ពលរដ្ឋ​នៅ​ស្វាយរៀង​បារម្ភ​ពី​បញ្ហា​វៀតណាម​ចូល​បូម​ខ្សាច់​

ប្រជាពលរដ្ឋ​ចំនួន ៤​ឃុំ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​នេះ​ថា បាន​អនុញ្ញាត​ឲ្យ​ទូក​បូម​ខ្សាច់​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​បូម​ខ្សាច់​តាម​ទន្លេ បណ្ដាល​ឲ្យ​បាក់​ដី​ស្រែ​ពលរដ្ឋ​ដែល​ធ្លាប់​បង្កបង្កើន​ផល​អស់​ជា​ច្រើន​ហិកតារ​ចូល​ទៅ​ក្នុង​ទន្លេ។

0:00 / 0:00

ពលរដ្ឋ​ចំនួន ៤​ឃុំ គឺ​ឃុំ​គគីរ ឃុំ​អំពិល ឃុំ​ដូង និង​ឃុំ​កំពង់ត្រាច ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កំពុង​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​ធ្លាប់​បង្ក​បង្កើន​ផល​បណ្ដាល​មក​ពី​ភាព​អនាធិបតេយ្យ​នៃ​ទូក​បូម​ខ្សាច់​វៀតណាម ​ចូល​មក​ធ្វើ​សកម្ម​ភាព​បូម​​ខ្សាច់​ក្នុង​មូលដ្ឋាន ហើយ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់​ស្កាត់។

ក្រុម​ពលរដ្ឋ​បាន​សំណូមពរ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ មាន​ដូច​ជា ក្រសួង​​បរិស្ថាន និង​ក្រសួង​ធនធាន​ទឹក ជា​ដើម ឲ្យ​ជួយ​អន្តរាគមន៍​ទប់​ស្កាត់​សកម្មភាព​ទូក​បូម​ខ្សាច់​វៀតណាម ឲ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​ដូច្នេះ​ទេ ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ត្រូវ​បាក់​ចូល​​​ទន្លេ មាន​ទំហំ​កាន់​តែ​ច្រើន​ទៅ​ថ្ងៃ​អនាគត។

ពលរដ្ឋ​រស់​នៅ​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា សកម្មភាព​ទូក​បូម​ខ្សាច់​របស់​វៀតណាម គឺ​មាន​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ច្រក​បិទត្រាស់ ជា​អ្នក​ជួយ​កាង ឬ​ការពារ​សកម្មភាព​បូម​ខ្សាច់​ទាំង​នេះ ដោយ​ក្នុង​មួយ​ថ្ងៃៗ មាន​ទូក​វៀតណាមពី ៥​គ្រឿង ទៅ​ជិត ១០​គ្រឿង បាន​ចូល​មក​បូម​ខ្សាច់​ក្នុង​ទឹក​ដី​ស្រុក​​រមាសហែក ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​មក​ពី​ស្រែ ខ្ញុំ​ឃើញ​ទូក​បូម​ខ្សាច់ ៤ ទៅ ៥​គ្រឿង នៅ​គ្រប់​កន្លែង បូម​ពេល​ព្រឹក ពេល​ថ្ងៃ​ទល់​ល្ងាច។ ច្រាំង​ធ្លាប់​ដើម​ឈើ ដំបូង​បាក់​ធ្លាក់​ចូល​ទន្លេ​អស់​ហើយ។ មួយ​ថ្ងៃ​ទូក​បូម​ខ្សាច់​យួន​បួន​ដប់​គ្រឿង និង​បាក់​ដី ដើម​ឈើ​ចូល​ទន្លេ»

ទាក់ទង​បញ្ហា​នេះ លោក កែវ សៀត អនុ​ប្រធាន​ភូមិ​តាខុប ស្ថិត​ក្នុង​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ក៏​បាន​សំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​​​ស្ថាប័ន​កំពូលៗ​នៃ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​ទប់​ស្កាត់​សកម្មភាព​ទូក​វៀតណាម ដែល​បាន​​​ចូល​មក​បូម​ខ្សាច់​នៅ​ក្នុង​មូលដ្ឋាន​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

លោក កែវ សៀត បន្ថែម ៖ «បូម​ខ្សាច់​ដើម្បី​បំបាក់​ដី​ចូល​ច្រាំង​ទន្លេ។ ទូក​បូម​ខ្សាច់​សរុប​តាំង​ពី​កើត​មក​ឃើញ​មាន​ប្រហែល ២៥​ទូក ចំណុះ ៥០​គូប ៨០​គូប បូម​តាំង​ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៥។ មាន​ថ្ងៃ​ណា​មិន​ពេញ បើ​ថ្ងៃ​ណា​មិន​ពេញ​វា​បូម​រហូត​ដល់​ពាក់​កណ្ដាល​យប់»

បន្ថែម​លើ​នេះ លោក គង់ សាលៀង មេ​ឃុំ​កំពង់ត្រាច បាន​ទទួល​ស្គាល់​ថា សព្វថ្ងៃ​នេះ​ទូក​បូម​ខ្សាច់​វៀតណាម ពិត​ជា​បាន​ចូល​មក​​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ក្នុង​មូលដ្ឋាន​របស់​លោក​ដូច​ពលរដ្ឋ​លើក​ឡើង​ពិត​មែន។ លោក​ថា ករណី​នេះ​លោក​ធ្លាប់​បាន​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ស្រុក​ឲ្យ​ជួយ​ចាត់​វិធានការ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​បទល្មើស​ទាំង​នេះ​នៅ​តែ​បន្ត​កើត​មាន។

លោក​មេ​ឃុំ​បាន​អំពាវនាវ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លោក​ជួយ​មាន​វិធានការ​ទប់​ស្កាត់​​ភាព​អនាធិបតេយ្យ​នៃ​ទូក​បូម​ខ្សាច់​វៀតណាម ដែល​អាជ្ញាធរ​ព្រំដែន​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ឃុំ​កំពង់ត្រាច ក៏​ដូច​ជា​តាម​ឃុំ​មួយ​ចំនួន​ទៀត​ឲ្យ​បាន​ទាន់​ពេល​វេលា ប្រយោជន៍​ដើម្បី​រក្សា​ដី​ស្រែ​ចម្ការ​បង្កបង្កើន​​ផល​របស់​ពលរដ្ឋ កុំ​ឲ្យ​បាក់​ចូល​ទៅ​ក្នុង​ទន្លេ​បន្ត​ទៀត។

លោក គង់ សាលៀង បន្ថែម ៖ «ព្រោះ​វា​ឃើញ​ថា​វា ហិនហោច​អស់​ហើយ បាក់​ទាំង​ច្រាំង​ទន្លេ ទាំង​ដី​ប្រជាជន​ដល់​ដី​ស្រែ​ទៀត។ កន្លង​មក​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ស្រុក ស្រុក​បាន​ចុះ​ទៅ​មើល​ដែរ មិន​ដឹង​ជា​រាយការណ៍​ទៅ​ថ្នាក់​លើ​យ៉ាង​ម៉េច​ចេះ​តែ​ស្ងាត់ៗ​ទៅ ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា ម៉េច​ដែរ។ ប្រជាជន​រាយការណ៍​មក​ថា ឃើញ​តែ​ទូក​វៀតណាម អត់​ឃើញ​មាន​ខ្មែរ​ទេ ហើយ​ស្រឡាង​មាន​ទំហំ​ធំៗ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង ដើម្បី​បំភ្លឺ​ពី​កង្វល់​របស់​ពលរដ្ឋ​ចំនួន ៤​ឃុំ នៅ​ស្រុក​រមាសហែក ដែល​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ ផ្ដើម​ដោយ​ទូក​បូម​ខ្សាច់​របស់​ឈ្មួញ​វៀតណាម បាន​ទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា។ ប៉ុន្តែ​លោក ហែម សុគន្ធ អភិបាល​ស្រុក​រមាសហែក មាន​ប្រសាសន៍​ថា នឹង​ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​នៃ​ទូក​បូម​ខ្សាច់​របស់​​ឈ្មួញ​វៀតណាម មិន​ឲ្យ​ចូល​មក​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ​ទៀត​ទេ។

លោក ហែម សុគន្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ឥឡូវ​ខ្ញុំ​ក៏​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែរ តែ​ឥឡូវ​ខ្ញុំ​បាន​ចាត់​វិធានការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទៀត​ទេ»

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​ស្វាយរៀង បាន​លើក​ឡើង​ថា បទល្មើស​របស់​ទូក​បូម​ខ្សាច់​វៀតណាម ដែល​អាច​​​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ស្រុក​រមាសហែក ទៅ​បាន ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តាម​ព្រំដែន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ទើប​ឈ្មួញ​ហ៊ាន​ចូល​ទូក​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​វៀតណាម ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​បាន។

លោក ប្រាក់ សារ៉ាន់ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​បាក់​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ចូល​ទៅ​ក្នុង​​ទន្លេ បណ្ដាល​មក​ពី​សកម្មភាព​ទូក​បូម​ខ្សាច់​របស់​ឈ្មួញ​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា មាន​ប្រសាសន៍​ថា បើ​អាជ្ញាធរ​មិន​ទប់ស្កាត់​ទូក​​បូម​ខ្សាច់​កំពុង​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ស្រុក​រមាសហែក ឲ្យ​បាន​ទាន់​ពេល​​ទេ ពលរដ្ឋ​​​នឹង​បាត់បង់​ដី​បង្ក​បង្កើន​​​ផល​កាន់​តែ​ច្រើន​ទៅ​ថ្ងៃ​អនាគត។

