សេចក្តីបង្គាប់នេះ ធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ហើយទើបបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២១ ខែសីហា។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ កម្មកររោងចក្រតៃណាន បានមកប្រមូលផ្តុំគ្នា នៅក្រសួងសង្គមកិច្ច ស្នើឲ្យជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ទទួលយកពួកគេចូលរួមធ្វើការ និងស្នើដកពាក្យបណ្ដឹងកម្មករជិត៤០នាក់ ពីតុលាការ ដែលថៅកែបានប្ដឹងក្នុងអំឡុងពេលចូលរួមធ្វើកូដកម្ម។
លោក អ៊ិត សំហេង បានសង្កត់ធ្ងន់ក្នុងលិខិតថា ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ចប់ការធ្វើកូដកម្ម ឬបាតុកម្ម របស់កម្មកររោងចក្រតៃណាន តទៅទៀត លោកស្នើឲ្យក្រុមហ៊ុនទទួលយកកម្មករបានចូលធ្វើឲ្យបានគ្រប់គ្នាវិញ។
ទោះយ៉ាងណា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកបានចាត់ទុកការចេញលិខិតបង្គាប់របស់លោក អ៊ិត សំហេង ថា មិនទាន់ឆ្លើយតបតាមការទាមទាររបស់ក្រុមកម្មករទេ។
លោកស្នើឲ្យលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជួយជំរុញទៅថៅកែរោងចក្រតៃណាន ត្រូវតែដោះស្រាយសំណងឲ្យស្របតាមច្បាប់ស្ដីពីការងារជូនកម្មករ ក្នុងករណីថៅកែក្រុមហ៊ុនបានប្តូរឈ្មោះក្រុមហ៊ុន ហើយគេចមិនទទួលខុសត្រូវចំពោះកម្មករ។
លោក រ៉ុង ឈុន៖ «យើងចង់ឲ្យស្ថាប័នពាក់ព័ន្ធមានក្រសួងការងារ ក្រសួងសង្គមកិច្ច ក៏ដូចជាអ្នកកុម្ម៉ង់ទិញ ត្រូវតែពិនិត្យមើលឡើងវិញ ហើយជំរុញធ្វើយ៉ាងណា ដើម្បីផ្តល់ដំណោះស្រាយជូនបងប្អូនកម្មករកម្មការិនី ទៅតាមផ្លូវច្បាប់ជូនពួកគាត់។ ពីព្រោះរោងចក្រនេះ បើយើងពិនិត្យរាល់ឯកសារ ឃើញថា រោងចក្រនេះបានប្ដូរឈ្មោះ ហើយមិនបានជូនដំណឹងដល់កម្មករ។ ត្រង់ចំណុចនេះហើយ ដែលជាកំហុសរបស់និយោជក និយោជកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។
កម្មកររោងចក្រតៃណាន អតីតរោងចក្រតៃយៀន ទី១ ទី២ និងខេមវែល មានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើកូដកម្មពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ មកម្ល៉េះ។ ប៉ុន្តែមកដល់ថ្ងៃទី២១ ខែសីហា មិនទាន់មានមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ចប់ជម្លោះទេ។
ទោះយ៉ាងណា លោក អ៊ូ ម៉េងហ៊ួរ អគ្គនាយកក្រុមហ៊ុនតៃណាន ឬតៃយៀន បានឲ្យដឹងថា ក្រុមហ៊ុនលោកបានអនុវត្តតាមលិខិតបង្គាប់ការរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចហើយ។ លោកអះអាងថា រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ មានកម្មករតិចតួចទេ ក្នុងចំណោមកម្មករជាង៤ពាន់នាក់ បម្រើការក្នុងក្រុមហ៊ុនលោក បានព្រមទទួលយកសំណងដែលក្រុមហ៊ុនផ្តល់ជូនចំនួន៧០ដុល្លារ សម្រាប់កម្មករម្នាក់ក្នុង១ឆ្នាំ។
លោកបន្តថា ដោយសារតែកម្មករបានធ្វើកូដកម្ម ក្រុមហ៊ុនលោកត្រូវប្រកាសបិទទ្វារចាប់ពីខែសីហា នេះតទៅ ព្រោះគ្មានអ្នកកុម្ម៉ង់ទិញផលិតផលសម្លៀកបំពាក់ពីក្រុមហ៊ុនលោកទៀតទេ ហើយកម្មករជាង៤ពាន់នាក់ ក៏ត្រូវបាត់បង់ការងារធ្វើ៖ «យើងយកលុយបាន៩៨% សម្រាប់កម្មករសរុប៤.៥០០នាក់ នៅសល់តែ២%ទៀតទេ ដែលមិនទាន់យក គឺស្មើកម្មករចំនួន៩០នាក់។ ក្នុងចំណោម៩០នាក់ហ្នឹង មានកម្មករខ្លះគេទៅធ្វើស្រែអស់ហើយ មានខ្លះទៅធ្វើការរោងចក្រផ្សេង ដែលពួកគេឈប់អត់មានដំណឹង»។
កម្មករកម្មការិនីរោងចក្រតៃណាន ឬតៃយៀន ទី១ ទី២ និងខេមវែល បានធ្វើកូដកម្មទារឲ្យភាគីនិយោជក ឬថៅកែក្រុមហ៊ុន ផ្តល់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ស្ដីពីការងារលើ៥ចំណុច ឬស្នើ១៧០ដុល្លារអាមេរិក ក្នុង១ឆ្នាំ សម្រាប់កម្មករម្នាក់ និងសុំឲ្យនិយោជកផ្តល់ប្រាក់អត្ថប្រយោជន៍យ៉ាងតិច ចំនួន១៣៥ដុល្លារ ក្នុង១ឆ្នាំ សម្រាប់កម្មករម្នាក់។
កូដកម្មនេះ ក្រុមកម្មករបានស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃរាជរដ្ឋាភិបាល មានក្រសួងការងារ ក្រសួងសង្គមកិច្ច ខុទ្ទកាល័យប្រមុខដឹកនាំ ស្ថានទូតបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប មានសហរដ្ឋអាមេរិកជាដើម ដើម្បីជួយអន្តរាគមន៍ដល់ពួកគេ ប៉ុន្តែពួកគេអះអាងថា ខាងភាគីក្រុមហ៊ុនមិនបានដោះស្រាយជូនកម្មករទេ ទើបកម្មករបន្តធ្វើកូដកម្មបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
