប់ឃុំខ្លួនប្រជាពលរដ្ឋចំនួន២នាក់ខាងលើនេះ នៅមុនពេលដែលមន្រ្តីជំនាញកិច្ចការព្រំដែនប្រទេសកម្ពុជាមានគម្រោងការទៅឆ្លើយបំភ្លឺនៅក្នុងសភាជាតិ នៅថៃ្ងទី២៤ ខែធ្នូនេះ អំពីការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាងនៃប្រទេសកម្ពុជា ជាពិសេសជាមួយនឹងប្រទេសវៀតណាម តាមសំណើរបស់តំណាងរាស្ត្រខាងគណបក្សសមរង្ស៊ី។
តុលាការខេត្តស្វាយរៀងបានចោទប្រកាន់ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងប្រជាពលរដ្ឋចំនួន៥នាក់ ក្រោមបទចោទប្រកាន់ថា បានបំផ្លាញដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជានិងវៀតណាម និងការញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង៕
