មន្រ្តីជំនាញផ្នែកសុខភាពនៅកម្ពុជាបានឲ្យដឹងថា មានការកើនទ្បើងយ៉ាងឆាប់រហ័សនៃជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បន្ថែមទៀតហើយ ដែលគិតមកដល់សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកកើតជំងឺផ្ដាសាយថ្មីនេះកើនឡើងដល់៤៤៤នាក់។
អ្នកដំណើរពាក់ម៉ាសមុខ ខណៈដើរកាត់ផ្សារមួយ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ៦ តុលា ២០០៩។
មន្រ្តីជំនាញនៃក្រសួងសុខាភិបាលប្រទេសកម្ពុជា បានអះអាងថា ប្រជាពលរដ្ឋដែលកើតជំងឺផ្តាសាយ A(H1N1) បានកើនទ្បើងរហូតដល់៤៤៤នាក់ហើយនៅពេលនេះ បើប្រៀបធៀបកាលពីសប្តាហ៍ថ្មីៗនេះ គឺចំនួន៣៩៤នាក់តែប៉ុណ្ណោះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយសារជំងឺនេះនៅមានចំនួនតែ៤នាក់ដដែលនៅឡើយទេ។
លោក លី សូវ៉ាន់ ជាអនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកានេះថា រដូវត្រជាក់កំពុងតែឈានមកដល់ ដូច្នេះជំងឺផ្តាសាយ A(H1N1) ងាយនឹងឆ្លងរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅពេលនេះ។
លោក លី សូវ៉ាន់ មានប្រសាសន៍ដូច្នេះ ៖ «ខែនេះខែត្រជាក់ ហើយជំងឺនេះបានបន្តៗចម្លងនៅសហគមន៍។ សំណូមពរដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ច ធ្វើតាមសាររបស់ក្រសួងសុខាភិបាល ទី១ គឺពេលគាត់ក្អក កណ្ដាស់ សូមឲ្យខ្ទប់មាត់ដោយក្រមា ឬកន្សែង ទី២សូមឲ្យឧស្សាហ៍លាងដៃជាមួយសាប៊ូ ទី៣ កុំខាកស្ដោះផ្ដេសផ្ដាស ហើយបើសិនជាមានសញ្ញាផ្ដាសាយ គ្រុនក្ដៅ ឈឺក ក្អក សូមឲ្យពាក់ម៉ាស់ជាបន្ទាន់ ហើយឧស្សាហ៍លាងដៃជាមួយសាប៊ូ ដើម្បីបង្ការការចម្លងទៅសមាជិកគ្រួសារនិងសហគមន៍ដទៃ»។
ស្របពេលដែលជំងឺផ្តាសាយ A(H1N1) កំពុងតែបន្តកើនទ្បើងគួរឲ្យព្រួយបារម្ភនោះ ក្រសួងសុខាភិបាលប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសណែនាំឲ្យនាយកសាលានានា និងថៅកែរោងចក្រឲ្យកម្មករពាក់ម៉ាស់ដើម្បីការពារការឆ្លងនៃជំងឺនេះ ៖ «ដើម្បីឲ្យគ្រូអាចធ្វើការអប់រំដល់សិស្សមុនពេលចូលរៀនហ្នឹង ហើយនិងតាមដានសុខភាពរបស់សិស្ស»។
ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញបានថែ្លងថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺនេះដល់កូនចៅ ៖ «ពីព្រោះថា កូនក្មេងវាមិនអាចពាក់(ម៉ាស់)រហូតបានដូចយើងមនុស្សចាស់ទេ បើសិនជាមានការចាក់ថ្នាំបង្ការការពារជារឿងមួយដែលយើងខ្ញុំជាប្រជាពលរដ្ឋហ្នឹងត្រេកអរខ្លាំងមែនទែន»។
លោកស្រី សែម សុគន្ធា តំណាងឲ្យរោងចក្រកាត់ដេរឈ្មោះ The World Best Cambodia Co., Ltd. ដែលមានកម្មករចំនួនជាង១.០០០នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា លោកស្រីបានតម្រូវឲ្យកម្មករនានានៅរោងចក្រនេះពាក់ម៉ាស់ការពារនូវការឆ្លង។
លោកស្រី សែម សុគន្ធា បានឲ្យដឹងដូច្នេះ ៖ «ខាងខ្ញុំនេះទើបតែទិញម៉ាស់ប្រហែលជាអាទិត្យមុនហ្នឹងចែកជូនពួកគេពាក់។ ទិញមក២.០០០ម៉ាស់ ប៉ុន្តែកម្មករខ្ញុំតែ១.៥០០នាក់ទេ យើងទិញលើសទៅឲ្យគេពាក់ការពារ ផ្ដាសាយច្រើនដែរហ្នឹង»។
ប្រភពពីមន្រ្តីក្រសួងសុខាភិបាលប្រទេសកម្ពុជាបានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានសន្យាថា នឹងផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺនេះចំនួន៣០ម៉ឺនដូសមកកម្ពុជា នៅចុងឆ្នាំ២០០៩ខាងមុខនេះ។
ក្រសួងសុខាភិបាលប្រទេសកម្ពុជា កាលពីថៃ្ងទី២៧ កក្កដាកន្លងទៅ បានប្រកាសឲ្យដឹងជាផ្លូវការអំពីករណីអ្នកកើតជំងឺផ្តាសាយ A(H1N1) ជាលើកដំបូងនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ៕
ក្មេងប្រុសម្នាក់នៅមណ្ឌលគិរីឆ្លងមេរោគគ្រុនផ្ដាសាយថ្មី A(H1N1)
អ្នកឆ្លងមេរោគA(H1N1)នៅកម្ពុជាកើនដល់៥៥៣ករណី
អ្នកឆ្លងមេរោគA(H1N1)នៅកម្ពុជាកើនដល់៥៥០ករណីហើយ
អ្នកឆ្លងមេរោគគ្រុនផ្ដាសាយA(H1N1)កើនដល់៥៤៤ករណី
អ្នកឆ្លងជំងឺផ្ដាសាយA(H1N1)នៅកម្ពុជាកើនដល់៥៣១នាក់ ស្លាប់៦
ចំនួនអ្នកឆ្លងមេរោគផ្ដាសាយA(H1N1)កើនឡើងដល់៤៨៧នាក់
មនុស្ស៨នាក់ថ្មីទៀតឆ្លងមេរោគគ្រុនផ្ដាសាយ A(H1N1)
កម្ពុជានឹងទទួលបានវ៉ាក់សាំងការពារជំងឺផ្ដាសាយថ្មីពីWHO
មន្ត្រីសុខាភិបាល៖ ពលរដ្ឋយកចិត្តទុកដាក់ក្នុងការការពារជំងឺផ្តាសាយថ្មី
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
please take care your health every time and every where bcaucus your health is important in our life.please people have to protect it by some way like wash your hand and protect your mouth all time because this Vurus join into someone to someone by air.so take care your health for develope our country.
2009-11-20 19:16
មើលមតិទាំងអស់.