លោក ប្រាក់ សារ៉ាន់ ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ប៉ះពាល់​ដី​ស្រែ​ធ្លាក់​ចូល​ក្នុង​ទន្លេ​គាត់​ថា ច្រើន​គ្រួសារ ហើយ​កន្លែង​ខ្លះ​បាក់​ដល់​ទៅ ៥០ ទៅ ៦០​ម៉ែត្រ ហើយ​គាត់​បាន​ប្រាប់​ថា ទូក​វៀតណាម ដែល​បាន​ចូល​មក​ហ្នឹង ឥឡូវ​ដល់​ទន្លេ​បាក់​ច្រាំង​ធំ​ទៅៗ ទូក​វៀតណាម ដែល​ចូល​មក​អា​ធំៗ​ច្រើន​មក​បូម​ខ្សាច់​ហ្នឹង ហើយ​ពេល​ខ្លះ​បូម​ពេល​យប់​ទៀត។ បារម្ភ​ណាស់​ទៅ​ថ្ងៃ​មុខ​ទៅ ខ្លាច​ស្រែ​គាត់​ដែល​មាន​តិចតួច​ហ្នឹង ខូចខាត​ដោយសារ​តែ​បាក់​ច្រាំង​ទន្លេ​ធ្លាក់​ទៅ ធ្វើ​ឲ្យ​គាត់​អនាគត​ទៅ​មុខ​គាត់​បាត់​ដី​ស្រែ​របស់​គាត់​នៅ​តាម​បណ្តោយ​មាត់​ទន្លេ»

ចំណែក​លោក នុត បូពិណ្ណារ័ត្ន មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ដោយ​ចង់​ឃើញ​ចំណាត់​ការ​របស់​​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ត្រូវ​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ទូក​បូម​ខ្សាច់​វៀតណាម កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ស្រុក​រមាសហែក ឲ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព។

លោក នុត បូពិណ្ណារ័ត្ន បន្ថែម ៖ «បើ​តាម​ការ​ពិនិត្យ​របស់​សង្គម​ស៊ីវិល​ដល់​កន្លែង​កើត​ហេតុ យើង​ព្រួយ​បារម្ភ​ជំនួស​ពលរដ្ឋ​ដែរ គឺ​យើង​មើល​ឃើញ​ជាក់​ស្ដែង កន្លែង​ខ្លះ​ដី​ស្រែ​បាន​បាក់​បាត់​អស់ ១​ស្រែ និង​កន្លែង​ខ្លះ​ពាក់​កណ្ដាល​ស្រែ​តែម្ដង ហើយ​បើ​មិន​ទប់ស្កាត់​របស់​ប្រជាជន​វៀតណាម ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ នឹង​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍ និង​ដី​ស្រែ​ពលរដ្ឋ​ទាំង​ស្រុង មិន​យូរ​​មិន​ឆាប់​បី​បួន​ឆ្នាំ​ខាង​មុខ​នឹង​បាក់​កាន់​តែ​ច្រើន។ រយៈ​ពេល​បី​ឆ្នាំ​សោះ​យើង​ឃើញ​ថា ការ​ខូចខាត​នូវ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​មាន​ទំហំ​កាន់​តែ​ធំ»

ក្រុម​ពលរដ្ឋ​មក​ពី ៤​ឃុំ ស្ថិត​ក្នុង​ស្រុក​រមាសហែក បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត ៤០០​គ្រួសារ បាន​ផ្តិត​ស្នាម​មេដៃ​ដើម្បី​ត្រៀម​ដាក់​ញត្តិ​ជូន​លោក​អភិបាល​ខេត្ត​ស្វាយរៀង ថ្នាក់ដឹកនាំ​ក្រសួង​ធនធាន​ទឹក ក្រសួង​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ទូក​បូម​ខ្សាច់​វៀតណាម ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។

ពលរដ្ឋ​បន្ត​ថា សកម្មភាព​បូម​ខ្សាច់​របស់​ឈ្មួញ​វៀតណាម ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​ស្រុក​រមាសហែក បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្លេះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១១ នេះ ទូក​បូម​ខ្សាច់​ទាំង​នេះ​បាន​ចូល​មក​ធ្វើ​សកម្មភាព​មាន​ចំនួន​កាន់​តែ​ច្រើន និង​មាន​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ច្រក​បិទត្រាស់ ធ្វើ​ជា​ខ្នង​បង្អែក​រង់ចាំ​ការពារ​ថែម​ទៀត​ផង៕