មន្រ្តីជំនាញនៃក្រសួងសុខាភិបាលប្រទេសកម្ពុជា បានអះអាងថា ប្រជាពលរដ្ឋដែលកើតជំងឺផ្តាសាយ A(H1N1) បានកើនទ្បើងរហូតដល់៤៤៤នាក់ហើយនៅពេលនេះ បើប្រៀបធៀបកាលពីសប្តាហ៍ថ្មីៗនេះ គឺចំនួន៣៩៤នាក់តែប៉ុណ្ណោះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយសារជំងឺនេះនៅមានចំនួនតែ៤នាក់ដដែលនៅឡើយទេ។
លោក លី សូវ៉ាន់ ជាអនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកានេះថា រដូវត្រជាក់កំពុងតែឈានមកដល់ ដូច្នេះជំងឺផ្តាសាយ A(H1N1) ងាយនឹងឆ្លងរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅពេលនេះ។
លោក លី សូវ៉ាន់ មានប្រសាសន៍ដូច្នេះ ៖ «ខែនេះខែត្រជាក់ ហើយជំងឺនេះបានបន្តៗចម្លងនៅសហគមន៍។ សំណូមពរដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជានិច្ច ធ្វើតាមសាររបស់ក្រសួងសុខាភិបាល ទី១ គឺពេលគាត់ក្អក កណ្ដាស់ សូមឲ្យខ្ទប់មាត់ដោយក្រមា ឬកន្សែង ទី២សូមឲ្យឧស្សាហ៍លាងដៃជាមួយសាប៊ូ ទី៣ កុំខាកស្ដោះផ្ដេសផ្ដាស ហើយបើសិនជាមានសញ្ញាផ្ដាសាយ គ្រុនក្ដៅ ឈឺក ក្អក សូមឲ្យពាក់ម៉ាស់ជាបន្ទាន់ ហើយឧស្សាហ៍លាងដៃជាមួយសាប៊ូ ដើម្បីបង្ការការចម្លងទៅសមាជិកគ្រួសារនិងសហគមន៍ដទៃ»។
ស្របពេលដែលជំងឺផ្តាសាយ A(H1N1) កំពុងតែបន្តកើនទ្បើងគួរឲ្យព្រួយបារម្ភនោះ ក្រសួងសុខាភិបាលប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក បានប្រកាសណែនាំឲ្យនាយកសាលានានា និងថៅកែរោងចក្រឲ្យកម្មករពាក់ម៉ាស់ដើម្បីការពារការឆ្លងនៃជំងឺនេះ ៖ «ដើម្បីឲ្យគ្រូអាចធ្វើការអប់រំដល់សិស្សមុនពេលចូលរៀនហ្នឹង ហើយនិងតាមដានសុខភាពរបស់សិស្ស»។
ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញបានថែ្លងថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺនេះដល់កូនចៅ ៖ «ពីព្រោះថា កូនក្មេងវាមិនអាចពាក់(ម៉ាស់)រហូតបានដូចយើងមនុស្សចាស់ទេ បើសិនជាមានការចាក់ថ្នាំបង្ការការពារជារឿងមួយដែលយើងខ្ញុំជាប្រជាពលរដ្ឋហ្នឹងត្រេកអរខ្លាំងមែនទែន»។
លោកស្រី សែម សុគន្ធា តំណាងឲ្យរោងចក្រកាត់ដេរឈ្មោះ The World Best Cambodia Co., Ltd. ដែលមានកម្មករចំនួនជាង១.០០០នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា លោកស្រីបានតម្រូវឲ្យកម្មករនានានៅរោងចក្រនេះពាក់ម៉ាស់ការពារនូវការឆ្លង។
លោកស្រី សែម សុគន្ធា បានឲ្យដឹងដូច្នេះ ៖ «ខាងខ្ញុំនេះទើបតែទិញម៉ាស់ប្រហែលជាអាទិត្យមុនហ្នឹងចែកជូនពួកគេពាក់។ ទិញមក២.០០០ម៉ាស់ ប៉ុន្តែកម្មករខ្ញុំតែ១.៥០០នាក់ទេ យើងទិញលើសទៅឲ្យគេពាក់ការពារ ផ្ដាសាយច្រើនដែរហ្នឹង»។
ប្រភពពីមន្រ្តីក្រសួងសុខាភិបាលប្រទេសកម្ពុជាបានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានសន្យាថា នឹងផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺនេះចំនួន៣០ម៉ឺនដូសមកកម្ពុជា នៅចុងឆ្នាំ២០០៩ខាងមុខនេះ។
ក្រសួងសុខាភិបាលប្រទេសកម្ពុជា កាលពីថៃ្ងទី២៧ កក្កដាកន្លងទៅ បានប្រកាសឲ្យដឹងជាផ្លូវការអំពីករណីអ្នកកើតជំងឺផ្តាសាយ A(H1N1) ជាលើកដំបូងនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ៕
