កម្មករសហគ្រាសកាត់ដេរ តាយ យៀន បានឲ្យដឹងថា ការបិទផ្លូវជាតិលេខ ៤ ជាជម្រើសចុងក្រោយ របស់ពួកគេ ដើម្បីស្នើឲ្យក្រសួងការងារ និងថៅកែក្រុមហ៊ុននេះចេញមុខដោះស្រាយលក្ខខណ្ឌ ៥ចំណុចដែលកម្មករទាមទារ។
កម្មករឲ្យដឹងថា លក្ខខណ្ឌ ៥ចំណុចដែលពួកគេទាមទារមានដូចជា៖ ស្មើឲ្យក្រុមហ៊ុនទូទាត់ប្រាក់អត្ថប្រយោជន៍ជូនកម្មករលើករណីថៅកែបានប្តូរឈ្មោះក្រុមហ៊ុន។ ស្នើផ្តល់ប្រាក់ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ១៥ដុល្លារក្នុង១ខែ។ ស្នើដំឡើងប្រាក់រង្វាន់ទៀងទាត់ ១៥ដុល្លារក្នុង១ខែ។ ស្នើដំឡើងប្រាក់ថ្លៃទឹកដោះគោចំនួន ១៥ដុល្លារក្នុង១ខែ និងស្នើក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី ៣ថ្ងៃឡើងទៅ។
កម្មករសហគ្រាស តាយយៀន ដែលគ្រប់គ្រងរោងចក្រ តាយយៀនទី១ តាយយៀនទី២ និងខេមវែល (CAMWELL) បានធ្វើកូដកម្មអហិង្សាពីមុខរោងចក្រ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា មកម្ល៉េះ។ ប៉ុន្តែបន្ទាប់ពីថៅកែក្រុមហ៊ុនបានចាក់មីក្រូរំខានការប្រមូលផ្ដុំ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ក្រុមកម្មករក៏បានបង្វែទិសដៅមកឈរបិទផ្លូវជាតិលេខ ៤ ដើម្បីស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ឲ្យជួយដោះស្រាយវិវាទជូនពួកគេវិញ។
ក្រុមកម្មករបានស្នើដូច្នេះ៖ «ជួយដោះស្រាយជូនបងប្អូនកម្មករឲ្យទទួលបានផលគ្រប់គ្នាមក គឺទាមទារយកតែ ៥ចំណុចទេ។ សូមឲ្យក្រុមហ៊ុនគិតពីច្បាប់ជូនកម្មករនៅពេលនោះកម្មករចូលធ្វើការវិញហើយ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចូលរួមជួយទាមទារសិទ្ធិជូនកម្មករ។ លោកបានទទូចឲ្យថ្នាក់ដឹកនាំក្រសួងការងារត្រូវពន្លឿនដំណោះស្រាយវិវាទជូនកម្មករឲ្យបានឆាប់ ដើម្បីកុំឲ្យកូដកម្មអូសបន្លាយពេលយូរថ្ងៃ ឬរីករាលដាលធ្ងន់ធ្ងរទៅថ្ងៃមុខ។
លោក រ៉ុង ឈុន៖ «ផ្ដល់ដំណោះស្រាយឲ្យជាបន្ទាន់ទៅ បើមិនដូច្នេះទេនៅថ្ងៃស្អែកទី៥ ខែកក្កដា ខ្ញុំនឹងហែក្បួនតទៅទៀត ហើយបើមានការរាំងស្ទះនៅខាងមុខ គឺបិទផ្លូវទៀតហើយ ព្រោះយើងបានជូនដំណឹងតាមនីតិវិធីហើយ។ យើងធ្វើនេះក៏ស្របតាមនីតិវិធីដែរ ដោយសារតែរោងចក្របានបំពងសំឡេងមកដល់កម្មករ»។
លោក សាត សមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចុះជួបកម្មករដល់ទីតាំងបិទផ្លូវ បានសន្យាថា នឹងជួយដោះស្រាយវិវាទជូនកម្មករឲ្យបានពេលឆាប់។ ប៉ុន្តែលោកស្នើសុំពេលវេលាដើម្បីជួបពិភាក្សាជាមួយថៅកែក្រុមហ៊ុនមួយរយៈពេល។
