សកម្មជន និងមន្ត្រីក្រុមប្រឹក្សាខេត្តស្វាយរៀង ខាងគណបក្សប្រឆាំង សម រង្ស៊ី នៅថៃ្ងទី២៩ ខែកក្កដានេះ បានតវ៉ាថា មានក្រុមសមត្ថកិច្ចនគរបាលក្នុងឯកសណ្ឋានស៊ីវិលចំនួនប្រមាណជាង ១០នាក់ បានតាមដានថតរូបអំពីសកម្មភាពរបស់សកម្មជនបក្សប្រឆាំង សម រង្ស៊ី ប្រមាណជាង ៣០នាក់ ដែលបានទៅធ្វើបុណ្យដង្ហែទានវស្សាប្រគេនឲ្យព្រះសង្ឃគង់នៅក្នុងវត្តអង្គរំដេញ នៅជាប់នឹងព្រំដែនកម្ពុជា-វៀតណាម ដែលពិធីបុណ្យនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ថ្មីៗនេះ តាមការណែនាំរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសកម្ពុជា។
មន្រ្តីគណបក្សប្រឆាំងនេះបានឲ្យដឹងថា របាយការណ៍នានា ស្តីអំពីសកម្មភាពធ្វើបុណ្យនោះ មានរូបថតជាច្រើនសន្លឹកត្រូវបានគេបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។
សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាប្រធានស្ដីទីគណបក្សប្រឆាំង សម រង្ស៊ី នៅក្នុងខេត្តស្វាយរៀង លោក មាស ខេង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី២៩ ខែកក្កដានេះថា ៖ «សកម្មភាពរបស់ប៉ូលិសនេះ ទី១ គឺជាការបំភិតបំភ័យ គំរាមកំហែងអ្នកដែលនៅក្នុងកម្មវិធីបុណ្យ ទី២ វាជាការព្យាបាទមួយមកលើសកម្មជនគណបក្ស សម រង្ស៊ី ដែលបានទៅធ្វើបុណ្យនៅទីនោះ។ យើងមានការព្រួយបារម្ភអំពីសន្តិសុខមែនទែន ដោយសារកន្លងមកមានការចោទប្រកាន់ខុសប្រក្រតីជាច្រើនរឿងដែលបានកើតឡើង»។
លោកបានឲ្យដឹងទៀតថា មានភ្នាក់ងារនគរបាលស្លៀកពាក់ស៊ីវិលចំនួន ៥នាក់ តាមថតរូបនៅតាមផ្លូវ ហើយមានភ្នាក់ងារនគរបាលស្លៀកពាក់ស៊ីវិលមួយក្រុមទៀតចំនួនប្រមាណ ៥នាក់ទៀតរង់ចាំថតរូប នឹងធ្វើកំណត់ហេតុនានានៅក្នុងវត្តអង្គរំដេញ នៅពេលដែលពិធីដង្ហែបុណ្យបានទៅដល់វត្ត ដោយក្រុមប៉ូលិសនោះមានវិទ្យុទាក់ទងនឹងម៉ាស៊ីនថតរូប។
ជំទប់ទី២ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង លោក ពៅ ភាព អាយុ ៤០ឆ្នាំ ដែលបានដឹងរឿងនេះកន្លងមក បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានតែងតែឃ្លាំមើល និងតាមដានសកម្មភាពនានារបស់គណបក្សប្រឆាំងដូច្នោះ ៖ «អ្វីដែលធ្វើទៅហ្នឹង គឺធ្វើដើម្បីយករបាយការណ៍រាយការណ៍ទៅថ្នាក់ដឹកនាំរបស់គេខាងលើៗ»។
សុខ សេរី ៖ ដូចជាគណបក្សប្រជាជនអី តើគេតាមអ៊ីចឹងដែរ ឬអត់ទេបាទ? ពៅ ភាព ៖ គេទៅក្នុងនាមការពារសន្តិសុខវិញ គេអត់ដែលយកអីៗទៅថតផង។
មន្ត្រីនគរបាលការពារព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលបានថតរូប និងធ្វើកំណត់ហេតុនោះ បានមានប្រសាសន៍តាមទូរស័ព្ទដោយសុំមិនប្រាប់ឈ្មោះថា លោកបានបំពេញកិច្ចការងារនេះផ្នែកសន្តិសុខ គឺមិនមែនជារឿងនយោបាយឡើយ។
មន្ត្រីនគរបាលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដូច្នេះ ៖ «អត់មានអីទេ។ នៅតំបន់ព្រំដែនគ្មាននរណាទៅគំរាមកំហែងនរណាទេ។ រឿងនេះ គឺខាងសន្តិសុខព្រំដែនទេ អត់មានរឿងនយោបាយទៅពាក់ព័ន្ធការងារប្រទេសជាតិទេ»។
កាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៨ កន្លងទៅ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា បានដឹកនាំការធ្វើបុណ្យដង្ហែផ្កាប្រាក់ទៅវត្តអង្គរំដេញ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាប់នឹងព្រំដែនកម្ពុជា-វៀតណាម ហើយពិធីបុណ្យនោះក្លាយជារឿងចម្រូងចម្រាសជាច្រើនកន្លងមក។
នៅទីនោះហើយដែលលោក សម រង្ស៊ី បានទៅដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា-វៀតណាម ដោយសារតែកសិករបានអះអាងថា តម្រុយបង្គោលព្រំដែននោះ ត្រូវបានគេបោះលើដីស្រែរបស់កសិករខែ្មរ។
លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសកំបាំងមុខឲ្យជាប់គុក ២ឆ្នាំ កាលពីថៃ្ងទី២៧ ខែមករា កន្លងទៅនេះ ក្រោមបទចោទថា លោកបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍៕
