មន្ត្រី​ស្ថានទូត​អាមេរិក មិន​ជួប​តំណាង​កម្មករ​រោងចក្រ​តៃណាន

មន្ត្រី​សហជីព និង​តំណាង​កម្មករ​រោងចក្រ​តៃយៀន ឬ​តៃណាន បាន​ប្រមូល​ផ្តុំ​គ្នា និង​លើក​បដា​តវ៉ា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរ​ជា​ត្រូវ​ខក​ចិត្ត ព្រោះ​មិន​មាន​មន្ត្រី​ស្ថានទូត​ណា​ម្នាក់​ចេញ​មុខ​មក​ជួប​កម្មករ​ទេ ទោះ​បី​ពួក​គេ​ឈរ​លើក​បដា​ក្រោម​កម្ដៅ​ថ្ងៃ​អស់​រយៈពេល​ជាច្រើន​ម៉ោង​យ៉ាង​ណា​ក្តី។
ដោយ ដែន អយុធ្យា
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រ៉ុង ឈុន និង​កម្មករ​តៃណាន ៣០៥
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​កម្មករ​រោងចក្រ​តៃណាន ឈរ​លើក​បដា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Den Ayuthea

មន្ត្រី​សហភាព​សហជីព​កម្ពុជា និង​តំណាង​កម្មករ​រោងចក្រ​តៃណាន (Tai Nan) អតីត​រោងចក្រ​តៃយៀន (Tai Yean) ទី១ ទី២ និង​ខេមវែល (Camwell) ប្រមាណ​២០​នាក់ បាន​ឈរ​លើក​បដា​ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។

តំណាង​កម្មករ​រោងចក្រ​តៃណាន លោកស្រី សុខ ហេង ដែល​បាន​ឈរ​លើក​បដា​ក្រោម​កម្ដៅ​ថ្ងៃ​វេលា​ម៉ោង​១១​ព្រឹក ពី​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សម្ដែង​ការ​ខក​ចិត្ត នៅ​គ្រា​ឃើញ​ទង្វើ​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ស្រដៀង​គ្នា​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​មិន​សូវ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ឬ​កម្មករ​កន្លង​មក។

លោកស្រី សុខ ហេង ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ប្រមូល​ផ្តុំ​របស់​កម្មករ​នៅ​មុខ​ស្ថានទូត ដើម្បី​ចង់​ដឹង​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​របស់​ពួក​គេ ជូន​ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ខែ​កក្កដា នោះ តើ​មន្ត្រី​ស្ថានទូត​បាន​ជួយ​គិតគូរ​បាន​កម្រិត​ណា។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ កម្មករ​រោងចក្រ​តៃណាន ប្រមាណ​៥០​នាក់ បាន​ដាក់​ញត្តិ​ដាក់​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ធំៗ ដែល​បញ្ជា​ទិញ​សម្លៀកបំពាក់​ពី​ក្រុមហ៊ុន​តៃណាន ឲ្យ​ជួយ​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​នេះ ផ្តល់​សំណង​ជូន​ពួក​គេ​លើ​ករណី​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​បាន​ដឹកនាំ​កម្មករ​រោងចក្រ​តៃណាន មក​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក លោក​បាន​សោកស្ដាយ និង​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​គេច​មិន​ចេញ​មក​ជួប​កម្មករ។

ទោះ​យ៉ាង​ណា មេ​ដឹកនាំ​សហជីព​កម្មករ​រូប​នេះ មិន​ទាន់​លះបង់​ការ​តស៊ូ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច​សហរដ្ឋអាមេរិក ទេ ប៉ុន្តែ​លោក​ថា នឹង​មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ នា​ថ្ងៃ​ខាង​មុខ ដើម្បី​ស្នើ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ម្តង​ទៀត។

ទាក់​ទង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី បាន​ផ្ញើ​សំណួរ​តាម​រយៈ​អ៊ីមែល​ជូន​លោក វីល្លៀម ថត (William Todd) ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ខកខាន​មិន​បាន​ចេញ​មុខ​ជួប​កម្មករ​រោងចក្រ​តៃណាន នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា។

កម្មករ​រោងចក្រ​តៃណាន អតីត​រោងចក្រ​តៃយៀន​ទី១ ទី២ និង​ខេមវែល មាន​ទីតាំង​នៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​កូដកម្ម​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១២ មក​ម្ល៉េះ។ ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា មិន​ទាន់​មាន​មន្ត្រី​ក្រសួង ឬ​ស្ថាប័ន​ផ្នែក​ណា​មួយ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ទេ។

តំណាង​កម្មករ​ម្នាក់​ទៀត ឈ្មោះ ខឺន កុសល បាន​អះអាង​ថា សព្វ​ថ្ងៃ​នេះ តំណាង​រោងចក្រ​តៃណាន បាន​ចោទ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ថា ជា​ទង្វើ​ខុស​ច្បាប់ ប៉ុន្តែ​តំណាង​រោងចក្រ​បាន​ព្យាយាម​ទិញ​ទឹក​ចិត្ត​តំណាង​កម្មករ ជា​ថ្នូរ​មិន​ឲ្យ​បន្ត​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​បន្ត​ទៀត។

ការ​ធ្វើ​កូដកម្ម​នេះ ក្រុម​កម្មករ​បាន​ទាមទារ​ឲ្យ​ភាគី​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន ផ្តល់​ប្រាក់​អត្ថប្រយោជន៍​តាម​ច្បាប់​ស្ដីពី​ការងារ​លើ ៥​ចំណុច ឬ​ស្នើ ១៧០​ដុល្លារ​អាមេរិក ក្នុង​១ឆ្នាំ សម្រាប់​កម្មករ​ម្នាក់ និង​សុំ​ឲ្យ​និយោជក​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​យ៉ាង​តិច​ចំនួន​១៣៥​ដុល្លារ ក្នុង​១ឆ្នាំ​សម្រាប់​កម្មករ​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ការបែកបាក់សាមគ្គីរវាងរ៉ុងឈុន និងជាមុនី បានធ្វើឲ្យមានការខកចិត្តពីសាធារណៈជន រាប់ទាំងអន្តរជាតិផងដែរ។ រវាងអ្នកទាំងពីរនេះ តើអ្នកណាមួយជាអ្នកធ្វើការដើម្បីផលប្រយោជន៏កម្មករពិតប្រាកដ?

Aug 19, 2012 01:55 AM

កូន ខ្មែរ

ពី ភព

គួរតែធ្វើការណាត់ជួបជាមិនទើបមិនមានការយល់ខុស។

Aug 17, 2012 07:22 PM

CheyVorman007

ពី AngKor Wat

សូមកុំអស់សង្ឃឹម សូមមានជំនឿទៅលើមនុស្សដែលមកពី
ប្រទេសមហាអំណាចសេរី ទោះជាគេជាមនុស្សគរក៏គេគង់
ព្យាយាមគូសវាសជាសញ៉ាប្រាប់គ្នាអោយដឹងអោយយល់ដែរ
កុំរារថយក្នុងការបព្ចោញមតិ តក់ៗពេញបំពង់

Aug 17, 2012 12:30 PM

ពលរដ្ឋ

ពី ភ្នំពេញ

មានតែ ២០នាក់ទេមកតវ៉ា? លោកឈុន ត្រូវរហូត គ្រាន់តែគេមិនចេញមកជួបក៏គេខុស។ តិចទៀតលោកឈុន ថាព្រះធ្វើខុសទៀត ព្រោះបន់ព្រះអោយជួយ ប៉ុន្តែព្រះអត់ជួយ។

Aug 17, 2012 11:13 AM

អ្នក​អាន​អនាមិក

Come to see you or don't come to see you, he still got paid the same thing.

Aug 16, 2012 09:47 AM

មើល​មតិ​ទាំង​អស់.