លោក សាត សមុទ្រ៖ «បើមិនជឿថា ខ្ញុំដោះស្រាយបងប្អូនចាំមើលទៅ សំបុត្រស្នាមថ្ងៃស្អែកហ្នឹងឃើញហើយ។ សំបុត្រស្នាមហ្នឹងត្រូវធ្វើយ៉ាងម៉េច ហើយតុលាការបានអនុវត្តដល់ត្រឹមណា យើងយកមកពិនិត្យរួមគ្នា។ ខ្ញុំសន្យាថា មិនឲ្យបាត់ប្រយោជន៍បងប្អូនទេ ខ្ញុំសូមធានា»។
បន្ទាប់ពីលោកបានសន្យាដោះស្រាយវិវាទជូនកម្មករ កម្មករក៏បានបើកផ្លូវជាតិលេខ ៤ ឲ្យចរាចរណ៍ឆ្លងកាត់ឡើងវិញ នៅវេលាម៉ោង ២រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២។
ទាក់ទងបញ្ហានេះ លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ដែលចុះអង្កេតការប្រមូលផ្តុំគ្នារបស់កម្មករដល់ទីតាំងបិទផ្លូវ បានរិះគន់ចំពោះនីតិវិធីដោះស្រាយវិវាទរបស់ស្ថាប័នពាក់ព័ន្ធ ថាមានភាពកំសោយ និងបានគាំទ្រភាគីក្រុមហ៊ុន។
លោក ចាន់ សុវ៉េត៖ «មានការទាមទារ ៥ចំណុចប៉ុណ្ណឹង បើសិនជាយើងជានានឹងគ្នា ប្រសិនជាយើងអាចដោះស្រាយគ្នាបាន។ ផ្ទុយទៅវិញ បញ្ហាដោះស្រាយហ្នឹងអត់មានអ្នកណាហ៊ានចេញមុខជាមួយកម្មករ។ អ៊ីចឹងហើយបាននាំឲ្យកម្មករនាំគ្នាមកធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ នៅម៉ោង ៨ព្រឹក ថ្ងៃទី៤ ខែកក្កដា»។
លោកថ្លែងថា វិវាទការងារនៅសហគ្រាសកាត់ដេរ តាយយៀន ដែលអូសបន្លាយពេលច្រើនថ្ងៃអាចបណ្ដាលមកពីមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីតុលាការខេត្តកណ្ដាលជាដើម បានឃុបឃិតគ្នាជាមួយថៅកែក្រុមហ៊ុន។
ទោះយ៉ាងណា លោក រ៉ុង ឈុន បានឲ្យដឹងថា បើក្រសួងការងារមិនជួយរកដំណោះស្រាយជូនកម្មករឲ្យបានសមរម្យទេ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៧ព្រឹក រូបលោកនឹងដឹកនាំក្រុមកម្មករដើរហែក្បួនថ្មើរជើងពីទីតាំងសហគ្រាសកាត់ដេរ តាយយៀន ស្ថិតក្នុងឃុំបែកចាន ស្រុកស្នួល ខេត្តកណ្ដាល ឆ្ពោះមកផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាទីក្រុងភ្នំពេញ ដើម្បីស្នើឲ្យលោកជួយមានវិធានការបន្តទៀត។
កូដកម្មបិទផ្លូវជាតិលេខ ៤ ក៏មានកម្លាំងប៉ូលិស និងប៉េអិម រាប់សិបនាក់បានដាក់ពង្រាយជុំវិញពិធីប្រមូលផ្ដុំរបស់កម្មករដែរ ប៉ុន្តែមិនមានប្រើអហិង្សាណាមួយកើតឡើងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
