តុលាការខេត្តស្វាយរៀង នៅថៃ្ងពុធទី១៦ ធ្នូ បានកោះហៅជំទប់ទី២ នៃឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ខាងគណបក្សសមរង្ស៊ី ដើម្បីសាកសួរចម្លើយជុំវិញសំណុំរឿងចោទប្រកាន់លោក សម រង្ស៊ី មេដឹកនាំគណគបក្សប្រឆាំង ក្រោមបទចោទថា បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងញុះញង់ឲ្យមានការរើសអើងពូជសាសន៍កាលពីខែតុលាកន្លងទៅ។
ដីកានោះបានបង្គាប់ឲ្យទ្បើងទៅឆ្លើយបំភ្លឺនៅថៃ្ងទី២២ ខែឆ្នូ សប្តាហ៍ក្រោយនេះ។
ជំទប់ទី២នៃឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ខាងគណបក្សសមរង្ស៊ី លោក ពៅ ភាព អាយុ៤០ឆ្នាំ ដែលបានទទួលដីកាកោះហៅដោយតុលាការខេត្តស្វាយរៀង នៅថៃ្ងពុធនេះ បានមានប្រសាសន៍ថា ៖ «ដីកាសាលាដំបូងគាត់បានកោះអញ្ជើញខ្ញុំទៅចូលរួមធ្វើជាសាក្សីបំភ្លឺនៅថ្ងៃទី២២ នៅស្វាយរៀង ក្នុងរឿងករណីថ្ងៃទី២៥ ថ្ងៃដែលលោកប្រធាន សម រង្ស៊ី មកបុណ្យកឋិន»។
សុខ សេរី ៖ តើលោកមានគម្រោងការឡើងទៅទេ? ពៅ ភាព ៖ អាហ្នឹងត្រូវតែឡើង ព្រោះមានលិខិតអញ្ជើញពីសាលាដំបូងមានលាយលក្ខណ៍ជាអក្សរច្បាស់លាស់ វាយត្រាមកហើយ យើងត្រូវតែឡើង។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ីនិងជាមន្រ្តីអ្នកនាំពាក្យផងដែរនោះ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ខ្ញុំមានជំនឿថា គណបក្សសមរង្ស៊ីនឹងមិនភ័យខ្លាចជាដាច់ខាត ពីព្រោះគណបក្សសមរង្ស៊ីនៅតែអះអាងថា អ្វីដែលលោកប្រធាន សម រង្ស៊ី បានធ្វើ គឺធ្វើនៅក្នុងដីប្រជាពលរដ្ឋ បង្គោលនោះបោះនៅលើដីប្រជាពលរដ្ឋ»។
លោក ង៉ែត ណារ៉ា ជាមន្រ្តីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំការនៅក្នុងខេត្តស្វាយរៀង បានមានប្រសាសន៍ថា លោកតាអាចារ្យនៃគណៈកម្មការវត្តអង្គរំដេញចំនួនពីររូបនៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក៏បានរងការកោះហៅសាកសួរផងដែរនាពេលឆាប់ៗនេះ។
លោក ង៉ែត ណារ៉ា មានប្រសាសន៍ដូច្នេះ ៖ «មានការកោះអញ្ជើញលោកអាចារ្យពីរនាក់បន្ថែមទៀតពីវត្តអង្គរំដេញហ្នឹង។ អ៊ីចឹងជុំវិញបញ្ហានេះ ខ្ញុំនឹងធ្វើការឃ្លាំមើលនិងតាមដានគ្រប់សកម្មភាពបន្ថែមទៀតថា តើចំណាត់ការរបស់សាលាដំបូងនិងនីតិវិធីវាមានន័យយ៉ាងណាទៀត? ហើយខ្ញុំនឹងបន្តឃ្លាំមើលតាមដានសកម្មភាពទាំងអស់បន្តទៅទៀត»។
ចំណាត់ការរបស់តុលាការនៃខេត្តស្វាយរៀង កោះហៅមនុស្សជាច្រើនខាងលើនេះ នៅស្របពេលដែលតុលាការនេះបានចេញដីការួចហើយ ក្នុងការចោទប្រកាន់ជាផ្លូវការលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងការញុះញង់ឲ្យមានការរើសអើងពូជសាសន៍ ហើយតុលាការដដែលនេះកំពុងតែដំណើរការស៊ើបអង្កេតនៃសំណុំរឿងនេះ។
លោក សម រង្ស៊ី ត្រូវបានសភាជាតិលើកអភ័យឯកសិទ្ធិជាតំណាងរាស្រ្តកាលពីថៃ្ងទី១៦ ខែវិច្ឆិកាកន្លងទៅ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ខាងលើនេះ ក្រោយពីលោកបានដកតម្រុយព្រំដែនចំនួន៦ដើមនៅព្រំដែនកម្ពុជា-វៀតណាម កាលពីថៃ្ងទី២៥ ខែតុលាកន្លងទៅ នៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ចំពោះអ្វីដែលប្រជាពលរដ្ឋខែ្មរនៅទីនោះបានអះអាងថា តម្រុយព្រំដែននោះបានរំលោភចូលក្នុងដីស្រែរបស់ពួកគាត់។
ការដកតម្រុយព្រំដែននោះបានធ្វើទ្បើងនៅថៃ្ងដែលគណបក្សសមរង្ស៊ី បានដង្ហែបុណ្យកឋិនទានមួយទៅកាន់វត្តអង្គរំដេញ នៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានតាអាចារ្យគណៈកម្មការវត្តចំនួន២នាក់ បានអនុញ្ញាតទទួលយកបុណ្យកឋិនទាននោះ បើទោះបីជាមានការគំរាមមួយចំនួនមិនឲ្យទទួលយកបុណ្យកឋិនទាននោះក៏ដោយ៕